ថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ។ យ៉ាកុប ១:១៧
តាំងតែពីដើមដំបូងនៃមហាវិវាទនៅស្ថានសួគ៌មក គោលបំណងរបស់សាតាំងគឺដើម្បីបំបាត់ក្រឹត្យវិន័យរបស់ព្រះ។ ទោះជាការនេះនឹងបានសម្រេច ដោយបំបាត់ក្រឹត្យវិន័យទាំងអស់ចោល ឬដោយបដិសេធតែសិក្ខាបទណាមួយលទ្ធផលគឺដូចគ្នាទេ។ អ្នកដែលប្រព្រឹត្តល្មើស «ក្នុងបទណាមួយ» គឺបង្ហាញសេចក្តីសម្អប់ដល់ក្រឹត្យវិន័យទាំងមូល ហើយឥទ្ធិពល និងគំរូរបស់គេគឺស្ថិតនៅខាងសេចក្តីប្រព្រឹត្តរំលង ហើយគេ «ត្រឡប់ជាមានទោស ចំពោះក្រឹត្យវិន័យទាំងមូលនោះ» វិញ។ យ៉ាកុប ២:១០។
សាតាំងបានបង្វែរគោលលទ្ធិនៃព្រះគម្ពីរ ម៉្លោះហើយសេចក្តីខុសឆ្គង ក៏បានជ្រាបចូលក្នុងជំនឿរបស់មនុស្សរាប់ពាន់នាក់។ ការប៉ះទង្គិចចុង ក្រោយបង្អស់ដ៏ខ្លាំងបំផុត រវាងសេចក្តីពិត និងសេចក្តីខុសឆ្គង គឺអំពីក្រឹត្យវិន័យរបស់ព្រះ រវាងព្រះគម្ពីរ និងសាសនាប្រឌិត និងទំនៀមទម្លាប់។ មនុស្សគ្រប់រូបអាចមានព្រះគម្ពីរ ប៉ុន្តែមានតិចណាស់ដែលទទួលយកមកធ្វើជាផ្លូវជីវិត។ ក្នុងវិហារវិញ ភាគច្រើនបដិសេធគោលនៃគ្រីស្ទជំនឿ។ ការបង្កបង្កើត មនុស្សក្លាយជាមានបាប សេចក្តីលោះបាប និងក្រឹត្យវិន័យរបស់ព្រះត្រូវបានគេបដិសេធចោលទាំងស្រុង ឬក្នុងផ្នែកណាមួយ។ មនុស្សរាប់ពាន់នាក់ចាត់ទុកថា ការទុកចិត្តយ៉ាងមាំលើព្រះគម្ពីរជាការបង្ហាញនូវភាពកម្សោយ។
ការយកទ្រឹស្តីមិនពិតមកធ្វើជារូបបដិមា ដូចជាច្នៃឈើ ឬថ្មធ្វើជារូបចម្លាក់ជាការងាយស្រួលណាស់។ សាតាំងនាំមនុស្សឱ្យយល់ខុសពីចរិតលក្ខណៈរបស់ព្រះ ដោយមួលបង្កាច់ទ្រង់។ ការលើកតាំងចំណេះវិជ្ជាជារូបបដិមា បានតាំងរាជ្យជួសព្រះដ៏មានព្រះជន្មរស់នៅដែលមានសម្តែងក្នុង ព្រះបន្ទូលទ្រង់ ក្នុងព្រះគ្រីស្ទ ហើយនិងក្នុងកិច្ចបង្កបង្កើត។ ព្រះរបស់ទស្សនវិទូ អ្នកកវី អ្នកនយោបាយ និងអ្នកសារពត៌មានជាច្រើនដែលនៅក្នុងសកលវិទ្យាល័យនានា សូម្បីតែក្នុងវិទ្យាស្ថានព្រះគម្ពីរខ្លះផង គឺគ្មានអ្វីគ្រាន់បើប៉ុន្មានជាងព្រះបាល ដែលជាព្រះអាទិត្យនៃភីនីស៊ីយ៉ា នៅជំនាន់ហោរាអេលីយ៉ាទេ។
គ្មានសេចក្តីខុសឆ្គងណាដែលជំទាស់នឹងអំណាចស្ថានសួគ៌ដោយចេញមុខ ហើយគ្មានអ្វីដែលមានលទ្ធផលអាក្រក់ ជាងគោលលទ្ធិនៃក្រឹត្យវិន័យ របស់ព្រះត្រូវលែងមានឥទ្ធិពលទៀតនោះឡើយ។ បើគ្រូគង្វាលល្បីៗ បង្រៀនជាសាធារណៈថា ពុំបាច់ត្រូវការគោរពប្រតិបត្តតាមលក្ខន្តិកៈដែលគ្រប់គ្រងទឹកដីរបស់ខ្លួន ព្រោះវាទើសទែងដល់សេរីភាពរបស់ប្រជារាស្ត្រនោះ តើគេទុកឱ្យមនុស្សដូចនេះនៅអធិប្បាយបានយូរប៉ុន្មាន?
ប្រទេសជាតិលុបលក្ខន្តិកៈរបស់ខ្លួនចោល នោះវាសមជាងព្រះដ៏ជាអ្នកកាន់ក្តាប់ពិភពសកលលុបក្រឹត្យវិន័យរបស់ទ្រង់វិញ។ ការធ្វើឱ្យក្រឹត្យវិន័យរបស់ព្រះទៅជាឥតប្រយោជន៍ជាការពិសោធនោះ ត្រូវបានសាកល្បងក្នុងប្រទេសបារាំងរួចទៅហើយ នៅពេលលទ្ធិទមិឡនិយមបានឡើងអំណាចគ្រប់គ្រង។ លទ្ធផលបានបង្ហាញឱ្យឃើញថា ការដកបញ្ញត្តិដែលព្រះបានដាក់មក គឺជាការទទួលច្បាប់របស់ស្តេចនៃសេចក្តីអាក្រក់វិញ។
ការបំភ្លេចចោលក្រឹត្យវិន័យរបស់ព្រះ
អ្នកដែលបង្រៀនប្រជាជនមិនឱ្យយកចិត្តទុកដាក់នឹងបញ្ញត្តិរបស់ ព្រះ គឺសាបព្រោះសេចក្តីរឹងចចេស ដើម្បីច្រូតយកសេចក្តីរឹងទទឹងហើយ។ ឱ្យតែបញ្ញត្តិដែលក្រឹត្យវិន័យពីស្ថានសួគ៌ដាក់មកត្រូវបានបំភ្លេចចោលចុះ នោះមិនយូរមិនឆាប់ច្បាប់របស់មនុស្សក៏នឹងលែងមានគេគោរពដែរ។ លទ្ធផលនៃការបំបរបង់សិក្ខាបទរបស់ព្រះ គឺជាអ្វីដែលគេមិនបានគិតជាមុន។ ទ្រព្យសម្បត្តិនឹងលែងគង់វង្ស។ មនុស្សនឹងយកកម្មសិទ្ធរបស់អ្នកជិតខាងខ្លួនដោយអំពើហិង្សា ហើយអ្នកដែលខ្លាំងជាងគេបង្អស់ នឹងក្លាយជាអ្នកមានជាងគេ។ គ្មាននរណាគោរពតម្លៃជីវិតឡើយ។ សម្បថក្នុងអាពាហ៍ពិពាហ៍ នឹងលែងបានតាំងឈរជាកំពែង ដើម្បីការពារក្រុមគ្រួសារទៀតហើយ។ អ្នកមានអំណាចនឹងយកប្រពន្ធអ្នកជិតខាងខ្លួនដោយហិង្សា។ បញ្ញត្តិទីប្រាំនឹងត្រូវបានទុកចោលដោយឡែក ជាមួយនឹងបញ្ញត្តិទីបួន។ កូននឹងមិនញញើតនឹងប្រល័យជីវិតឪពុកម្តាយរបស់គេទេ ប្រសិនជាធ្វើទៅនឹងបំប៉នសេចក្តីប្រាថ្នានៃចិត្តពុករលួយរបស់ពួកគេ។ ពិភពមានអារ្យធម៌ខ្ពង់ខ្ពស់នឹងក្លាយទៅជាហ្វូងចោរប្លន់ និងហ្វូងឃាតករ ហើយសន្តិសុខ និងសុភមង្គលនឹងត្រូវបានបំបរបង់ពីផែនដីទៅ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ដូច្នេះ បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។ យ៉ាកុប ១:១៩