ថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥១
នៅពេលគេកំពុងធ្វើទុក្ខទោស ហើយមានទុក្ខព្រួយជាទម្ងន់ នៅពេលគេស្រេកឃ្លានព្រោះខ្វះអាហារ ព្រះពុំបានទុកចោលឱ្យបណ្តាជនព្រះអង្គត្រូវវិនាសឡើយ។ ពួកទេវតានឹងផ្គត់ផ្គង់នូវសេចក្តីត្រូវការ។ «អាហារនឹងបានប្រទានមកអ្នកនោះ ហើយទឹករបស់អ្នកនោះនឹងចេះតែមាននៅ»។ «អញនឹងតបឆ្លើយដល់គេ អញនេះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល អញ នឹងមិនបោះបង់ចោលគេឡើយ»។ អេសាយ ៣៣:១៦; ៤១:១៧។
ក៏ប៉ុន្តែ នៅចំពោះភ្នែកមនុស្សនឹងឃើញថាក្នុងពេលបន្តិចទៀតរាស្ត្ររបស់ព្រះត្រូវតែបោះត្រាទីបន្ទាល់ដោយឈាមរបស់ខ្លួន ដូចជាពួកប្តូរផ្តាច់បានធ្វើកាលពីដើមដូច្នោះដែរ។ ជាគ្រាឈឺចាប់ដ៏ភ័យខ្លាច។ ពួកអាក្រក់សម្តែងការអរសប្បាយ «ឯណាជំនឿរបស់ឯងឥឡូវនេះ? ហេតុអ្វីបានជាព្រះមិនរំដោះឯងចេញពីកណ្តាប់ដៃយើងទៅ បើឯងជាបណ្តាជនរបស់ទ្រង់មែន នោះ?» ប៉ុន្តែ ពួកអ្នករង់ចាំបាននឹកឃើញអំពីព្រះយេស៊ូវនៅលើឈើឆ្កាងនាកាល់វ៉ារី។ ដូចជាយ៉ាកុបយ៉ាងនោះដែរ គេទាំងអស់គ្នាកំពុងតែកាច់ចំបាប់ជាមួយព្រះ។
ពួកទេវតាចាំយាម
ពួកទេវតាសំកាំងនៅពីលើអស់អ្នកដែលបានរក្សាព្រះបន្ទូលរបស់ព្រះ គ្រីស្ទដែលថាឱ្យស៊ូទ្រាំដោយអត់ធ្មត់។ ពួកលោកបានឃើញផ្ទាល់នូវសេចក្តីទុក្ខព្រួយរបស់ពួកគេ ហើយក៏បានឮពាក្យអធិស្ឋានរបស់គេដែរ។ លោករង់ចាំទទួលបញ្ជាឱ្យឆក់ពួកគេចេញអំពីគ្រោះវេទនាប៉ុណ្ណោះ។ ប៉ុន្តែ ត្រូវរង់ចាំយូរបន្តិចសិន។ រាស្ត្ររបស់ព្រះត្រូវផឹកអំពីពែង ហើយនិងត្រូវឆ្លងកាត់សេចក្តីពិសោធនេះ។ ម៉ាថាយ ២០:២០-២៣។ ដោយព្រោះឈ្មោះអ្នករើសតាំង គ្រាវេទនានឹងត្រូវបានបំព្រួញវិញ។ ទីបំផុតនឹងមកដល់ឆាប់ជាងមនុស្សបានគិតទៅទៀត។
ទោះបីបទបញ្ជាជាទូទៅ បានកំណត់ពេលវេលាឱ្យសម្លាប់ពួកអ្នករក្សាក្រឹត្យវិន័យក៏ដោយក៏មានពួកបច្ចាមិត្តខ្លះ បានឆ្លៀតខ្នះខ្នែងយកជីវិត ពួកគេ មុនពេលចេញបទបញ្ជាទៅទៀត។ ប៉ុន្តែ ពុំមាននរណាម្នាក់អាចឆ្លងកាត់អ្នកយាមដែលសំកាំងនៅជុំវិញរាល់ព្រលឹងស្មោះត្រង់បានឡើយ។ ខ្លះបានខំប្រឹងរត់គេចចេញពីទីក្រុង ប៉ុន្តែ ដាវដែលបានលើកកាប់ពួកគេ បានបាក់ដូចជាចំបើងដូច្នោះ។ អ្នកខ្លះទៀតត្រូវបានការពារដោយពួកទេវតានៅក្នុងទម្រង់ជាអ្នកធ្វើសង្គ្រាម។
ជារៀងរាល់យុគសម័យ ពួកទេវបុត្រនៃស្ថានសួគ៌តែងតែរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចការរបស់មនុស្ស។ ពួកលោកបានទទួលសេចក្តីរាក់ទាក់នៃគេហដ្ឋានរបស់មនុស្សជាតិ ទាំងបានធ្វើជាអ្នកនាំផ្លូវដល់អ្នកដំណើរ បើកទ្វារគុក និងដោះលែងអ្នកដំណើររបស់ព្រះ។ ពួកលោកបានមកប្រមៀលថ្មចេញអំពីផ្នូររបស់ព្រះអង្គសង្គ្រោះផងដែរ។
ពួកទេវតាបានមកមើលក្រុមមនុស្សអាក្រក់នៅឯក្រុងសូដុំម ដើម្បីសម្រេចឱ្យដឹងថា តើពួកគេបានឆ្លងហួសព្រំដែននៃសេចក្តីទ្រាំទ្ររបស់ព្រះទៅហើយឬយ៉ាងណា។ ដោយព្រោះតែមានអ្នកបម្រើស្មោះត្រង់របស់ព្រះអង្គមួយក្រុមតូច ព្រះជាម្ចាស់បានទប់មហន្តរាយ ហើយនិងពន្យារឱ្យហ្វូងមនុស្សរស់នៅដោយសុខដុមរមនា។ តែពួកបាបជនមិនដឹងខ្លួនសោះថា ខ្លួនបានជំពាក់បំណុលជីវិតដល់ក្រុមតូចដ៏ស្មោះត្រង់ដែលខ្លួនសប្បាយនឹងជិះជាន់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក មើលអ្នកធ្វើស្រែគេរង់ចាំផងវិសេស ដែលកើតពីដីមកដោយសេចក្តីអត់ធ្មត់ ទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវផង។ យ៉ាកុប ៥:៧