ថ្ងៃអាទិត្យ ទី១៧​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​អត់ធ្មត់​ដូច្នោះ​ដែរ ទាំង​តាំង​ចិត្ត​ឲ្យ​ខ្ជាប់ខ្ជួន​ឡើង ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ។ យ៉ាកុប ៥:៨

ជារឿយៗនៅក្នុងក្រុមប្រឹក្សានៃលោកីយ៍នេះ ពួកទេវតាតែងតែបានមកធ្វើជាអ្នកនាំមុខនិយាយជំនួស (វាគ្មិន)។ ត្រចៀកមនុស្សជាតិបានស្តាប់ពាក្យអង្វរកររបស់លោក បបូរមាត់មនុស្សជាតិបានចំអកមើលងាយដល់ ឱវាទរបស់លោក។ អ្នកនាំសារនៃស្ថានសួគ៌ទាំងនេះ បានបញ្ជាក់ឱ្យឃើញថា ពួកលោកមានសមត្ថភាពអាចតវ៉ាឱ្យពួកអ្នកដែលត្រូវគេគាបសង្កត់ បានប្រសើរជាងស្មាក្តីដ៏ពូកែសម្តីបំផុតទៀតផង។ លោកបានផ្ចាញ់ផ្ចាល ហើយនិងចាប់ចងពួកមេកំណាចដែលអាចបណ្តាលឱ្យមានការឈឺចាប់ដ៏ខ្លាំងដល់រាស្ត្ររបស់ព្រះ។

រាស្ត្ររបស់ព្រះបានរង់ចាំទាំងចិត្តអន្ទះសាដល់សញ្ញានៃស្តេចរបស់ខ្លួនដែលនឹងយាងមក។ នៅពេលអ្នកកាច់ចំបាប់ដាក់សំណូមពររបស់ខ្លួននៅចំពោះព្រះ ផ្ទៃមេឃក៏ភ្លឺព្រោងព្រាតដោយរស្មីភ្លឺព្រាងៗនៃអនន្តភាព ពាក្យពេចន៍ក៏ធ្លាក់មកដល់ត្រចៀកឮសូរពីរោះដូចបទចម្រៀងទេវតាថា៖ «ជំនួយមកដល់ហើយ»។ ព្រះសូរសៀងព្រះគ្រីស្ទក៏បន្លឺចេញមកអំពីមាត់ទ្វារថា៖ «មើល ខ្ញុំបានមកនៅជាមួយអ្នករាល់គ្នាហើយ កុំខ្លាចអ្វីឡើយ។ ខ្ញុំបានច្បាំងសង្គ្រាមជំនួសអ្នករាល់គ្នា ហើយដោយនូវឈ្មោះខ្ញុំ អ្នករាល់គ្នាបានលើសជាងអ្នកឈ្នះទៅទៀត»។

ព្រះអង្គសង្គ្រោះដ៏វិសេសវិសាល នឹងបញ្ជូនជំនួយមកចំពេលដែលយើងត្រូវការ។ គ្រាវេទនាជាការដកពិសោធដ៏គួរភ័យរន្ធត់មួយសម្រាប់រាស្ត្ររបស់ព្រះ ប៉ុន្តែ គ្រប់ទាំងអ្នកជឿពិតប្រាកដនឹងអាចឃើញដោយជំនឿនូវឥន្ទធនូនៃសេចក្តីសន្យាដែលព័ទ្ធជុំវិញខ្លួន។ «ឯពួកអ្នកប្រោសលោះរបស់ព្រះយេហូវ៉ា គេនឹងវិលមកវិញ ហើយមកដល់ក្រុងស៊ីយ៉ូនដោយច្រៀងចម្រៀង គេនឹងមានសេចក្តីអំណរដ៏នៅអស់កល្បជានិច្ចពាក់លើក្បាល គេនឹងទទួលបានសេចក្តីរីករាយ និងសេចក្តីអំណរ ឯសេចក្តីទុក្ខព្រួយ និងដំងូរនោះនឹងខ្ចាត់បាត់ទៅ»។ អេសាយ ៥១:១១។

ប្រសិនបើឈាមរបស់ស្មរបន្ទាល់ព្រះគ្រីស្ទត្រូវខ្ចាយនៅពេលនេះ នោះភក្តីភាពរបស់គេនឹងមិនបានជាទីបន្ទាល់ធ្វើឱ្យអ្នកឯទៀតបានជឿដល់សេចក្តីពិតឡើយ ដ្បិតអ្នកមានចិត្តរឹងរូសបានវាយជម្នះរលកនៃសេចក្តីមេត្តាករុណា ទាល់តែលែងត្រឡប់មកវិញ។ ប្រសិនបើពួកសុចរិតបានធ្លាក់ទៅជាចំណីរបស់ពួកសត្រូវរបស់ខ្លួននៅពេលនេះ នោះនឹងបានជាជ័យជម្នះដល់ស្តេចនៃសេចក្តីងងឹតហើយ។ ព្រះគ្រីស្ទមានបន្ទូលថា៖ «ចូរមក ជនជាតិខ្ញុំអើយ ចូរឱ្យចូលទៅក្នុងបន្ទប់ខ្លួនហើយបិទទ្វារចុះ៖ ត្រូវឱ្យពួនខ្លួន បន្តិចសិន ទាល់តែសេចក្តីក្រោធបានកន្លងហួសទៅ។ ដ្បិតមើលព្រះយេហូវ៉ា ទ្រង់យាងចេញពីស្ថានរបស់ទ្រង់មក ដើម្បីនឹងសម្រេចទោសដល់មនុស្សនៅលើផែនដីដោយព្រោះអំពើទុច្ចរិតរបស់គេ»។ អេសាយ ២៦:២០,២១។

ការរំដោះអស់អ្នកដែលបានរង់ចាំនូវដំណើរយាងមករបស់ព្រះអង្គដោយអត់ធ្មត់ ហើយដែលមានឈ្មោះកត់ទុកនៅក្នុងបញ្ជីជីវិត នឹងប្រកបដោយសេចក្តីរុងរឿងពេកក្រៃ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្តី​ពិតសំរាប់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំងដោយ​ចិត្ត​ដ៏​ស្អាត​ចុះ។ ពេត្រុសទី១ ១:២២

Powered by CAM