ថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធក្នុងគ្រប់កិរិយាទាំងអស់ ដូចជាព្រះដែលហៅអ្នករាល់គ្នាទ្រង់បរិសុទ្ធដែរ។ ពេត្រុសទី១ ១:១៥
ក្នុងជីវិតនៃអស់អ្នកដែលបដិសេធសេចក្តីពិត មានគ្រាដែលសម្បជញ្ញៈ ភ្ញាក់រលឹកឡើងម្តងៗនៅពេលដែលសេចក្តីស្តាយក្រោយដ៏ឥតប្រយោជន៍ ធ្វើទុក្ខដុកដាន់ដល់ព្រលឹង ប៉ុន្តែ ការទាំងនេះប្រៀបផ្ទឹមនឹងសេចក្តីស្តាយក្រោយនៃថ្ងៃនោះម្តេចកើត។ ក្នុងក្តីរន្ធត់របស់គេ គេឮសំឡេងនៃពួកបរិសុទ្ធឧទានឡើងថា៖ «មើល នេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយសង្គ្រោះយើង»។ អេសាយ ២៥:៩។
ទាំងអស់គ្នាចេញមកពីផ្នូរក្នុងសណ្ឋានដូចពេលដែលគេបានចូលទៅក្នុងផ្នូរដូច្នោះដែរ។ ប៉ុន្តែ ទាំងអស់គ្នារស់ឡើងវិញដោយមានភាពស្រស់បស់ និងកម្លាំងមាំមួន ជាយុវភាពអស់កល្បជានិច្ច។ ព្រះគ្រីស្ទបានយាងមក ដើម្បីកែលម្អឡើងវិញនូវអ្វីដែលបានបាត់បង់ទៅ។ ទ្រង់នឹងបំផ្លាស់បំប្រែរាងកាយទុច្ចរិតរបស់យើង ហើយធ្វើឱ្យដូចជាព្រះកាយដ៏ពោរពេញទៅដោយសិរីល្អរបស់ទ្រង់។ ទម្រង់ដែលរមែងស្លាប់ និងរមែងពុករលួយដែលធ្លាប់បានប្រឡាក់កខ្វក់ដោយបាបកម្មនោះក្លាយទៅជាគ្រប់លក្ខណ៍ ល្អឆើតឆាយ និងអមតៈ។ ស្នាមប្រឡាក់ ទម្រង់ខូចវៀចវេរ គឺបានទុកចោលនៅក្នុងផ្នូរវិញ។ អ្នកដែលបានប្រោសលោះ នឹងចម្រើនឡើងទៅជាសាសន៍ដែលមានមាឌ និងកម្ពស់ក្នុងសិរីល្អដូចកាលពីដើមដំបូង។ ស្លាកស្នាមចុងក្រោយបង្អស់នៃបណ្តាសានៃអំពើបាប នឹងត្រូវបានលុបចោល។ ពួកអ្នកស្មោះត្រង់ចំពោះ ព្រះគ្រីស្ទនឹងមានភាពដ៏គ្រប់លក្ខណ៍នៅក្នុងគំនិត ព្រលឹង និងសព៌ាង្គកាយរបស់គេដូចព្រះអម្ចាស់របស់គេដែរ។
អ្នកសុចរិតដែលរស់នៅត្រូវបានផ្លាស់ប្តូរ «ក្នុងមួយរំពេច គឺក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ»។ គ្រាន់តែឮព្រះសូរសៀងរបស់ព្រះ នោះពួកគេបានក្លាយទៅជាអមតៈភ្លាម ហើយក៏ហោះឡើងជាមួយនឹងពួកបរិសុទ្ធ ទៅជួបព្រះអម្ចាស់របស់គេនាឰដ៏អាកាស។ ពួកទេវតាប្រមូលពួករើសតាំងរបស់ព្រះអង្គពីទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង។ ម៉ាថាយ ២៤:៣១។ កូនតូចតាចត្រូវបានប្រគល់ឱ្យម្តាយរបស់វាបីត្រកងវិញ។ មិត្រសម្លាញ់ដែលបែកគ្នាជាយូរកន្លងមកហើយនោះ ត្រូវបានជួបគ្នាវិញ ហើយនិងមិនដែលឃ្លាតពីគ្នាទៀតឡើយ ហើយក៏ហោះឡើងជាមួយគ្នាទៅលើទាំងច្រៀងចម្រៀងនៃអំណរឆ្ពោះទៅកាន់នគររបស់ព្រះ។
ការចូលទៅក្នុងទីក្រុងបរិសុទ្ធ
អស់ទាំងពួកដែលបានប្រោសលោះដែលមានចំនួនឥតគណនា សម្លឹងមកឯព្រះយេស៊ូវ។ គ្រប់ទាំងភ្នែកសម្លឹងមើលសិរីល្អរបស់ទ្រង់ «ដ្បិតព្រះភ័ក្ត្រទ្រង់ត្រូវខូចទៅខុសជាងមនុស្សធម្មតា ហើយរាងកាយទ្រង់ក៏ខុសនឹង រាងកាយរបស់មនុស្សជាតិទាំងពួងផង»។ អេសាយ ៥២:១៤។ ព្រះយេស៊ូវ ទ្រង់បំពាក់មកុដនៃសិរីល្អនៅលើក្បាលអ្នកដែលមានជ័យជម្នះ។ ម្នាក់ៗមានមកុដមួយមាន «ឈ្មោះថ្មី» របស់គេ (វិវរណៈ ២:១៧) ព្រមទាំងមានចារិកដែលចែងថា «បរិសុទ្ធដល់ព្រះយេហូវ៉ា» នៅលើមកុដនោះផង។ ក្នុង ដៃគេម្នាក់ៗ មានរង្វាន់កិត្តិយស និងពិណដ៏ភ្លឺស្រឡាង។ បន្ទាប់មក នៅពេលមេទេវតាចាប់ផ្តើមទំនុកភ្លេង ដៃទាំងប៉ុន្មានក៏ផ្ទាត់ខ្សែពិណ ដោយការប៉ិនប្រសប់ បញ្ចេញសូរស័ព្ទយ៉ាងពីរោះក្រៃលែង។ សំឡេងនីមួយៗស្រែកឡើងក្នុងការសរសើរតម្កើងដ៏ប្រពៃថា៖ «រីឯព្រះអង្គដែលស្រឡាញ់យើង រាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ឱ្យបានរួចពីបាប ព្រមទាំងតាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃថ្វាយព្រះដ៏ជាព្រះវរបិតា នោះសូមឱ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ចរៀងរាបតទៅ»។ វិវរណៈ ១:៥,៦។
នៅចំពោះពួកដែលត្រូវបានបង់ថ្លៃលោះ គឺជាទីក្រុងបរិសុទ្ធ។ ព្រះយេស៊ូវក៏បើកទ្វារ ហើយប្រជាជាតិដែលបានកាន់សេចក្តីពិតក៏អញ្ញើញចូលទៅក្នុង។ បន្ទាប់មកទើបឮព្រះសូរសៀងរបស់ទ្រង់ថា «ឱពួកអ្នកដែលព្រះ វរបិតាយើងប្រទានពរអើយ ចូរមកទទួលមរតកចុះ គឺជានគរដែលបាន រៀបចំទុកសម្រាប់អ្នករាល់គ្នា តាំងតែពីកំណើតលោកីយ៍មក»។ ម៉ាថាយ ២៥:៣៤។ ព្រះគ្រីស្ទបង្ហាញដល់ព្រះវរបិតានូវទំនិញនៃព្រះលោហិតរបស់ទ្រង់ ដោយមានព្រះបន្ទូលថា៖ «មើល ទូលបង្គំនេះ និងពួកកូនចៅដែល ទ្រង់បានប្រទានមកទូលបង្គំ»។ «ទូលបង្គំបានរក្សាទុកដល់អស់អ្នកដែលទ្រង់ប្រទានមកទូលបង្គំ»។ ហេព្រើរ ២:១៣; យ៉ូហាន ១៧:១២។ ឱ សេចក្តីសប្បាយរីករាយដ៏ហួសនិស្ស័យស្មាននាពេលនោះ ពេលដែលព្រះវរបិតាដ៏មានព្រះជន្មគ្មានទីបំផុត ទតមើលពួកអ្នកដែលត្រូវបានបង់ថ្លៃលោះ ព្រមទាំងឃើញរូបរបស់ព្រះគ្រីស្ទ ទាំងមានរោគានៃអំពើបាបត្រូវបានដកចេញអស់ទៅ ហើយមនុស្សជាតិបានសមប្រកបនឹងព្រះម្តងទៀត គឺអស្ចារ្យណាស់ហ្ន៎!
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នករាល់គ្នាបានជំរះសំអាតចិត្ត ដោយស្តាប់តាមសេចក្តីពិតសំរាប់ឲ្យបានសេចក្តីស្រឡាញ់ជាបងប្អូនឥតពុតមាយា ដូច្នេះ ចូរស្រឡាញ់គ្នាទៅវិញទៅមកជាយ៉ាងខ្លាំងដោយចិត្តដ៏ស្អាតចុះ។ ពេត្រុសទី១ ១:២២