ថ្ងៃពុធ ទី២០​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដូច្នេះ ចូរ​ក្រវាត់​គំនិត​អ្នក​រាល់​គ្នា​ឲ្យ​មាំមួន​ចុះ ទាំង​ដឹង​ខ្លួន ហើយ​ឲ្យ​មាន​សេចក្តី​សង្ឃឹម​គ្រប់​ជំពូក ដល់​ព្រះគុណ​ដែល​ត្រូវ​ផ្តល់​មក​ដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ព្រះយេស៊ូវគ្រីស្ទ​ទ្រង់​លេច​មក​ផង។ ពេត្រុសទី១ ១:១៣

ស្តេចលើអស់ទាំងស្តេចលេចមក

ព្រះសូរសៀងរបស់ព្រះថ្លែងពីពេលវេលានៃការយាងមករបស់ព្រះគ្រីស្ទក៏បានឮឡើង។ សាសន៍អ៊ីស្រាអែលរបស់ព្រះកំពុងឈរស្តាប់ ទឹកមុខរបស់គេមានរស្មីភ្លឺថ្លាដោយសិរីល្អរបស់ទ្រង់។ ក្រោយមកដុំពពកខ្មៅតូចមួយលេចឡើងនៅឯទិសខាងកើត។ ជាពពកដែលហ៊ុមព័ទ្ធព្រះអង្គសង្គ្រោះ។ ពេលពពករសាត់កាន់តែជិតមកដល់ហើយ រាស្ត្ររបស់ព្រះក៏សម្លឹងមើលក្នុង ភាពស្ងប់ស្ងាត់ជាទីបំផុត រហូតដល់ពពកនោះធំហើយសស្គុស មានបាតជាសេចក្តីរុងរឿងដូចជាភ្លើងដ៏សន្ធោសន្ធៅ ហើយនៅពីលើមានឥន្ទធនូនៃសេចក្តីសញ្ញាផង។ ឥឡូវទ្រង់ពុំមែនជា «មនុស្សទូទុក្ខ» ទៀតទេ ព្រះយេស៊ូវយាងមកដូចជាមេទ័ពដ៏ខ្លាំងពូកែ។ ពួកទេវតាបរិសុទ្ធដែលមានចំនួនដ៏ច្រើនរាប់មិនអស់ ហែហមទ្រង់ «មានទាំងពាន់ៗ...ហើយទាំងម៉ឺនទាំងសែន» ផង។ គ្រប់ទាំងភ្នែកសម្លឹងមើលស្តេចនៃជីវិត។ មានមកុដនៃសិរីល្អនៅលើ ព្រះកេសទ្រង់។ ព្រះភ័ក្ត្ររបស់ទ្រង់ភ្លឺជាងរស្មីនៃព្រះអាទិត្យនាកណ្តាលថ្ងៃ ត្រង់ទៅទៀត។ ទ្រង់មានព្រះនាមកត់នៅព្រះពស្ត្រ និងព្រះឧរូទ្រង់ថា ស្តេចលើអស់ទាំងស្តេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់។ វិវរណ​​​ៈ ១៩:១៦។

ស្តេចលើអស់ទាំងស្តេច ចុះមកពីពពក ហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។ ផែនដីញាប់ញ័រនៅចំពោះទ្រង់៖ «ព្រះនៃយើងទ្រង់យាងមក ហើយមិននៅស្ងៀមទេ មានភ្លើងឆេះនៅចំពោះទ្រង់ ហើយនៅព័ទ្ធជុំវិញទ្រង់មានព្យុះសង្ឃរា។ ទ្រង់បង្គាប់ដល់ស្ថានសួគ៌នៅខាងលើ និងដល់ផែនដី ដើម្បីជំនុំជម្រះរាស្ត្ររបស់ទ្រង់»។ ទំនុកតំកើង ៥០:៣,៤។

«អស់ទាំងស្តេចនៅផែនដី និងពួកអ្នកធំ ពួកអ្នកមាន ពួកមេទ័ព ពួកខ្លាំងពូកែ ហើយគ្រប់ទាំងបាវបម្រើ និងអ្នកជាទាំងប៉ុន្មាន គេពួននៅក្នុងរអាង ហើយក្នុងក្រហែងភ្នំទាំងអស់គ្នា។ គេអង្វរទៅភ្នំ ហើយទៅថ្មថា សូមធ្លាក់មកលើយើង ដើម្បីបំបាំងយើងពីព្រះភ័ក្ត្រព្រះអង្គដែលគង់នៅលើបល្ល័ង្ក និងពីសេចក្តីក្រោធរបស់កូនចៀមចេញ។ ដ្បិតថ្ងៃនៃសេចក្តីក្រោធរបស់ទ្រង់បានមកដល់ហើយ តើអ្នកណាអាចនឹងឈរនៅបាន?» វិវរណៈ ៦:១៥-១៧។

ពាក្យចំអកឡកឡឺយលែងមានតទៅទៀត ហើយអណ្តាតនិយាយកុហកក៏បានស្ងាត់ស្ងៀម។ ក្រៅពីសំឡេងអធិស្ឋាន និងសំឡេងទ្រហោយំ គ្មានឮសំឡេងអ្វីទៀតសោះ។ មនុស្សទុច្ចរិតបន់ឱ្យគេបង្កប់ខ្លួនក្រោមថ្មជាជាងជួបព្រះភ័ក្ត្ររបស់ព្រះដែលគេបានស្អប់។ គេស្គាល់សំឡេងដែលដាស់មនុស្សស្លាប់។ តើសំឡេងដ៏ស្រទន់នោះបានហៅគេប៉ុន្មានដងហើយឱ្យប្រែចិត្ត?។ តើបានឮការអង្វរកររបស់មិត្តភក្តិ បងប្អូន និងព្រះដ៏ប្រោសលោះប៉ុន្មានដងហើយ?។ សំឡេងនោះធ្វើឱ្យគេនឹកចាំពីកាលដែលគេបានស្អប់ខ្ពើមដល់សេចក្តីព្រមាន និងពីកាលដែលគេបានបដិសេធសេចក្តីអញ្ជើញ។

មានអ្នកដែលចំអកឱ្យព្រះគ្រីស្ទ ក្នុងសេចក្តីអាម៉ាស់របស់ទ្រង់។ ទ្រង់បានមានបន្ទូលថា៖ «អំណឹះតទៅមុខ អ្នករាល់គ្នានឹងឃើញកូនមនុស្ស អង្គុយនៅខាងស្តាំនៃព្រះដ៏មានព្រះចេស្តា ហើយទាំងមកនៅលើពពកនៅលើមេឃផង»។ ម៉ាថាយ ២៦:៦៤។ ឥឡូវនេះ គេមើលទ្រង់ក្នុងសេចក្តីរុងរឿងរបស់ទ្រង់ គេមិនទាន់ឃើញទ្រង់ប្រថាប់នៅខាងស្តាំដៃនៃព្រះដ៏មានព្រះចេស្តានៅឡើយទេ។ មានស្តេចហេរ៉ូឌដ៏ក្រអឺតក្រអាងដែលចំអកឱ្យព្រះនាមរបស់ទ្រង់។ មានមនុស្សដែលដាក់មកុដបន្លានៅលើព្រះកេសទ្រង់ និង ទឹកខ្មេះនៅលើព្រះហស្តទ្រង់ ទាំងស្តោះលើស្តេចនៃជីវិតផង ជាអ្នកដែលឱនគោរពទ្រង់ក្នុងការចំអកប្រមាថមើលងាយ។ ពួកគេរករត់គេចពីវត្តមាន របស់ទ្រង់។ អ្នកដែលបោះដែកគោលទម្លុះព្រះហស្ត និងព្រះបាទារបស់ទ្រង់មើលស្លាកស្នាមទាំងនេះដោយសេចក្តីរន្ធត់ និងស្តាយក្រោយជាទីបំផុត។

ពួកសង្ឃ និងពួកអ្នកដឹកនាំ នឹកទៅដល់ព្រឹត្តិការណ៍នៃកាល់វ៉ារីយ៉ាងច្បាស់អស្ចារ្យ នៅពេលដែលគេបានងក់ក្បាលអរសប្បាយដោយខ្លួនបាន ទទួលជ័យជម្នះ ហើយឧទានឡើងថា «វាជួយសង្គ្រោះមនុស្សឯទៀតបាន តែមិនអាចនឹងជួយសង្គ្រោះដល់ខ្លួនវាបាន»។ ម៉ាថាយ ២៧:៤២។ សំឡេងថ្ងូរអស់សង្ឃឹមដែលបន្លឺឡើងថា «ទ្រង់ជាព្រះរាជបុត្រារបស់ព្រះ!» បានឮខ្លាំងជាងសម្រែក «ឆ្កាងវាទៅ!» ដែលឮខ្ទ័រពេញក្រុងយេរូសាឡិមទៅទៀត។ គេរករត់គេចខ្លួនពីវត្តមាននៃស្តេចលើអស់ទាំងស្តេច។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្តី​ពិតសំរាប់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំងដោយ​ចិត្ត​ដ៏​ស្អាត​ចុះ។ ពេត្រុសទី១ ១:២២

Powered by CAM