ថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នករាល់គ្នាមិនដឹងជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ ដ្បិតជីវិតអ្នករាល់គ្នាជាអ្វី គឺជាចំហាយទឹកទេតើ ដែលឃើញតែ១ភ្លែត រួចបាត់ទៅ។ យ៉ាកុប ៤:១៤
សេចក្តីជំនុំជម្រះនៃព្រះ នឹងធ្លាក់មកលើអស់អ្នកដែលស្វែងរកបំផ្លាញរាស្ត្ររបស់ព្រះអង្គ។ ចំពោះព្រះការដាក់ទារុណកម្មគឺជា «ការយ៉ាងប្លែក»។ អេសាយ ២៨:២១; សូមអានអេសេគាល ៣៣:១១។ ព្រះអម្ចាស់ ទ្រង់ជាព្រះ «មានព្រះហឫទ័យមេត្តាករុណា ហើយទន់សន្តោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីទៀងត្រង់បរិបូរ...ក៏អត់ទោសសេចក្តីទុច្ចរិត សេចក្តីរំលង និងអំពើបាប»។ ប៉ុន្តែ ទ្រង់នឹងមិន «ទុក ជាឥតទោសឡើយ»។ និក្ខមនំ ៣៤:៦,៧; ណាហ៊ុម ១:៣។ ចំពោះជាតិសាសន៍ ដែលទ្រង់បានទ្រាំទ្រជាយូរមកហើយ ហើយដែលមានសេចក្តីទុច្ចរិតដ៏ពោរពេញនោះ ទីបំផុតនឹងផឹកពែងនៃសេចក្តីក្រោធ ដោយឥតមានលាយជាមួយព្រះគុណ។
នៅពេលដែលព្រះគ្រីស្ទបញ្ឈប់ការងារជាសង្ឃរបស់ព្រះអង្គនៅក្នុងរោងឧបោសថ សេចក្តីក្រោធឥតលាយសម្រាប់ពួកអ្នកថ្វាយបង្គំសត្វនោះ នឹងត្រូវបានចាកចេញមក។ អាសន្នរោគនៅប្រទេសអេស៊ីព្ទ គឺស្រដៀងគ្នា នឹងគ្រោះកាចនៃសេចក្តីជំនុំជម្រះដ៏មានទំហំធំធេងដែលនឹងធ្លាក់មកលើ លោកីយ៍មុនការរំដោះរាស្ត្ររបស់ព្រះជាចុងក្រោយ។ អ្នកបើកសម្តែងថ្លែងថា៖ «មនុស្សដែលមានទីសម្គាល់របស់សត្វ និងអស់ពួកអ្នកដែលក្រាប ថ្វាយបង្គំរូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់»។ សមុទ្រ «ត្រឡប់ទៅជាឈាមដូចជាឈាមខ្មោច»។ ហើយ «ទន្លេ និងរន្ធទឹកទាំងប៉ុន្មាន ក៏ប្រែទៅជាឈាមទាំងអស់ដែរ»។ វិវរណៈ ១៦:២-៦,៨,៩។ ហើយទេវតាមានបន្ទូលថា៖ «ឱ ព្រះដ៏គង់នៅ...ដែលទ្រង់បានជំនុំជម្រះកាត់ទោសដូច្នេះ នោះសុចរិតហើយ ដ្បិតគេបានកម្ចាយឈាមនៃពួកបរិសុទ្ធ និងពួកហោរា ហើយទ្រង់បានប្រទានឈាមឱ្យគេផឹក គេគួរមានទោសដូច្នេះហើយ»។ ដោយកាត់ទោសរាស្ត្ររបស់ព្រះឱ្យស្លាប់ ពួកគេក៏បានជំពាក់បំណុលឈាម ដូចជាពួកគេបានបង្ហូរឈាមដោយផ្ទាល់ដៃដូច្នោះដែរ។ ព្រះគ្រីស្ទមានបន្ទូលអំពីពួក ជូវនៅក្នុងសម័យព្រះអង្គថា គេមានកំហុសចំពោះការបង្ហូរឈាមពួកសុចរិតទាំងអស់ តាំងពីជំនាន់អេបិលរហូតមក (ម៉ាថាយ ២៣:៣៤-៣៦) ដ្បិតពួកគេមានវិញ្ញាណដូចគ្នានឹងពួកឃាតករនៃពួកហោរាទាំងនេះដែរ។
ក្នុងគ្រោះកាចទី២បន្ទាប់នោះ នឹងមានផ្តល់អំណាចដល់ព្រះអាទិត្យ «ឱ្យមនុស្សត្រូវខ្លាចដោយសារភ្លើង»។ វិវរណៈ ១៦:៨,៩។ ពួកហោរាបានថ្លែងអំពីគ្រាដ៏ភិតភ័យនេះថា៖ «ចម្រូតនៅស្រែចម្ការខូចអស់ហើយ...។ អស់ទាំងដើមឈើនៅចម្ការបានស្វិតក្រៀមទៅ៖ អើសេចក្តីអំណរក៏បានរៀវបាត់ពីមនុស្សលោកដែរ»។ «អើហ្ន៎ សត្វទាំងប៉ុន្មានស្រែកយំស៊ន ហ្វូងគោត្រូវ ស្រឡាំងកាំង ដ្បិតគ្មានទីគង្វាលរកស៊ីសោះ...។ អស់ទាំងទឹកជ្រោះបានរីងស្ងួតទៅ ភ្លើងក៏បានឆេះវាលស្មៅនៅទីរហោស្ថានអស់ហើយ»។ យ៉ូអែល ១:១១,១២,១៨-២០។
គ្រោះកាចទាំងនេះមិនកើតឡើងទូទាំងសាកលលោកទេ ប៉ុន្តែ វានឹងជាដំបៅដ៏ឈឺចាប់បំផុតដែលមនុស្សមិនធ្លាប់ប្រទះ។ សេចក្តីជំនុំជម្រះទាំងអស់នៅមុនកំណត់ពេលវេលាទុកឱ្យប្រែចិត្តមានលាយជាមួយសេចក្តីមេត្តាករុណា។ លោហិតរបស់ព្រះគ្រីស្ទបានគ្របបាំងបាបជន អំពីសេចក្តីខុសដ៏ពោរពេញរបស់ខ្លួន ប៉ុន្តែនៅគ្រាជំនុំជម្រះចុងក្រោយបង្អស់ សេចក្តីក្រោធពុំមានលាយជាមួយសេចក្តីមេត្តាករុណាឡើយ។ ហ្វូងមនុស្សនឹងប្រាថ្នាចង់បាននូវជម្រកនៃសេចក្តីមេត្តាករុណារបស់ព្រះដែលគេធ្លាប់បានស្អប់ខ្ពើម។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើលអ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង។ យ៉ាកុប ៥:៧