ថ្ងៃច័ន្ទ ទី១៨​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤០) ​

ដែនដីស្ថិតនៅក្នុងភាពអន្តរាយ

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរ​ឲ្យ​អ្នក​រាល់​គ្នា​លន់តួ​ទោស​នឹង​គ្នា ហើយ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បាន​ជា​ចុះ ដ្បិត​សេចក្តី​ទូល​អង្វរ​ដ៏​អស់​ពី​ចិត្ត​របស់​មនុស្ស​សុចរិតនោះ​ពូកែ​ណាស់។ យ៉ាកុប ៥:១៦

នៅពេលច្បាប់របស់មនុស្ស លែងការពារដល់អ្នកដែលគោរពក្រឹត្យវិន័យរបស់ព្រះហើយនោះនឹងមានចលនាកើតឡើងព្រមៗគ្នាក្នុងទឹកដីផ្សេងៗទៀត ដើម្បីកម្ទេចពួកគេ។ នៅគ្រាដែលពេលកំណត់នៃថ្ងៃអាទិត្យខិតជិតឡើង ពួកបណ្តាជននឹងជំនុំគ្នាដើម្បីវាយកម្ទេចក្នុងមួយយប់ដែលនឹងបំបាត់សេចក្តីមានជំនឿខុសគ្នា និងសេចក្តីបន្ទោស។

រាស្ត្ររបស់ព្រះខ្លះនៅក្នុងគុក ខ្លះក្នុងព្រៃភ្នំ អង្វរករសូមឱ្យទ្រង់ការពារ។ ពួកមនុស្សប្រដាប់ដោយអាវុធដែលត្រូវបានបន្ថំដោយពួកទេវតាអាក្រក់កំពុងតែរៀបចំខ្លួនធ្វើមរណកិច្ច។ ក្នុងពេលវេលាដ៏ស្លាប់រស់នេះ ព្រះនឹងចូលមកការពារ៖ «នោះឯងរាល់គ្នានឹងច្រៀងចម្រៀង ដូចនៅពេលណាដែលធ្វើបុណ្យរំលង ហើយនិងមានសេចក្តីរីករាយក្នុងចិត្ត ដូចជាវេលាដែល ...ទៅឯព្រះដែលជាថ្មដានៃសាសន៍អ៊ីស្រាអែល។ ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ទ្រង់ឱ្យឮ ហើយនិងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្តីគ្នាន់ក្នាញ់របស់សេចក្តីក្រោធទ្រង់ និងអណ្តាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង»។ អេសាយ ៣០:២៩,៣០។

ពួកមនុស្សអាក្រក់ ហៀបតែនឹងសម្រុកមករកចំណីរបស់ខ្លួន ស្រាប់តែមានភាពងងឹតយ៉ាងខ្លាំង ដែលខ្មៅជាងភាពងងឹតនៃរាត្រីកាលទៅទៀត ធ្លាក់មកគ្របដណ្តប់លើផែនដី។ បន្ទាប់មកឥន្ទធនូលាតត្រដាងកាត់មេឃ ហើយហាក់បីដូចជាព័ទ្ធជុំវិញក្រុមជំនុំនីមួយៗដែលកំពុងអធិស្ឋាន។ ពួកមនុស្សឆេះឆួលក៏ស្រឡាំងកាំង។ គេក៏បានភ្លេចពីកំហឹងរបស់ខ្លួន ហើយសម្លឹងមើលទៅហើយឃើញសិរីល្អរបស់ព្រះ និងកូនមនុស្សនៅលើព្រះរាជបល្ល័ង្ក។ សូមអាន កិច្ចការ ៧:៥៥,៥៦។ គេបានយល់ពីទីសម្គាល់នៃសេចក្តីអាម៉ាស់មុខរបស់ទ្រង់ ហើយឮពាក្យទូលសូមផង៖ «ទូលបង្គំចង់ឱ្យគេនៅជាមួយនឹងទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ»។ យ៉ូហាន ១៧:២៤។ មានឮសំឡេងបន្លឺឡើងថា៖ «ពួកគេមកទាំងបរិសុទ្ធ មិនកាចសាហាវ ហើយ មិនប្រឡាក់ផង ពួកគេបានរក្សាបន្ទូលនៃសេចក្តីអត់ធ្មត់របស់អញ!»

ក្នុងកណ្តាលអធ្រាត្រ ព្រះសម្តែងព្រះមហិទ្ធិឫទ្ធិរបស់ទ្រង់ ដើម្បីរំដោះរាស្ត្រទ្រង់។ ព្រះអាទិត្យលេចមកទាំងបញ្ចេញរស្មីដ៏ពេញទំហឹង។ សញ្ញា និងការអស្ចារ្យទាំងឡាយទៀតក៏កើតឡើងតាមលំដាប់។ មនុស្សទុច្ចរិតមើលទៅទស្សនីយភាពនេះដោយភ័យរន្ធត់ ឯពួកអ្នកសុចរិតគេមើលទៅឯសក្ខីភាពនៃការរំដោះរបស់គេវិញ។ ក្នុងកណ្តាលអាកាសវេហាដ៏ក្រេវក្រោធមានឮព្រះសូរសៀងរបស់ព្រះបន្លឺចេញពីទីលំហមួយដែលមានសេចក្តីរុងរឿងរកពិពណ៌នាពុំបាន ឮសូរដូចជាទឹកធ្លាក់យ៉ាងខ្លាំងថា៖ រួចរាល់ហើយ។ វិវរណៈ ១៦:១៧។

ព្រះសូរសៀងនោះ រំជួយផ្ទៃមេឃ និងផែនដី។ មានការរញ្ជួយផែនដីដ៏ខ្លាំងមួយ «ដល់ម៉្លេះបានជាតាំងពីមានមនុស្សនៅផែនដីរៀងមក នោះមិនដែលមានកក្រើកដីយ៉ាងខ្លាំង ហើយសម្បើមដូច្នោះឡើយ»។ វិវរណៈ ១៦:១៨។ កម្ទេចថ្ម បែកខ្ចាត់ខ្ចាយគ្រប់ជ្រុង។ សមុទ្រក៏បោកយ៉ាងខ្លាំង។ មានឮសន្ធឹកព្យុះសង្ឃរា ដូចជាសំឡេងព្រាយបិសាច។ ស្រទាប់ផែនដីកក្រើកញែកចេញពីគ្នា។ គ្រឹះរបស់វាទ្រាំទ្រទៀតលែងបាន។ ទឹកកំណាចបានលេបកំពង់ផែដែលបានក្លាយដូចជាក្រុងសូដុំម ដោយព្រោះ តែអំពើទុច្ចរិត។ ព្រះបាននឹកចាំពី «បាប៊ីឡូនដ៏ជាធំ ដើម្បីនឹង​ឱ្យពែងស្រារបស់សេចក្តីឃោរឃៅផងសេចក្តីខ្ញាល់ទ្រង់ដល់គេ»។ វិវរណៈ ១៦:១៩។ ដុំព្រឹលដ៏ធំមហិមាធ្វើការបំផ្លិចបំផ្លាញ។ ទីក្រុងខ្ពស់ៗទាំងឡាយរលំរាបធេង។ វិមានស្តុកស្តម្ភទាំងឡាយដែលពួកមនុស្សបានចំណាយទ្រព្យសម្បត្តិរបស់ខ្លួនទៅលើនោះ រលំធ្លាក់នៅនឹងមុខគេ។ ជញ្ជាំងគុកបែកបាក់ខ្ចាត់ខ្ចាយទៅជាបំណែក ហើយរាស្ត្ររបស់ព្រះបានរួចពីគុក។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្តី​ពិតសំរាប់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំងដោយ​ចិត្ត​ដ៏​ស្អាត​ចុះ។ ពេត្រុសទី១ ១:២២

Powered by CAM