ថ្ងៃអង្គារ ទី១២ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ។ យ៉ាកុប ៤:៧
ការឈឺចាប់ដែលនឹងធ្វើឱ្យគេបន្ទោសដល់ព្រះ
ការឈឺចាប់ដែលរាស្ត្ររបស់ព្រះទទួលនេះ ពុំមែនជាការខ្លាចអំពើបៀតបៀននោះទេ។ ពួកគេភ័យខ្លាចក្រែងមានកំហុសក្នុងខ្លួន ដែលនឹងធ្វើឱ្យគេពុំបានដឹងនូវការសម្រេចនៃសេចក្តីសន្យារបស់ព្រះអង្គសង្គ្រោះដែលថា៖ «អញនឹងរក្សាឯងឱ្យរួចពីវេលាល្បងដែលត្រូវមកលើលោកីយ៍ទាំងមូល»។ វិវរណៈ ៣:១០។ បើពួកគេបង្ហាញខ្លួនឱ្យឃើញថាមិនសមគួរដោយ ព្រោះចរិតលក្ខណៈវៀចវេរនោះ នោះព្រះនាមបរិសុទ្ធនៃព្រះនឹងទទួលការ បន្ទោសជាពុំខាន។
ពួកគេចង្អុលទៅកាន់ពេលដែលគេលន់តួបាបដ៏ច្រើនរបស់ខ្លួននៅគ្រាអតីតកាល ហើយទូលអង្វរសូមសេចក្តីសន្យារបស់ព្រះអង្គសង្គ្រោះដែលថា៖ «ឱ្យគេមកពឹងពាក់កម្លាំងអញវិញ ដើម្បីឱ្យបានជាមេត្រីរបស់អញ ចូរឱ្យគេជាមេត្រីនឹងអញចុះ»។ អេសាយ ២៧:៥។ ទោះបីមានការថប់បារម្ភ និងទុក្ខព្រួយយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមិនឈប់អង្វរករដែរ។ គេនៅតែតោងជាប់នឹងព្រះ ដូចយ៉ាកុបតោងជាប់នឹងទេវតាយ៉ាងនោះដែរ ហើយភាសានៃវិញ្ញាណរបស់គេគឺ «ទូលបង្គំមិនឱ្យព្រះអម្ចាស់ទៅទេ លើកលែងតែព្រះអម្ចាស់ឱ្យពរទូលបង្គំសិន»។
អំពើបាបត្រូវបានលុបចេញ
នៅក្នុងគ្រាវេទនា ប្រសិនបើរាស្រ្តរបស់ព្រះមានអំពើបាបដែលពុំបានលន់តួ ត្រូវលេចឡើងនៅចំពោះខ្លួន នាពេលដែលសេចក្តីភិតភ័យនិងសេចក្តីឈឺចាប់កំពុងតែធ្វើទុក្ខយ៉ាងខ្លាំដល់ពួកគេនោះ គេនឹងទប់ស្មារតីមិនជាប់ឡើយ។ ការអស់សង្ឃឹមនឹងផ្តាច់ជំនឿរបស់គេចេញ ហើយក៏ពុំអាចទូលអង្វរព្រះឲ្យជួយដោះលែងបានដែរ។ ប៉ុន្តែ គេក៏ពុំមានកំហុសលាក់កំបាំងឯណាយកមកបញ្ចេញសោះ។ អំពើបាបរបស់គេបានចូលទៅចំពោះទីជំនុំជំរះ ព្រមទាំងបានលុបចេញរួចទៅហើយ ហើយគេក៏មិននឹកចាំពីអំពើបាបទាំងនោះទៀតឡើយ។
ព្រះអង្គបានបង្ហាញដល់យ៉ាកុប ថាទ្រង់នឹងមិនអត់ទ្រាំនឹងអំពើអាក្រក់ឡើយ។ អស់អ្នកដែលដោះសា ឬលាក់កំបាំងអំពើបាបរបស់ខ្លួនហើយទុកឱ្យរក្សានៅក្នុងសៀវភៅនៃស្ថានសួគ៌ ដោយពុំបានលន់តួ និងអត់ទោសឱ្យនោះ នឹងត្រូវស្ថិតនៅក្រោមអំណាចរបស់សាតាំងហើយ។ គេមានតំណែងខ្ពង់ខ្ពស់កាលណា នោះជ័យជម្នះនៃបច្ចាមិត្តរបស់ខ្លួន ច្បាស់ជាបានខ្ពង់ខ្ពស់កាលនោះដែរ។ អស់អ្នកពន្យារការរៀបចំខ្លួន ពុំអាចរៀបចំខ្លួនក្នុងគ្រាវេទនា ឬនៅពេលណាទៀតបានឡើយ។ ករណីរបស់អ្នកបែបនេះពុំមានសង្ឃឹមឡើយ។
ប្រវត្តិយ៉ាកុបក៏ជាការបញ្ជាក់មួយថា ព្រះនឹងមិនបោះបង់ចោលអស់អ្នកដែលបានក្បត់ទៅក្នុងអំពើបាប ហើយបែរមកឯព្រះអង្គវិញ ដោយការប្រែចិត្តពិតប្រាកដនោះឡើយ។ ព្រះនឹងបញ្ជូនទេវតាទៅកំសាន្តចិត្តពួកគេនៅក្នុងគ្រាអាសន្ន។ ព្រះនេត្រព្រះតែងតែទតមកលើរាស្ត្រព្រះអង្គ។ អណ្តាតភ្លើងនៃគុកភ្លើង ហាក់ដូចជាហៀបនឹងបញ្ឆេះពួកគេទៅ ប៉ុន្តែ ព្រះអង្គដ៏ជាអ្នកចម្រាញ់នឹងយកគេមកដូចជាមាសសុទ្ធដែលបានដេញដោយភ្លើងរួចហើយ។
ជំនឿដែលស៊ូទ្រាំ
គ្រាទុក្ខព្រួយ និងគ្រាឈឺចាប់នៅចំពោះមុខយើងនឹងត្រូវការជំនឿដែលស៊ូទ្រាំនូវភាពខ្សោះល្វើយ ភាពអត់ឃ្លាន និងការបង្អង់ពេលវេលា និងជំនឿដែលមិនចេះរសាយ ទោះបីជួបប្រទះសេចក្តីល្បងដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ ជ័យជម្នះរបស់យ៉ាកុប គឺជាភ័ស្តុតាងមួយរបស់អំណាចនៃសេចក្តី អធិស្ឋានឥតឈប់ឈរ។ អស់អ្នកណាដែលកាន់ខ្ជាប់នូវសេចក្តីសន្យារបស់ព្រះដូចជាលោកនោះនឹងបានឈ្នះដូចជាលោកដែរ។ កាច់ចំបាប់ជាមួយព្រះ មានប៉ុន្មាននាក់ដែលដឹងថាជាអ្វីនោះ! នៅពេលដែលរលកនៃភាពអស់សង្ឃឹមបោកទៅលើអ្នកទូលអង្វរករ តើមានប៉ុន្មាននាក់តោងជាប់ដោយ ជំនឿចំពោះសេចក្តីសន្យានៃព្រះ។
អស់អ្នកណាដែលមានជំនឿតិច ឥឡូវនេះកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ធំ ដោយធ្លាក់ទៅក្រោយអំណាចបោកបញ្ឆោតរបស់សាតាំង។ ទោះបីគេបានទ្រាំទ្រចំពោះការសាកល្បងក៏ដោយ ក៏គេនឹងត្រូវធ្លាក់ទៅក្នុងក្តីទុក្ខព្រួយយ៉ាងជ្រៅ ពីព្រោះគេពុំទម្លាប់ទុកចិត្តលើព្រះ។ ឥឡូវនេះយើងគួរតែល្បងសេចក្តីសន្យារបស់ព្រះអង្គ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើលអ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង។ យ៉ាកុប ៥:៧