ថ្ងៃសៅរ៍ ទី២៣​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥៨

អ្នកដែលត្រូវបានប្រោសលោះ ប្រកបដោយសេចក្តីរុងរឿង

ក្នុងគ្រប់ទាំងសម័យ អ្នករើសតាំងនៃព្រះអង្គសង្គ្រោះបានដើរក្នុងផ្លូវចង្អៀត។ គេត្រូវបានចម្រាញ់ក្នុងឡនៃភាពទុក្ខលំបាក។ គេបានស៊ូទ្រាំ នឹងក្តីសម្អប់ពាក្យមួលបង្កាច់សេចក្តីលះបង់ខ្លួន ហើយនិងការខកចិត្តដ៏ជូរចត់។ គេបានរៀនពីភាពអាក្រក់នៃអំពើបាប ពីអំណាចរបស់វា កំហុសរបស់វា និងសេចក្តីវីវររបស់វា ហើយគេមើលទៅអំពើបាបនោះ ដោយសេចក្តីស្អប់ខ្ពើមជាក្រៃលែង។ ការយល់ដល់សេចក្តីលះបង់ដ៏គ្មានទីបំផុតដែលត្រូវបានធ្វើសម្រាប់ព្យាបាលបាបបានធ្វើឱ្យគេបន្ទាបខ្លួនគេ និងបំពេញចិត្តគេដោយសេចក្តីដឹងគុណ។ គេមានសេចក្តីស្រឡាញ់ដ៏លើសលប់ ព្រោះគេបានទទួលការអត់ទោសដល់ខ្លួនវិញដ៏លើសលប់ដែរ។ សូមអានលូកា ៧:៤៧។ អ្នកមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ គឺសមជាអ្នកដែលមានចំណែកក្នុងសិរីល្អរបស់ទ្រង់។

អ្នកគ្រងរាជ្យរបស់ព្រះ មានមកពីយោធភូមិ ខ្ទម រន្ទា គុកក្រោមដី ព្រៃភ្នំ វាលរហោស្ថាន និងរូងភ្នំ។ គេបាន «កម្សត់ទុគ៌ត ត្រូវគេសង្កត់សង្កិន ហើយ [គេ] ធ្វើបាប»។ មនុស្សរាប់លាននាក់បានលាចាកលោកីយ៍ទាំងអាប់យស ពីព្រោះគេមិនព្រមចុះចូលនឹងសាតាំង។ ប៉ុន្តែ ឥឡូវគេលែងមានទុក្ខព្រួយ ការបែកបាក់ខ្ចាត់ខ្ចាយ និងលែងមានគេជិះជាន់ទៀតឡើយ។ អំណឹះតទៅ គេឈរនៅ ទាំងពាក់អាវដែលមានតម្លៃថ្លៃជាងអាវរបស់មនុស្សដែលមានកិត្តិយសបំផុតនៃផែនដី ហើយពាក់មកុដដែលភ្លឺចិញ្ចែងចិញ្ចាច ល្អថ្លៃថ្លាជាងអ្វីដែលបានបំពាក់លើព្រះកេសនៃមហាក្សត្រនៃផែនដីទៅទៀត។ ព្រះមហាក្សត្រនៃសិរីល្អ ជូតអស់ទាំងទឹកភ្នែកចេញពីថ្ពាល់របស់គេ។ ពួកគេច្រៀងចម្រៀងសរសើរមួយបទដែលឮច្បាស់ផ្អែមពីរោះ ហើយត្រូវចង្វាក់គ្នាសូររងំ។ ទំនុកសរសើរព្រះឮខ្ទរខ្ទារពេញប្រាសាទនៃស្ថានសួគ៌៖ «សេចក្តីសង្គ្រោះ ស្រេចនូវព្រះនៃយើងរាល់គ្នាដែលគង់នៅលើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»។ ហើយទាំងអស់គ្នាក៏បន្ទរតបទៅវិញថា «អាម៉ែន សូមថ្វាយព្រះពរសិរីល្អ ប្រាជ្ញា ពាក្យអរព្រះគុណ កិត្តិនាម ព្រះចេស្តា និងឥទ្ធិឫទ្ធិដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ»។ វិវរណៈ ៧:១០,១២។

ក្នុងជីវិតនេះ យើងទើបតែយល់ពីឆាកនៃការប្រោសលោះប៉ុណ្ណោះទេ។ ដោយការឈ្វេងយល់ដឹងដ៏មានកំណត់របស់យើង យើងអាចពិចារណាបានជ្រាលជ្រៅ បានត្រឹមតែពីសេចក្តីអាម៉ាស់ និងសិរីល្អ ជីវិតនិងសេចក្តីស្លាប់ យុត្តិធម៌ និងមេត្តាធម៌ដែលប្រសព្វគ្នានៅឯឈើឆ្កាងប៉ុណ្ណោះ តែទោះជាខំប្រឹងប្រើអំណាចខាងគំនិតប្រាជ្ញាប៉ុណ្ណឹងហើយក៏ដោយ យើងនៅតែតោងយល់នូវអត្ថន័យទាំងមូលមិនអស់ដែរ។ គឺបានយល់តិចតួចណាស់អំពីបណ្តោយ និងទទឹង ជម្រៅ និងកម្ពស់នៃសេចក្តីស្រឡាញ់ប្រោសលោះ។ គម្រោងការប្រោសលោះ នឹងមិនត្រូវបានយល់ពេញលេញឡើយ ទោះបីជាអ្នកដែលត្រូវបានបង់ថ្លៃលោះបានយល់ហើយបានដឹងប៉ុណ្ណឹងក៏ដោយ ប៉ុន្តែ ចំណេរតទៅអនន្តភាព សេចក្តីពិតថ្មីនឹងចេះតែបើកសម្តែងឡើងដល់គំនិត ងឿងឆ្ងល់ និងគំនិតដែលត្រេកអរ។ ទោះជាការសោកសង្រេង ការឈឺចាប់ និងការល្បួងល្បងទាំងឡាយនៃផែនដី លែងមានតទៅទៀត ហើយដើមហេតុត្រូវបានដកចេញហើយក៏ដោយ រាស្ត្ររបស់ព្រះនឹងមានតម្រិះប្រាជ្ញា ឈ្លាសវៃ យល់ច្បាស់អំពីតម្លៃនៃសេចក្តីសង្គ្រោះរបស់ខ្លួន។

ឈើឆ្កាងនឹងបានជាទំនុកចម្រៀងនៃអ្នកដែលត្រូវបានប្រោសលោះលុះដល់អស់កល្ប ពីព្រោះនៅពេលគេលើកតម្កើងព្រះគ្រីស្ទ គេក៏ឃើញព្រះគ្រីស្ទដែលបានជាប់ឆ្កាងដែរ។ នឹងគ្មាននរណាម្នាក់ភ្លេចពីដំណើរដែលព្រះមហាក្សត្រនៃស្ថានសួគ៌បានបន្ទាបព្រះអង្គទ្រង់ មកលើកស្ទួយមនុស្សមានបាប និងពីដំណើរដែលទ្រង់បានទ្រាំទ្រទោស និងទ្រាំទ្រសេចក្តីអាម៉ាស់នៃអំពើបាប ហើយបិទព្រះភ័ក្ត្រព្រះវរបិតារហូតដល់សេចក្តីវីវរនៃពិភពដែលបានបាត់បង់បំបែកព្រះឱរាទ្រង់ ហើយប្រល័យព្រះជន្មទ្រង់ឡើយ។ ព្រះដែលជាអ្នកបង្កបង្កើតពិភពទាំងអស់ ដែលជាសេចក្តីស្រឡាញ់ទ្រង់បានទុកសិរីល្អរបស់ទ្រង់ដោយឡែក ហើយត្រឡប់ទៅជាមនុស្សលោក ការនេះធ្វើឱ្យពិភពលោកអស្ចារ្យពេកក្រៃ។ នៅពេលប្រជាជាតិទាំងឡាយដែលត្រូវបានសង្គ្រោះ សម្លឹងមើលព្រះអង្គប្រោសលោះរបស់ខ្លួន ហើយដឹងថាព្រ រាជនគររបស់ទ្រង់ គឺនឹងមិនមានទីបំផុតនោះ គេក៏ស្រែកច្រៀងឡើងថា៖ «កូនចៀមដែលគេបានសម្លាប់ ហើយបានប្រោសលោះយើងទៅឯព្រះ ដោយព្រះលោហិតដ៏ថ្លៃវិសេសរបស់ទ្រង់ នោះគួរនឹងបានព្រះចេស្តា!»

អាថ៌កំបាំងនៃឈើឆ្កាងពន្យល់អស់ទាំងអាថ៌កំបាំងទាំងឡាយ។ គេនឹងយល់ដឹងថា ព្រះទ្រង់ដែលមានព្រះតម្រិះដ៏គ្មានទីបំផុត ពុំអាចគ្រោងគម្រោង ការសម្រាប់សេចក្តីសង្គ្រោះរបស់យើងបាន ក្រៅពីការធ្វើយញ្ញបូជាព្រះរាជបុត្ររបស់ទ្រង់ឡើយ។ ការសងមកវិញសម្រាប់យញ្ញបូជានេះ គឺជាអំណរនៃការដាក់ប្រជារាស្ត្រលើផែនដី ឱ្យបានពោរពេញទៅដោយមនុស្សដែលត្រូវបានសងថ្លៃលោះ បរិសុទ្ធ សប្បាយ និងអមតៈ។ នេះហើយជាតម្លៃនៃព្រលឹងដែលព្រះវរបិតា ទ្រង់សព្វព្រះទ័យនឹងបង់។ ហើយព្រះគ្រីស្ទផ្ទាល់ក៏សព្វព្រះហឫទ័យដែរ ដោយទតមើលទៅផលផ្លែនៃការលះបង់ដ៏ធំរបស់ទ្រង់។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​រាល់​គ្នា​បាន​ជំរះ​សំអាត​ចិត្ត ដោយ​ស្តាប់​តាម​សេចក្តី​ពិតសំរាប់​ឲ្យ​បាន​សេចក្តី​ស្រឡាញ់​ជា​បង​ប្អូន​ឥត​ពុត​មាយា ដូច្នេះ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​យ៉ាង​ខ្លាំងដោយ​ចិត្ត​ដ៏​ស្អាត​ចុះ។ ពេត្រុសទី១ ១:២២

Powered by CAM