ថ្ងៃអាទិត្យ ទី២៤​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤១) ​

ការរំដោះរាស្រ្តរបស់ព្រះ

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៥៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ព្រះ​បាន​បង្កើត​អ្នក​រាល់​គ្នា​ជា​ថ្មី មិន​មែន​ពី​ពូជ​ដែល​តែង​តែ​ពុករលួយ​នោះ​ទេ គឺ​ពី​ពូជ​ដែល​មិន​ចេះ​ពុករលួយ​វិញ គឺ​ជា​ព្រះបន្ទូល​ដ៏​រស់ ហើយ​នៅ​ជាប់លាប់។ ពេត្រុសទី១ ១:២៣

នៅពេលព្រះសូរសៀងរបស់ព្រះ រំដោះរាស្ត្រទ្រង់ឱ្យរួចពីភាពជាឈ្លើយហើយនោះ អ្នកដែលបាត់បង់អ្វីៗទាំងអស់ក្នុងវិបត្តិដ៏ធំនៃជីវិត មានការភ្ញាក់រលឹកយ៉ាងខ្លាំង។ បន្ទាប់ពីបានងងឹតងងុលដោយសេចក្តីបញ្ឆោតរបស់សាតាំងហើយ ពួកអ្នកមានបានគិតថាខ្លួនគេថ្កុំថ្កើងជាងអ្នកដែល ពុំសូវមានភ័ព្វវាសនាដូចខ្លួន។ ប៉ុន្តែ គេពុំបានបញ្ចុកអ្នកស្រេកឃ្លាន បំពាក់អ្នកនៅខ្លួនទទេប្រព្រឹត្តដោយយុត្តិធម៌ ហើយនិងស្រឡាញ់ធម៌មេត្តាទេ។ ឥឡូវនេះ អ្វីដែលធ្វើឱ្យគេថ្កុំថ្កើងនោះត្រូវបានដកចេញអស់ ហើយគេនៅឯកោតែឯង។ គេមើលទៅសេចក្តីវិនាសហិនហោចនៃរូបសំណាករបស់ខ្លួនដោយក្តីរន្ធត់។ គេបានលក់ព្រលឹងរបស់ខ្លួន សម្រាប់ការសប្បាយហ៊ឺហា​នៅនាលោកីយ៍ ប៉ុន្តែ មិនបានខំរកឱ្យមានខាងឯព្រះទេ។ ជីវិតរបស់គេជាជីវិតអសារបង់ ហើយការសប្បាយរបស់គេ បានត្រឡប់ទៅជាល្វីងជូរចត់ទៅវិញ។ ភោគផលដែលកេងមកក្នុងមួយជីវិត ត្រូវបានរសាត់បាត់បង់ក្នុងមួយរំពេច។ ពួកអ្នកមានគេសោកស្តាយដល់វិនាសកម្មនៃវិមានរបស់ខ្លួន ដល់ការខ្ចាត់ខ្ចាយនៃមាសប្រាក់ ហើយនិងភ័យខ្លាចខ្លួនត្រូវរលាយសាបសូន្យ ជាមួយនឹងទ្រព្យសម្បត្តិរបស់ខ្លួនដែរ។ អ្នកទុច្ចរិត គេសោកសង្រេងដោយ ដឹងថាខ្លួននឹងទទួលលទ្ធផលជាប្រាកដ ប៉ុន្តែ គេពុំបានសោកស្តាយចំពោះអំពើទុច្ចរិតរបស់ខ្លួនទេ។

គ្រូគង្វាលដែលលះបង់សេចក្តីពិត ដើម្បីឱ្យមនុស្សចូលចិត្តនោះ ឥឡូវយល់ដឹងពីឥទ្ធិពលនៃសេចក្តីបង្រៀនរបស់ខ្លួនហើយ។ គ្រប់ទាំងឃ្លាដែលបានសរសេរ គ្រប់ទាំងពាក្យពេចន៍ដែលបន្លឺឡើងដែលនាំមនុស្សឱ្យជ្រក កោនក្នុងទីជម្រកនៃសេចក្តីមិនពិត គឺសុទ្ធតែជាគ្រាប់ពូជដែលសាបព្រោះ ហើយឥឡូវនេះ គេមើលចម្រូតវិញម្តង។ ព្រះយេហូវ៉ាមានបន្ទូលថា៖ «វេទនាដល់ពួកគង្វាលដែលបំផ្លាញ ហើយកម្ចាត់កម្ចាយហ្វូងចៀមនៃទី ឃ្វាលរបស់អញ!...ដូច្នេះអញនឹងទម្លាក់អំពើអាក្រក់របស់ឯងរាល់គ្នាទៅលើឯងវិញ»។ «ហើយដោយព្រោះឯងរាល់គ្នាបានបញ្ឈឺចិត្តពួកសុចរិតដោយសេចក្តីកំភូត ជាពួកដែលអញមិនបានឱ្យព្រួយចិត្តសោះ ហើយឯងបាន ចម្រើនកម្លាំងដៃនៃមនុស្សអាក្រក់ ដើម្បីមិនឱ្យគេលះបង់ចោលផ្លូវអាក្រក់ របស់ខ្លួនឱ្យបានសង្គ្រោះរួចជីវិតវិញឡើយ»។ យេរេមា ២៣:១,២; អេសេគាល ១៣:២២។

ពួកគ្រូគង្វាល និងពួកបណ្តាជនដឹងខ្លួនថាគេបានប្រឆាំងទាស់នឹងព្រះ ដែលជាអ្នកសរសេរអស់ទាំងក្រឹត្យវិន័យដ៏សុចរិត។ ការបំផាត់ចោលសិក្ខាបទ ពីស្ថានសួគ៌ បណ្តាលឱ្យកើតមានប្រភពនៃភាពទុច្ចរិតកាន់តែច្រើនឡើងដល់រាប់ពាន់ រហូតទាល់តែផែនដីបានពោរពេញទៅដោយភាពពុករលួយ។ គ្មានភាសាណាអាចពិពណ៌នាអំពីសេចក្តីខកចិត្តរបស់អ្នកមានចិត្តមិនស្មោះត្រង់បានឡើយ ចំពោះអ្វីដែលគេបានបាត់បង់អស់រៀងដរាបទៅនោះ ពោលគឺជីវិតអស់កល្ប។

ពួកបណ្តាជនចោទគ្នាទៅវិញទៅមកថា គេបាននាំខ្លួនឱ្យវិនាស ប៉ុន្តែ ទាំងអស់គ្នារួមគ្នាបន្លឺពាក្យចោទប្រកាន់ដ៏ជូរចត់ ទៅលើគ្រូគង្វាលដែលមិនស្មោះត្រង់ទាំងឡាយ ដែលអធិប្បាយតែ «សេចក្តីស្រួលបួល» (អេសាយ ៣០:១០) ហើយនិងនាំអ្នកស្តាប់ឱ្យបំភ្លេចក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងឱ្យធ្វើទុក្ខទោសដល់អ្នកដែលរក្សាជាបរិសុទ្ធទៀតផង។ «យើងបានបាត់បង់ហើយ!» គេបន្លឺឡើង «ហើយអ្នកឯងជាដើមហេតុ»។ ដៃដែលធ្លាប់បំពាក់ កម្រងផ្កាដល់គ្រូទាំងនោះ នឹងលើកឡើងធ្វើវិនាសកម្មដល់គេ។ ទំនាស់នឹងការកម្ចាយឈាមមានគ្រប់ទីកន្លែង។

ព្រះរាជបុត្រារបស់ព្រះ និងអ្នកនាំសារនៃស្ថានសួគ៌ បានមានទំនាស់ជាមួយនឹងអារក្ស ដើម្បីព្រមាន បំភ្លឺព្រមទាំងជួយសង្គ្រោះកូនចៅរបស់ មនុស្ស។ ឥឡូវនេះ គេទាំងអស់គ្នាបានសម្រេចចិត្តរបស់ខ្លួន ហើយពួកទុច្ចរិត រួបរួមគ្នាជាមួយនឹងសាតាំង ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងព្រះ។ វិវាទគឺមិនមែនកើតឡើងជាមួយសាតាំងតែម្នាក់ប៉ុណ្ណោះទេ តែជាមួយមនុស្សដែរ។ «ដ្បិតព្រះយេហូវ៉ាទ្រង់មានការទាស់នឹងសាសន៍ទាំងប៉ុន្មាន»។ យេរេមា ២៥:៣១។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញត្អែរ​ឡើយ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មកតាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មកទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អនៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ។ ពេត្រុសទី១ ៤:៩-១០

Powered by CAM