ថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១
កិច្ចការនៃពួកសាវ័ក (ជំពូកទី-៤២)៖ ជំពូកនេះមានមូលដ្ឋាននៅក្នុងគម្ពីរកិច្ចការជំពូក២៧ និង២៨:១-១០។
ការធ្វើដំណើរនិងការលិចសំពៅ
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ យ៉ូបជំពួក១៤
នៅទីបំផុត លោកប៉ុលក៏បានធ្វើដំណើរទៅកាន់ទីក្រុងរ៉ូម។ លោកលូកា បានសរសេរថា «កាលបានសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុក អ៊ីតាលីក៏ប្រគល់ប៉ុល និងអ្នកទោសខ្លះទៀត ឲ្យមេទ័ពរងម្នាក់ ឈ្មោះ យូលាស ក្នុងកងទ័ពអូគូស្ទ យើងចុះសំពៅមួយពីស្រុកអាត្រាមីត ដែលរៀបនឹងបើកទៅតាមឆ្នេរសមុទ្រស្រុកអាស៊ី ហើយបើកទៅ មានទាំងអើរីស្តាតជាសាសន៍ ម៉ាសេដូន ដែលនៅក្រុងថែស្សាឡូនីចទៅជាមួយផង»។
នៅសតវត្សរ៍ទីមួយនៃសម័យគ្រិស្តសាសនា ការធ្វើដំណើរតាមសមុទ្រ ត្រូវជួបប្រទះនឹងការលំបាកនិងគ្រោះថ្នាក់ចម្លែកៗ ជាច្រើន ។ ពួកនាវិកបានតម្រង់ទិសដៅសំពៅរបស់ពួកគេទៅតាមទីតាំងព្រះអាទិត្យនិងផ្កាយ ហើយនៅពេលដែលមិនមានព្រះអាទិត្យនិងផ្កាយទេ ហើយនៅគ្រាមានព្យុះបោក បក់ ម្ចាស់នាវាមានការភ័យខ្លាចក្រែងសំពៅត្រូវវិលវល់នៅក្នុងលម្ហសមុទ្រ។ ផ្នែកនៃរដូវខ្លះ ការដឹកជញ្ជូនតាមផ្លូវទឹកសឹងតែមិនមានសុវត្ថិភាពទាល់តែសោះ។
ឥឡូវនេះ សាវ័កប៉ុលត្រូវបានគេហៅឲ្យទ្រាំទ្រនឹងបទពិសោធន៍ដ៏លំបាក ដែលលោកនឹងត្រូវទទួលជោគវាសនាជាអ្នកទោស ជាប់ច្រវាក់ នៅក្នុងអំឡុងពេលនៃការធ្វើដំណើរដ៏វែងឆ្ងាយទៅស្រុកអ៊ីតាលី ។ មានឱកាសមួយ ការពិបាករបស់លោកត្រូវបានគេបន្ធូរបន្ថយ ដោយគេបានអនុញ្ញាតឲ្យលោក លូកា និងអ័រីស្ដាក រួមដំណើរជាមួយនឹងលោក ។ ក្រោយមក នៅក្នុងសំបុត្ររបស់លោកទៅកាន់ពួកជំនុំនៅទីក្រុងកូឡូសលោកបានហៅអ្នកទាំងពីរនោះ ថាជា «អ្នកជាប់គុកជាមួយខ្ញុំ» ប៉ុន្តែ អើរីស្តាក សុខចិត្តចូលរួមចំណែកទទួលរងការជាប់ឃុំឃាំងជាមួយលោកប៉ុល គឺដើម្បីឲ្យគាត់អាចបម្រើលោកនៅក្នុងការរងទុក្ខនេះប៉ុណ្ណោះ។
ការធ្វើដំណើរក៏បានចាប់ផ្ដើមយ៉ាងលឿន ។ លុះស្អែកឡើងពួកគេបានចូលចតនៅស៊ីដូន ។ នៅទីនេះ លោកយូលាសដែលជានាយទាហាន «បានប្រព្រឹត្តនឹងប៉ុលដោយសប្បុរស» ហើយបានប្រាប់លោកឲ្យដឹងថាមានពួកគ្រិស្តបរិស័ទនៅកន្លែងនោះ ហើយ «បានបើកឲ្យគាត់ទៅសួរសុខទុក្ខពួកសម្លាញ់ និងទទួលរបស់អ្វីដែលគេជូនដល់គាត់ដែរ» ។ ការអនុញ្ញាតនេះបានធ្វើឲ្យសាវ័កប៉ុល ដែលកំពុងមានសុខភាពទន់ខ្សោយ កោតសរសើរជាខ្លាំង។
ពេលចាកចេញពីស៊ីដូន សំពៅក៏បានបើកបញ្ច្រាសខ្យល់ ហើយត្រូវបានបង្វែរចេញពីទិសដៅដែលធ្វើឲ្យដំណើរនេះមានភាពយឺតយ៉ាវ។ នៅមីរ៉ាក្នុងខេត្តលូគាលោកមេទ័ពបានរកឃើញសំពៅមួយមកពីអាលេក្សានទ្រា ដែលធ្វើដំណើរទៅស្រុកអ៊ីតាលី ហើយលោកមេទ័ពក៏បានផ្ទេរពួកអ្នកទោសទៅកាន់សំពៅនោះជាបន្ទាន់ ។ ប៉ុន្តែ ខ្យល់នៅតែបក់បញ្ច្រាសទិសនឹងសំពៅដដែល ដែលធ្វើឲ្យការធ្វើដំណើរមានការពិបាកជាខ្លាំង ។ លោកលូកាបានសរសេរថា «កាលបើកបន្តិចៗទៅជាយូរថ្ងៃ ក៏មកទន្ទឹមនឹងគ្នីដុស ដោយពិបាកណាស់ ពីព្រោះខ្យល់មិនស្រួលសោះ នោះយើងបើកសសៀរចូលទៅតាមកោះក្រេត ទល់មុខនឹងជ្រោយសាលម៉ូន បើកទៅតាមកោះនោះ ដោយពិបាកណាស់ ក៏ដល់កន្លែងមួយហៅថា ទ្វារសមុទ្រលម្អ»។
ពួកគេបានបង្ខំចិត្តសម្រាកនៅត្រង់ទ្វារសមុទ្រលម្អនេះ មួយរយៈ ដើម្បីរង់ចាំឲ្យខ្យល់ស្ងប់បន្តិច ។ រដូវរងានឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ «កាលសំពៅណាបើកទៅនឹងមានអន្តរាយ» ហើយពួកអ្នកទទួលខុសត្រូវក្នុងសំពៅ អស់សង្ឃឹមថានឹងទៅដល់ទិសដៅរបស់ពួកគេមុនរដូវរងាចូលមកដល់ ព្រោះការធ្វើដំណើរតាមសមុទ្រត្រូវចំណាយពេលជិតមួយឆ្នាំឯណោះ ។ ឥឡូវនេះ សំណួរតែមួយគត់ដែលត្រូវសម្រេចចិត្តនោះគឺ តើត្រូវបន្តស្នាក់នៅទ្វារសមុទ្រនេះ ឬក៏ត្រូវប៉ុនប៉ងធ្វើដំណើរទៅមុខឲ្យដល់កន្លែងដែលអំណោយផលជាងនេះ ដើម្បីសម្រាកនៅរដូវរងា។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ប៉ុលអើយ កុំខ្លាចអ្វីឡើយ ត្រូវឲ្យអ្នកឈរនៅមុខសេសារ ហើយមើល ព្រះទ្រង់បានអនុញ្ញាតឲ្យអស់អ្នក ដែលដើរដំណើរជាមួយនឹងអ្នកដែរ ដូច្នេះ អ្នករាល់គ្នាអើយ ចូរសង្ឃឹមឡើង ព្រោះខ្ញុំជឿព្រះថា ការដែលទ្រង់មានព្រះបន្ទូលមកខ្ញុំនឹងកើតមកដូច្នោះមែន។ ( កិច្ចការ ២៧:២៤-២៥ )។