ថ្ងៃច័ន្ទ ទី១១​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​កាន់​តែ​ខ្លាំង​ឡើង ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះគុណ​មក​ពួក​រាប​សា​វិញ»។ យ៉ាកុប ៤:៦

នៅពេលដែលថ្ងៃសប្បាតហ៍បានក្លាយទៅជាចំណុចសំខាន់នៃការវិវាទដល់ទូទាំងគ្រីស្ទានពិភពលោក គេនឹងលើកឡើងថា មិនត្រូវអត់ទ្រាំនឹងក្រុមតូចដែលឈរជំទាស់នឹងវិហារ និងរដ្ឋឡើយ ហើយថា វាប្រសើរជាងដើម្បី ឱ្យពួកគេរងទុក្ខឈឺចាប់ជាជាងឱ្យជាតិសាសន៍ទាំងមូលត្រូវបោះចូលទៅក្នុងភាពច្របូកច្របល់ និងភាពគ្មានច្បាប់គ្មានវិន័យ។ សម្តីដដែលនេះធ្លាប់បានពោលទាស់នឹងព្រះគ្រីស្ទរួចមកហើយ។ «បើមានមនុស្សម្នាក់ស្លាប់ជំនួសបណ្តាជន» លោកកៃផាមានប្រសាសន៍ «នោះមានប្រយោជន៍ដល់ អ្នករាល់គ្នាជាជាង ដើម្បីកុំឱ្យជាតិយើងនេះត្រូវវិនាសទាំងអស់ឡើយ»។ យ៉ូហាន ១១:៥០។ ការពោលដូច្នេះនឹងមើលទៅដូចជាត្រឹមត្រូវណាស់ ទីបំផុតនឹងមានចេញបទបញ្ជាមួយ ជំទាស់នឹងអស់អ្នកដែលរក្សាថ្ងៃសប្បាតហ៍​នៃក្រឹត្យវិន័យទី៤ជាបរិសុទ្ធ ដោយប្រកាសប្រឆាំងនឹងពួកគេ ព្រមទាំងផ្តល់សិទ្ធិដល់បណ្តាជនឱ្យសម្លាប់ពួកគេផង បន្ទាប់ពីមួយរយៈក្រោយមក។ លទ្ធិរ៉ូមនិយមក្នុងសម័យដើម និងលទ្ធិប្រូតេស្តង់និយមដែលងាកចេញពីជំនឿ ក្នុងសម័យថ្មី នឹងប្រព្រឹត្តអំពើស្រដៀងគ្នាដែរ។ នៅពេលនោះរាស្ត្ររបស់ព្រះ នឹងត្រូវបានធ្លាក់ទៅក្នុងទិដ្ឋភាពនៃការខ្លោចផ្សាចិត្ត ដូចបានពណ៌នាថាជា «គ្រាវេទនារបស់យ៉ាកុប»។ យេរេមា ៣០:៥-៧។

គ្រាវេទនារបស់យ៉ាកុប

រាត្រីសោកសៅរបស់យ៉ាកុប ក្នុងពេលដែលគាត់ខំអធិស្ឋានឱ្យរួចខ្លួនពីអេសាវ (លោកុប្បត្តិ ៣២:២៤-៣០) ជាតំណាងពិសោធន៍នៃរាស្ត្ររបស់ ព្រះក្នុងគ្រាវេទនា។ ដោយព្រោះការបោកបញ្ឆោតយកពរពីឪពុកដែល បម្រុងទុកឱ្យអេសាវ យ៉ាកុបបានភៀសខ្លួនដោយខ្លាចបងរបស់ខ្លួនសម្លាប់។ បន្ទាប់ពីបាននិរទេសខ្លួនជាច្រើនឆ្នាំមក គាត់ក៏បានសម្រេចចិត្តត្រឡប់ចូលស្រុកកំណើតខ្លួនវិញ។ នៅពេលចូលជិតដល់ព្រំដែន គាត់មានការភិតភ័យជាខ្លាំងដោយឮដំណឹងថាអេសាវកំពុងនាំគ្នាចូលមក ហើយប្រាកដជានឹងមកសងសឹកជាមិនខាន។ យ៉ាកុបមានតែសង្ឃឹមទៅលើសេចក្តីមេត្តាករុណារបស់ព្រះតែប៉ុណ្ណោះ អ្វីដែលការពាររបស់គាត់គឺមានតែសេចក្តីអធិស្ឋានទេ។

គាត់បានលន់តួបាបដោយការបន្ទាបខ្លួនយ៉ាងខ្លាំងតែម្នាក់ឯងជាមួយព្រះ។ ឧបសគ្គក្នុងជីវិតគាត់បានមកដល់ហើយ។ គាត់បានបន្តអធិស្ឋាននៅក្នុងយប់ងងឹត។ ស្រាប់តែមានដៃមួយដាក់មកលើស្មាគាត់។ គាត់គិតថា ប្រហែលជាសត្រូវមករកសម្លាប់គាត់ហើយ គាត់ក៏ប្រើអស់ទាំងថាមពលដែលសេសសល់ទាំងប៉ុន្មាន ចាប់បោកចំបាប់ជាមួយអ្នកយាយី។ នៅពេលថ្ងៃជិតរះ ជនចម្លែកបានប្រើកម្លាំងឥទ្ធិឫទ្ធិរបស់ខ្លួន។ យ៉ាកុបហាក់ ដូចជាទន់ដៃទន់ជើងធ្វើអ្វីលែងកើត ហើយក៏ទម្លាក់ខ្លួន យំខ្សឹកខ្សួលនៅលើស្មាគូបដិបក្សដ៏អាថ៌កំបាំងរបស់ខ្លួនតែម្តងទៅ។ គ្រានោះគាត់ក៏បានដឹងថា គឺជាទេវតានៃសេចក្តីសញ្ញាទេតើ ដែលគាត់បានប្រយុទ្ធជាមួយនោះ។ គាត់មានការសោកស្តាយចំពោះអំពើបាបរបស់គាត់អស់រយៈពេលយូរមកហើយ ឥឡូវនេះគាត់ដឹងយ៉ាងច្បាស់ថា គាត់ត្រូវបានអត់ទោសឱ្យជាប្រាកដ។ ភ្ញៀវពីស្ថានសួគ៌រៀបតែនឹងចាកចេញទៅវិញ ប៉ុន្តែ យ៉ាកុបបានឱបលោកជាប់។ ទេវតាមានបន្ទូលថា «ចូរលែងឱ្យយើងទៅ ដ្បិតភ្លឺហើយ» ប៉ុន្តែ បុព្វបុរសបានឧទានថា «ខ្ញុំមិនឱ្យលោកទៅទេ ទាល់តែបានឱ្យពរដល់ខ្ញុំសិន»។ យ៉ាកុបបានលន់តួនូវភាពកម្សោយ និងភាពមិនគួររបស់ខ្លួន ហើយនៅតែទុកចិត្តចំពោះសេចក្តីមេត្តាករុណានៃព្រះដ៏រក្សានូវសេចក្តីសញ្ញា។ ដោយការប្រែចិត្តហើយចុះចូល បាបជននេះក៏បានឈ្នះព្រះមហាក្សត្រនៃស្ថានសួគ៌។

សាតាំងបានចោទប្រកាន់យ៉ាកុបនៅចំពោះព្រះ ដោយព្រោះអំពើបាបរបស់គាត់ វាបានបណ្តាលឱ្យអេសាវលើកគ្នាមកទាស់នឹងគាត់។ នៅក្នុងរាត្រីកាច់ចំបាប់គ្នា សាតាំងបានខ្នះខ្នែងទម្លាក់ទឹកចិត្តគាត់ឱ្យប្រឡេះដៃចេញពីព្រះ។ គាត់ស្ទើរតែអស់សង្ឃឹមទៅហើយ ប៉ុន្តែ គាត់បានសោកស្តាយដោយស្មោះចំពោះអំពើបាបដែលគាត់បានប្រព្រឹត្ត ហើយបានចាប់ទេវតាជាប់ឥតព្រមលែង ព្រមទាំងយំអង្វររហូតទាល់តែបានឈ្នះ។

សាតាំងចោទប្រកាន់យ៉ាកុបជាយ៉ាងណា វាក៏នឹងចោទប្រកាន់រាស្ត្ររបស់ព្រះជាយ៉ាងនោះដែរ។ វាបានដឹងជាក់ច្បាស់នូវអំពើបាបដែលវាបានល្បួងពួកគេឱ្យប្រព្រឹត្ត ក៏ពោលថាព្រះអម្ចាស់មិនអាចយុត្តិធម៌បានទេ ក្នុងការដែលអត់ទោសបាបឱ្យពួកគេ រួចបំផ្លាញវា និងពួកទេវតារបស់វាចោលនោះ។ វាបានទាមទារឱ្យប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃវា ដើម្បីឱ្យវាបំផ្លាញពួកគេចោល។

ព្រះអម្ចាស់នឹងអនុញ្ញាតឱ្យវាសាកល្បងពួកគេដល់កំពូល។ ទំនុកទុកចិត្តរបស់ពួកគេចំពោះព្រះ និងជំនឿរបស់ពួកគេនឹងត្រូវបានសាកលយ៉ាងតឹងរ៉ឹងបំផុត។ សាតាំងខិតខំបំភ័យពួកគេ ដោយសង្ឃឹមថា នឹងអាចបំផ្លាញជំនឿរបស់គេប្រយោជន៍ឱ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ហើយបំបែរភក្តីភាពរបស់គេចេញអំពីព្រះវិញ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បង​ប្អូន​អើយ ចូរ​មាន​ចិត្ត​អត់ធ្មត់ ដរាប​ដល់​ព្រះអម្ចាស់​ទ្រង់​យាង​មក មើលអ្នក​ធ្វើ​ស្រែ​គេ​រង់ចាំ​ផង​វិសេស ដែល​កើត​ពី​ដី​មកដោយ​សេចក្តី​អត់ធ្មត់ ទាល់​តែ​បាន​ភ្លៀង​ធ្លាក់​មក​ខាង​ដើម​រដូវ និង​ចុង​រដូវ​ផង។ យ៉ាកុប ៥:៧

Powered by CAM