ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរបន្ទាបខ្លួននៅចំពោះព្រះអម្ចាស់ នោះទ្រង់នឹងដំកើងអ្នករាល់គ្នាឡើង។ យ៉ាកុប ៤:១០
បណ្តាជនរបស់ព្រះមិនត្រូវបាននាំឱ្យវង្វេងទេ
ប៉ុន្តែ រាស្ត្ររបស់ព្រះនឹងមិនត្រូវបាននាំឱ្យវង្វេងឡើយ។ សេចក្តីបង្រៀនរបស់ព្រះគ្រីស្ទក្លែងក្លាយនេះ ពុំស្របតាមបទគម្ពីរទេ។ ពររបស់វាឱ្យដល់តែ ពួកអ្នកថ្វាយបង្គំសត្វ និងរូបវាតែប៉ុណ្ណោះគឺជាពួកដែលព្រះគម្ពីរបានចែងថា សេចក្តីក្រោធឥតឈប់ឈររបស់ព្រះនឹងត្រូវបានចាក់ទៅលើ។
យ៉ាងណាមិញ សាតាំងមិនត្រូវបានអនុញ្ញាតឱ្យក្លែងបន្លំពីរបៀបដែលព្រះគ្រីស្ទយាងមកវិញឡើយ។ ព្រះអង្គសង្គ្រោះបានរំឮកដាស់តឿន រាស្ត្ររបស់ព្រះអង្គ ឱ្យប្រយ័ត្នចំពោះការបោកបញ្ឆោតនៅលើចំណុចនេះ។ «ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសម្គាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឱ្យវង្វេងផង បើសិនជាបាន...។ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា មើលទ្រង់គង់នៅទីរហោស្ថាន នោះកុំឱ្យចេញទៅឡើយ ឬថាមើលទ្រង់សុគតនៅក្នុងបន្ទប់នោះ ក៏កុំឱ្យជឿឱ្យសោះ ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងបានដូចជាផ្លេកបន្ទោរដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិចដែរ»។ ម៉ាថាយ ២៤:២៤។ សូមអានបន្ថែមទៀតនៅម៉ាថាយ ២៥:៣១; វិវរណៈ ១:៧; ថែស្សាឡូនីចទី១ ៤:១៦,១៧។ ដំណើរយាងមកនេះ ពុំមានវិធីណានឹងក្លែងបន្លំបានឡើយ។ លោកីយ៍ទាំងមូលនឹងបានឃើញ។
មានតែអ្នករៀនបទគម្ពីរដោយយកចិត្តទុកដាក់ ហើយបានទទួលនូវសេចក្តីស្រឡាញ់នៃសេចក្តីពិតប៉ុណ្ណោះទេដែលនឹងត្រូវបានបាំងការពារ អំពីសេចក្តីបំភាន់ដ៏ខ្លាំងក្លា ដែលនាំលោកីយ៍ទៅជាឈ្លើយ។ ដោយទីបន្ទាល់នៃបទគម្ពីរ អ្នកទាំងនេះនឹងអាចតាមដានមេឆបោកឱ្យឃើញនូវការបន្លំខ្លួនរបស់វា។ តើរាស្ត្ររបស់ព្រះឥឡូវនេះបានស្ថាបនាមាំមួនលើព្រះបន្ទូលរបស់ផងទ្រង់ហើយឬនៅ ដើម្បីកុំឱ្យគ្រាន់តែឃើញ និងឮ ហើយជឿនោះ? ហើយនៅក្នុងគ្រាអាសន្នដូច្នេះ តើគេនឹងតោងជាប់ព្រះគម្ពីរ ហើយនិងព្រះគម្ពីរតែមួយគត់ឬទេ?
រាស្ត្ររបស់ព្រះនឹងត្រូវភៀសខ្លួន
នៅពេលដែលពួកអ្នកមានអំណាចនៃគ្រីស្ទានសាកលលោក ចេញច្បាប់ប្រឆាំងនឹងពួកអ្នកកាន់ក្រឹត្យវិន័យឱ្យរដ្ឋាភិបាលឈប់ការពារ ហើយបោះបង់ពួកគេទៅក្នុងកណ្តាប់ដៃនៃអស់អ្នកចង់ប្រល័យជីវិតគេ នោះរាស្ត្ររបស់ព្រះនឹងនាំគ្នារត់ចេញពីទីក្រុង និងពីភូមិករ ហើយទៅរួមគ្នាជាក្រុមៗ រស់នៅក្នុងទីស្ងាត់ដាច់ស្រយាល។ មានមនុស្សជាច្រើននឹងរកកន្លែងជ្រក កោនក្នុងទីមាំមួននៃរអាងភ្នំដូចពួកគ្រីស្ទាននៅជ្រលងផាយម៉ន់។ (សូមអាន ជំពូក៤)។ ប៉ុន្តែ មានមនុស្សជាច្រើនពីគ្រប់ជាតិសាសន៍ គ្រប់វណ្ណៈខ្ពស់ទាប មានក្រ ខ្មៅ និងសនឹងត្រូវបោះចូលទៅក្នុងទាសកម្មដ៏អយុត្តិធម៌ និងឃោរឃៅបំផុត។ អ្នកដ៏ជាទីស្ងួនភ្ងារបស់ព្រះ ឆ្លងកាត់គ្រាដ៏ខ្សោះល្វើយ ត្រូវគេចាប់ដាក់គុក គេកាត់ទោសប្រហារជីវិត ទាំងទុកឱ្យស្លាប់នៅក្នុងគុកងងឹតដ៏សែនខ្ពើមរអើម។
តើព្រះទ្រង់នឹងភ្លេចរាស្ត្ររបស់ព្រះអង្គនៅក្នុងគ្រាលំបាកវេទនានេះឬ? តើព្រះអង្គមានភ្លេចអ្នកស្មោះត្រង់ណូអេ ឡុត យ៉ូសែប អេលីយ៉ា យេរេមា និងដានីយ៉ែលឬទេ? ទោះបីពួកបច្ចាមិត្តអាចបោះពួកគេចូលទៅ ក្នុងគុកក៏ដោយ ក៏ជញ្ជាំងនៃគុកងងឹតនោះ ពុំអាចកាត់ផ្តាច់ការទាក់ទងរវាងគេ និងព្រះគ្រីស្ទបានឡើយ។ ពួកទេវតានឹងមកឯពួកគេនៅក្នុងរបាំងគុកដ៏ឯកោ។ គុកនឹងបានដូចជាវាំងស្តេច ជញ្ជាំងដ៏អាប់អួ នឹងបានបំភ្លឺឡើងដូចកាលគ្រាសាវ័កប៉ុល និងស៊ីឡាស់ បានច្រៀងចម្រៀងនាកណ្តាលអធ្រាត្រនៅក្នុងគុកងងឹតនៃក្រុងភីលីព។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើលអ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង។ យ៉ាកុប ៥:៧