ថ្ងៃសុក្រ ទី២២​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​អំពាវនាវ​ដល់​ទ្រង់ ទុក​ដូច​ជា​ព្រះវរបិតា​ដែល​ទ្រង់​ជំនុំ​ជំរះ តាម​ការ​ដែល​គេ​ប្រព្រឹត្ត​រៀង​ខ្លួន ឥត​រើស​មុខ​អ្នក​ណា នោះ​ត្រូវ​តែ​ប្រព្រឹត្ត​ដោយ​កោតខ្លាច ក្នុង​កាល​ដែល​នៅ​សំណាក់​ក្នុង​ជីវិត​នេះ​នៅ​ឡើយ​ចុះ។ ពេត្រុសទី១ ១:១៧

ក្នុងព្រះរាជនគរនៃសេចក្តីរុងរឿង ព្រះអង្គសង្គ្រោះមានសោមនស្សរីករាយ ក្នុងកាលដែលទ្រង់ទតឃើញព្រលឹងទាំងឡាយដែលបានសង្គ្រោះ ដោយសេចក្តីឈឺចាប់ និងសេចក្តីអាម៉ាស់របស់ទ្រង់។ ពួកដែលត្រូវបានប្រោសលោះក៏ជួយអបអរទ្រង់ដែរ។ គេបានមើលអ្នកមានជ័យជម្នះដោយការអធិស្ឋាន ពលកម្ម និងដោយស្រឡាញ់ការលះបង់។ សេចក្តីរីករាយនឹងបានពេញក្នុងចិត្តគេ នៅពេលគេឃើញមនុស្សម្នាក់បានជួយសង្គ្រោះអ្នកដទៃ ហើយអ្នកនោះសង្គ្រោះអ្នកឯទៀតតៗគ្នាជាលំដាប់ទៅ។

អ័ដាមទាំងពីរជួបគ្នា

នៅពេលអ្នកដែលបានបង់ថ្លៃលោះបានស្វាគមន៍ចូលទៅក្នុងទីក្រុងរបស់ព្រះហើយ ក៏មានឮសំឡេងសរសើរតម្កើងបន្លឺឡើង។ អ័ដាមទាំងពីរហៀបតែនឹងជួបគ្នា។ ព្រះរាជបុត្រារបស់ព្រះនឹងទទួលឪពុកនៃពូជរបស់យើង ដែលទ្រង់បានបង្កើតមក ក៏បានមានបាប ហើយដោយសារតែអំពើបាបនោះ បានជាមានស្លាកស្នាមនៃការឆ្កាងជាប់នៅលើទម្រង់របស់ព្រះអង្គ សង្គ្រោះ។ នៅពេលអ័ដាមឃើញស្នាមដែកគោល លោកក៏ទម្លាក់ខ្លួនចុះនៅនឹងព្រះបាទានៃព្រះគ្រីស្ទក្នុងសេចក្តីអាម៉ាស់។ ព្រះអង្គសង្គ្រោះក៏លើក លោកឡើង ហើយឱ្យមើលម្តងទៀតទៅឯសួនអេដែនដ៏ជាមាតុភូមិដែលលោកបានឃ្លាតចាកចេញជាយូរលង់មកហើយនោះ។

ជីវិតរបស់អ័ដាមបានពោរពេញដោយសេចក្តីសោកសង្រេង។ គ្រប់ទាំងស្លឹកឈើដែលជ្រុះស្វិតស្រពោន គ្រប់ទាំងភាពរងគ្រោះនៃយញ្ញបូជា គ្រប់ទាំងស្នាមប្រឡាក់នៅលើភាពបរិសុទ្ធរបស់មនុស្ស សុទ្ធតែជាការរំលឹកនៃអំពើបាបរបស់លោក។ សេចក្តីចុកចាប់នៃការសោកស្តាយក្រោយនោះខ្លាំងក្លាពន់ពេកណាស់ នៅពេលអ្វីៗដែលលោកឃើញ ចង្អុលមកគាត់ថាជាដើមចមនៃអំពើបាប។ លោកបានលន់តួបាបដោយស្មោះត្រង់ ហើយបានស្លាប់ដោយសង្ឃឹមថានឹងរស់ឡើងវិញ។ ឥឡូវនេះ អ័ដាមត្រូវបានដូចដើមវិញដោយសារការប្រោសលោះ។

ដោយមានចិត្តរំភើបជាក្រៃលែង លោកបានគយគន់មើលព្រៃព្រឹក្សាទាំងឡាយដែលធ្លាប់ជាទីគាប់ចិត្តដល់លោក ហើយធ្លាប់បានបេះផ្លែ ក្នុងកាលដែលលោកឥតមានទោស។ លោកឃើញដើមទំពាំងបាយជូរ ដែលដៃរបស់លោកបានបំពាត់ និងផ្កាទាំងឡាយដែលលោកធ្លាប់បីបាច់ថែរក្សា។ ប្រាកដមែន! នេះជាសួនអេដែនដែលត្រូវបានកែលម្អឡើងវិញ។

ព្រះអង្គសង្គ្រោះ នាំលោកទៅឯដើមជីវិត ហើយឱ្យលោកបរិភោគ។ លោកឃើញក្រុមគ្រួសាររបស់លោកដ៏សន្ធឹកដែលត្រូវបានប្រោសលោះ។ បន្ទាប់មក លោកដោះមកុដរបស់លោកដាក់ចុះទាបព្រះបាទាព្រះយេស៊ូវ ហើយក៏ឱបព្រះអង្គប្រោសលោះ។ លោកក៏ប៉ះពិណ ហើយចម្រៀងជ័យឃោសក៏បញ្ចេញសូរស័ព្ទខ្ទរពេញប្រាសាទនៃស្ថានសួគ៌៖ «កូនចៀមដែលបានសម្លាប់នោះនឹងបានព្រះចេស្តា»។ វិវរណៈ ៥:១២។ ក្រុមគ្រួសារអ័ដាម ដោះមកុដរបស់គេដាក់នៅនឹងព្រះបាទានៃព្រះអង្គសង្គ្រោះ ហើយគេឱនក្បាលគោរពក្នុងសេចក្តីកោតសរសើរ។ ពួកទេវតាយំនៅពេលអ័ដាមបានមានបាប ហើយអរសប្បាយនៅពេលព្រះយេស៊ូវ បានប្រោសដល់អស់អ្នកដែលជឿដល់ព្រះនាមទ្រង់ឱ្យរស់ឡើងវិញ។ ឥឡូវនេះ ពួកគេមើលកិច្ចការនៃការប្រោសលោះបានសម្រេចជាស្ថាពរ ហើយបន្លឺសំឡេងរបស់ពួកគេក្នុងសេចក្តីកោតសរសើរ។

នៅលើ «សមុទ្រកែវលាយនឹងភ្លើង» គឺជាក្រុមដែល «បានឈ្នះនឹងសត្វនោះ និងរូបវាហើយជាលេខរបស់វាផង»។ ពួកមួយសែនបួនម៉ឺនបួនពាន់ត្រូវបានប្រោសលោះពីចំណោមមនុស្ស ហើយគេច្រៀង «បទមួយថ្មី» ជាចម្រៀងរបស់លោកម៉ូសេ និងកូនចៀម។ វិវរណៈ ១៥:២,៣។ គ្មាននរណាអាចច្រៀងចម្រៀងនោះបានទេ មានតែពួកមួយសែនបួនម៉ឺនបួនពាន់ប៉ុណ្ណោះ ព្រោះជាចម្រៀងនៃសេចក្តីពិសោធដែលគ្មានក្រុមមនុស្សណាធ្លាប់មានសោះឡើយ។ ពួកគេទាំងនេះ «តាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ»។ ពួកគេទាំងនេះដែលបានលើកឡើងពីចំណោមអ្នករស់នៅគឺ «ជាផ្លែដំបូងថ្វាយដល់ព្រះ ហើយនិងកូនចៀម»។ វិវរណៈ ១៤:៤,៥។ គេបានឆ្លងផុតគ្រាវេទនាដូចពុំដែលមានពីមុន តាំងពីមានជាតិសាសន៍មក។ គេបានស៊ូទ្រាំនឹងការឈឺចាប់នៃគ្រាលំបាកនៃជំនាន់លោកយ៉ាកុប គេបានទ្រាំទ្រដោយគ្មានអ្នកអង្វរជំនួស ក្នុងការជំនុំជម្រះចុងក្រោយបង្អស់របស់ព្រះ។ «គេបានបោកអាវ ហើយធ្វើឱ្យឡើងសក្នុងឈាមរបស់កូនចៀម» ក៏ «មិន ឃើញមានសេចក្តីភូតភរ នៅក្នុងមាត់គេឡើយ ដ្បិតគេឥតសៅហ្មង» នៅចំពោះព្រះ។ «គេនឹងមិនឃ្លាន ឬស្រេកទៀត ក៏មិនត្រូវថ្ងៃចាំងមកលើគេ ឬចំហាយណាទៀតឡើយ ពីព្រោះកូនចៀមដែលនៅចំពោះបល្ល័ង្កទ្រង់នឹង ឃ្វាល ហើយនាំគេទៅដល់រន្ធទឹកនៃជីវិត ហើយព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកគេចេញ»។ វិវរណៈ ៧:១៤; ១៤:៥; ៧:១៦,១៧។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្តី​ពិតសំរាប់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំងដោយ​ចិត្ត​ដ៏​ស្អាត​ចុះ។ ពេត្រុសទី១ ១:២២

Powered by CAM