ថ្ងៃអង្គារ ទី១៩​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ នោះ​ត្រូវ​ដឹង​ថា អ្នក​ណា​ដែល​នាំ​មនុស្ស​បាប ឲ្យ​ត្រឡប់​ពី​ផ្លូវ​វង្វេង​មក​វិញ នោះ​ឈ្មោះ​ថា បាន​ជួយ​សង្គ្រោះ​ព្រលឹង​១ ឲ្យ​រួច​ពី​សេចក្តី​ស្លាប់ ហើយ​ក៏​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត​ផង។ យ៉ាកុប ៥:២០

ផ្នូរទាំងឡាយបើកឡើង «ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី...ភ្ញាក់ឡើងវិញ...ខ្លះឱ្យបានជីវិតរស់នៅអស់កល្បជានិច្ច និងខ្លះឱ្យបានសេចក្តីអាម៉ាស់ខ្មាស ហើយឱ្យបានជាទីខ្ពើមឆ្អើមនៅអស់កល្បជានិច្ចវិញ»។ ពួកអ្នកដែលបានចាក់ព្រះគ្រីស្ទ អ្នកដែលបានចំអកដល់ការឈឺចុកចាប់ដល់ទីមរណារបស់ទ្រង់ និងអ្នកដែលប្រឆាំងដ៏ហិង្សាដល់សេចក្តីពិតរបស់ទ្រង់បានរស់ឡើងវិញ ឱ្យបានឃើញកិត្តិយសដែលបានប្រទានដល់អ្នកស្មោះត្រង់ និងអ្នកស្តាប់ឱវាទ។ ដានីយ៉ែល ១២:២; វិវរណៈ ១:៧។

រន្ទះដ៏សាហាវ គ្របដណ្តប់ផែនដីក្នុងស្រទាប់នៃអណ្តាតភ្លើង។ មានសំឡេងឮខ្ទ័រខ្លាំងជាងផ្គរលាន់ ហើយអស្ចារ្យជាទីបំផុត ថ្លែងប្រាប់ពីសេចក្តី វិនាសសាបសូន្យនៃមនុស្សទុច្ចរិត។ អ្នកដែលមានអំនួត និងរឹងចចេស ថែមទាំងឃោរឃៅដល់រាស្ត្រដែលរក្សាក្រឹត្យវិន័យរបស់ព្រះនោះ ឥឡូវនេះញាប់ញ័រដោយសេចក្តីភ័យខ្លាច។ អារក្សបិសាចទាំងឡាយញ័ររន្ធត់ជាខ្លាំង ក្នុងពេលដែលមនុស្សកំពុងទូលអង្វរសូមសេចក្តីមេត្តាករុណា។

ថ្ងៃនៃព្រះយេហូវ៉ា

ហោរាអេសាយបានមានប្រសាសន៍ថា៖ «នៅគ្រានោះ មនុស្សនឹងបោះចោលរូបព្រះរបស់ខ្លួនដែលធ្វើពីមាសហើយពីប្រាក់ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំ ទៅឱ្យកណ្តុរ ហើយនិងប្រចៀវ ដើម្បីនឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឱ្យបានរួចពីសេចក្តីស្ញែងខ្លាចនៃព្រះយេហូវ៉ា និងសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់ ក្នុងកាលដែលទ្រង់ក្រោកឡើងនឹងអង្រួនផែនដីដោយឫទ្ធិយ៉ាងអស្ចារ្យ»។ អេសាយ ២:២០,២១។

អ្នកដែលបានលះបង់ទាំងអស់សម្រាប់ព្រះគ្រីស្ទ ឥឡូវនេះបានផុត ពីគ្រោះភិតភ័យហើយ។ គេបានបង្ហាញយ៉ាងច្បាស់នូវភក្តីភាពដល់ព្រះ ទ្រង់ដែលបានសុគតជួសគេដល់ពិភពលោក ហើយនិងក្នុងកាលប្រឈមមុខនឹងសេចក្តីស្លាប់។ ទឹកមុខដ៏សស្លាំងហើយស្រពោននោះ ឥឡូវត្រូវបានរីកស្រស់បំព្រង ទាំងមានអំណរយ៉ាងអស្ចារ្យ។ សំឡេងរបស់គេបានស្រែកឡើងក្នុងចម្រៀងជ័យឃោសថា៖ «ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកម្លាំងនៃយើងខ្ញុំជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន ហេតុនោះយើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះនៅកណ្តាលសមុទ្រក៏ដោយ។ ទោះបើទឹកសមុទ្របញ្ចេញសូរគឹកកង ហើយរំជួលឡើង ឬភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកលោតចុះឡើងក្តី»។ ទំនុកតំកើង ៤៦:១-៣។

ក្នុងពេលដែលសូរសៀងនៃទំនុកបរិសុទ្ធនេះបានឮឡើងទៅដល់ព្រះ សិរីល្អនៃនគរស្ថានសួគ៌ ក៏ជះចេញពីទ្វារដែលបានបើករួចមកហើយនោះ។ បន្ទាប់មក នៅលើមេឃមានដៃមួយកាន់បន្ទះថ្មពីរផ្ទាំង។ ក្រឹត្យវិន័យបរិសុទ្ធដែលបានប្រកាសនៅភ្នំស៊ីណាយ ឥឡូវបានបើកសម្តែងជាខ្នាតនៃការជំនុំជម្រះ។ ពាក្យទាំងឡាយងាយស្រួលអាន ហើយពួកគេទាំងអស់គ្នាអាចអានបាន។ ការចងចាំក៏បានភ្ញាក់រលឹកឡើង។ ភាពងងឹតនៃជំនឿអកុសល និងជំនឿខុសឆ្គងបានរសាត់ពីគំនិតគេគ្រប់ៗគ្នា។

សេចក្តីរន្ធត់ និងសេចក្តីអស់សង្ឃឹមនៃអ្នកដែលបានជាន់ឈ្លីក្រឹត្យវិន័យរបស់ព្រះ គឺរកពិពណ៌នាពុំបានសោះឡើយ។ ដើម្បីផ្គាប់ចិត្តលោកីយ៍ ពួកគេបានបំភ្លេចសិក្ខាបទនៃក្រឹត្យវិន័យ ហើយបង្រៀនអ្នកដទៃឱ្យប្រព្រឹត្តរំលងដែរ។ ឥឡូវនេះ ក្រឹត្យវិន័យដែលគេបានស្អប់ខ្ពើមត្រូវកាត់ទោសគេវិញ។ គេបានដឹងហើយថា គេមិនអាចដោះសាបានឡើយ។ ពួកសត្រូវនៃក្រឹត្យវិន័យរបស់ព្រះ មានការយល់ដឹងថ្មីអំពីសេចក្តីពិត និងអ្វីដែលត្រូវធ្វើ។ គឺយឺតពេលហើយ នៅពេលគេដឹងថាថ្ងៃឈប់សម្រាកជាត្រារបស់ព្រះដ៏រស់នៅនោះ។ យឺតពេលហើយនៅពេលគេឃើញគ្រឹះដែលបានសង់ពីលើនោះជាខ្សាច់។ គេបានជម្នះទទឹងនឹងព្រះ។ គ្រូសាសនាទាំងឡាយបាននាំមនុស្សឱ្យធ្លាក់នរក ក្នុងពេលដែលគេអះអាងថា គេកំពុងដឹកនាំកូនចៀម របស់ខ្លួនចូលទៅស្ថានបរមសុខ។ ឱ ទំនួលខុសត្រូវនៃមនុស្សក្នុងតំណែងដ៏បរិសុទ្ធនោះធំណាស់ន៎! លទ្ធផលនៃភាពមិនស្មោះត្រង់របស់គេគឺអាក្រក់អ្វីម៉្លេះ!
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្តី​ពិតសំរាប់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំងដោយ​ចិត្ត​ដ៏​ស្អាត​ចុះ។ ពេត្រុសទី១ ១:២២

Powered by CAM