ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-៣៩)
គ្រាវេទនា
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែប្រាជ្ញាដែលមកពីស្ថានលើ នោះមុនដំបូងហៅថាបរិសុទ្ធ រួចមកមានមេត្រីចិត្ត សេចក្តីសំឡូត ចិត្តទន់ ក៏ពេញដោយសេចក្តីមេត្តាករុណា និងផលល្អ ឥតរើសមុខ ហើយឥតពុតមាយាផង។ យ៉ាកុប ៣:១៧
«នៅគ្រានោះ មីកែល ជាមហាទេវតាដែលតំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើង ក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯងនោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឱ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី»។ ដានីយ៉ែល ១២:១។
នៅពេលដែលព្រះរាជសាររបស់ទេវតាទី៣បានបញ្ចប់ទៅបណ្តាជនរបស់ព្រះក៏បានបង្ហើយកិច្ចការបស់ខ្លួនដែរ។ គេបានទទួល «ភ្លៀងចុងរដូវ» ហើយបានត្រៀមខ្លួនសម្រាប់គ្រាទុក្ខលំបាកនៅពេលខាងមុខ។ ការសាកល្បងចុងក្រោយបង្អស់ បាននាំមកចំពោះលោកីយ៍រួចហើយ ហើយទាំងអស់គ្នាដែលបានបង្ហាញថាមានភក្តីភាពដល់សិក្ខាបទរបស់ព្រះបានទទួល «ត្រារបស់ព្រះដ៏មានព្រះជន្មរស់»។ នៅពេលនោះព្រះយេស៊ូវនឹងបញ្ចប់ការងារជាសង្ឃរបស់ព្រះអង្គនៅក្នុងរោងឧបោសថខាងលើ ទាំងបញ្ចេញព្រះ សូរសៀងដ៏ខ្លាំងថា «ការស្រេចហើយ»។ «អ្នកណាដែលទុច្ចរិតឱ្យអ្នកនោះនៅតែទុច្ចរិតចុះ អ្នកណាដែលស្មោកគ្រោក ឱ្យអ្នកនោះនៅតែស្មោកគ្រោកចុះ តែអ្នកណាដែលសុចរិតវិញ ត្រូវឱ្យអ្នកនោះចេះតែប្រព្រឹត្តផ្លូវសុចរិតទៅ ហើយអ្នកណាដែលបរិសុទ្ធ ឱ្យអ្នកនោះនៅតែបរិសុទ្ធដដែល»។ វិវរណៈ ២២:១១។ ព្រះគ្រីស្ទបានធ្វើតង្វាយលោះបាបសម្រាប់រាស្ត្ររបស់ផងព្រះអង្គ ហើយនិងលុបអំពើបាបរបស់គេចេញផង។ «រាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរនៅក្រោមមេឃទាំងមូល» (ដានីយ៉ែល ៧:២៧) គឺហៀបនឹងត្រូវបានប្រគល់ដល់អ្នកទទួលមត៌កនៃសេចក្តីសង្គ្រោះ ហើយព្រះយេស៊ូវទ្រង់នឹងសោយរាជ្យជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។
នៅពេលព្រះអង្គយាងចេញអំពីរោងឧបោសថ ភាពងងឹតនឹងគ្របដណ្តប់ទៅលើសត្វលោកនៃផែនដី។ ពួកសុចរិតត្រូវតែរស់នៅចំពោះព្រះភ័ក្ត្រ នៃព្រះដ៏បរិសុទ្ធដោយគ្មានអ្នកអង្វរករជំនួស។ សេចក្តីការពារដល់ពួកអាក្រក់ត្រូវបានដកចេញ ហើយសាតាំងបានគ្រប់គ្រងទាំងស្រុងទៅលើពួកមិនប្រែចិត្ត។ ព្រះវិញ្ញាណរបស់ព្រះត្រូវបានដកចេញជាទីបំផុតហើយ។ ពេលនោះសាតាំងនឹងបោះសត្វលោកនៃផែនដីទៅក្នុងសេចក្តីវេទនាដ៏ធំនៅចុងក្រោយបង្អស់។ ទេវតារបស់ព្រះនឹងលែងទប់នូវខ្យល់កាចសាហាវនៃតណ្ហារបស់មនុស្សជាតិ។ លោកីយ៍ទាំងមូលនឹងមានការហិនវិនាសដែលលើសជាងក្រុងយេរូសាឡិមពីសម័យដើមទៅទៀត។ មានកម្លាំងទ័ពត្រៀមខ្លួនជាស្រេច នៅរង់ចាំតែការអនុញ្ញាតពីព្រះប៉ុណ្ណោះ ដើម្បីធ្វើឱ្យគ្រប់ទីកន្លែងបានសាបសូន្យអស់ទៅ។
អស់អ្នកដែលគោរពក្រឹត្យវិន័យរបស់ព្រះ នឹងត្រូវគេចាត់ទុកថា ជាដើមហេតុនៃសេចក្តីវឹកវរ និងការបង្ហូរឈាមដ៏រន្ធត់ ដែលបានបំពេញផែនដីដោយសេចក្តីវេទនា។ អំណាចដែលមកជាមួយការព្រមានចុងក្រោយបានធ្វើឱ្យពួកអាក្រក់ឆេះឆួលយ៉ាងខ្លាំង រួចសាតាំងក៏ធ្វើឱ្យវិញ្ញាណសម្អប់ និងវិញ្ញាណធ្វើទុក្ខទោសរំជួលឡើងទាស់នឹងអស់អ្នកដែលបានទទួលព្រះរាជសារ។
នៅពេលដែលវត្តមានរបស់ព្រះបានដកចេញអំពីប្រទេសជូវទៅ ពួកសង្ឃ និងបណ្តាជននៅតែចាត់ខ្លួនគេថាជាអ្នករើសតាំងរបស់ព្រះដដែល។ ការងារក្នុងវិហារនៅតែបន្តទៅមុខ ព្រះពរដ៏ពិសិដ្ឋត្រូវបានអំពាវនាវរាល់ថ្ងៃ ឱ្យមនុស្សដែលមានកំហុសចំពោះព្រះលោហិតរបស់ព្រះរាជបុត្រាព្រះ។ ដូច្នេះ នៅពេលដែលសេចក្តីសម្រេចដ៏មិនអាចតវ៉ាបាននៃរោងឧបោសថ ត្រូវបានប្រកាសឡើង ហើយវាសនារបស់លោកីយ៍នឹងស្ថិតនៅក្នុងសភាពដដែលជារៀងរហូតនោះ បណ្តាមនុស្សដែលរស់នៅលើផែនដីនឹងពុំបានដឹងឡើយ។ មនុស្សដែលព្រះវិញ្ញាណនៃព្រះបានដកចេញពីខ្លួន នៅតែរក្សាទម្រង់សាសនាដដែល ការខិតខំយ៉ាងស្វាហាប់ដ៏អសោចដើម្បីសម្រេចគម្រោងការព្យាបាទ នឹងមើលទៅដូចជាការខិតខំយ៉ាងស្វាហាប់សម្រាប់ព្រះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើលអ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង។ យ៉ាកុប ៥:៧