ថ្ងៃច័ន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៦០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួនជាយ៉ាងណាភ្លាម តែអ្នកណាដែលពិនិត្យមើលក្នុងក្រឹត្យវិន័យដ៏គ្រប់លក្ខណ៍ គឺជាក្រឹត្យវិន័យខាងឯសេរីភាព ហើយក៏ជាប់ចិត្តចំពោះ ឥតមានភ្លេចសេចក្តីដែលស្តាប់នោះឡើយ គឺបានប្រព្រឹត្តតាមវិញ អ្នកនោះនឹងមានពរក្នុងគ្រប់ទាំងការដែលខ្លួនធ្វើទាំងប៉ុន្មាន។ យ៉ាកុប ១:២៤-២៥
ទេវតានៃសេចក្តីស្លាប់
ឥឡូវនេះទេវតានៃសេចក្តីស្លាប់ដែលតំណាងដោយជនដែលមានអាវុធសម្លាប់ ក្នុងសុបិននិមិត្តរបស់ហោរាអេសេគាល ក៏ចេញទៅឯអ្នកដែលព្រះបញ្ជាឱ្យសម្លាប់៖ «ត្រូវឱ្យសម្លាប់ទាំងពួកចាស់ ពួកកំឡោះ ពួកក្រមុំ ពួកក្មេង និងពួកស្រីៗឱ្យអស់រលីងទៅ ប៉ុន្តែកុំឱ្យចូលទៅជិតមនុស្សណាដែលមានទីសម្គាល់នៅខ្លួនឡើយ ហើយត្រូវឱ្យចាប់ផ្តើមការតាំងពីទីបរិសុទ្ធរបស់អញផង»។ «អ្នកទាំងនោះក៏ផ្តើមការចាប់តាំងពីពួកចាស់ទុំដែលនៅមុខព្រះវិហារ» ជាអ្នកដែលអះអាងខ្លួនថាជាអ្នកដឹកនាំប្រជារាស្ត្រខាងព្រលឹងវិញ្ញាណ។ អេសេគាល ៩:៦។
អ្នកចាំយាមក្លែងក្លាយ ត្រូវរលំស្លាប់មុនគេ។ «ព្រះយេហូវ៉ាទ្រង់យាងចេញពីស្ថានសួគ៌របស់ទ្រង់មក ដើម្បីនឹងសម្រេចទោសនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ។ ឯដីនឹងបើកបង្ហាញឈាមគេឱ្យឃើញ ឥតគ្របបាំងមនុស្សដែលគេសម្លាប់ទៀតឡើយ»។ «នៅថ្ងៃនោះ នឹងមានការចលាចល ជាធំ ដែលមានមកពីព្រះយេហូវ៉ា កើតឡើងនៅកណ្តាលគេគ្រប់គ្នានឹងចាប់យកអ្នកជិតខាងខ្លួន ហើយនិងលើកដៃឡើងទាស់នឹងអ្នកជិតខាងរៀងខ្លួន»។ អេសាយ ២៦:២១; សាការី ១៤:១៣។
ក្នុងទំនាស់ខ្វែងគំនិតដ៏អាក្រក់នៃការត្រេកត្រអាលដ៏សាហាវរបស់ខ្លួនគេ និងដោយការបង្អុរសេចក្តីក្រោធដែលឥតរលាយនោះ ពួកសង្ឃ អ្នកដឹកនាំ និងប្រជារាស្ត្រទុច្ចរិតត្រូវរលំស្លាប់។ «នៅថ្ងៃនោះសាកសពនៃមនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរោយពេញពីចុងផែនដីម្ខាងទៅដល់ ចុងផែនដីម្ខាង»។ យេរេមា ២៥:៣៣។
នៅពេលព្រះគ្រីស្ទយាងមក មនុស្សទុច្ចរិតត្រូវវិនាសសាបសូន្យ ដោយពន្លឺភ្លឺត្រចះត្រចង់នៃសិរីល្អរបស់ទ្រង់។ ព្រះគ្រីស្ទក៏យករាស្ត្រទ្រង់ទៅឯទីក្រុងរបស់ព្រះ ហើយផែនដីក៏នៅទទេឥតមានអ្នកណារស់នៅលើនោះឡើយ។ «មើល ព្រះយេហូវ៉ាទ្រង់ធ្វើឱ្យផែនដីនៅទទេសោះ ហើយឱ្យស្ងាត់សូន្យ ក៏ធ្វើឱ្យត្រឡប់ត្រឡិន ព្រមទាំងកម្ចាត់កម្ចាយអស់ពួកអ្នកដែលនៅផែនដីផង...។ ផែនដីនឹងត្រូវផ្ទីងឱ្យនៅទទេធេង ហើយស្ងាត់សូន្យឈឹង ពីព្រោះព្រះយេហូវ៉ាទ្រង់បានមានបន្ទូលដូច្នេះហើយ...ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ចចេញ។ ហេតុដូច្នោះ បានជាសេចក្តីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ»។ អេសាយ ២៤:១,៣,៥,៦។
ផែនដីមើលទៅហាក់បីដូចជាវាលទីរហោស្ថានដ៏ឆ្ងាយដាច់ស្រយាល។ ការរញ្ជួយផែនដីបានបំផ្លាញទីក្រុងទាំងឡាយ ដើមឈើត្រូវរលំ កម្ទេចថ្មដែលខ្ទាតចេញពីដី រសាត់ខ្ចាត់ខ្ចាយពាសពេញផែនដី។ ទីណាដែល ភ្នំទាំងឡាយញែកចេញពីគ្រឹះរបស់វានោះ ឃើញមានរូងដ៏ធំក្រៃលែង។
ការបំបរបង់សាតាំង
ឥឡូវនេះ ព្រឹត្តិការណ៍ដែលតំណាងយញ្ញកិច្ចចុងក្រោយនៃថ្ងៃនៃការប្រោសលោះ ក៏ចាប់ផ្តើមឡើង។ នៅពេលអំពើបាបនៃសាសន៍អ៊ីស្រាអែល ត្រូវបានលុបចេញពីរោងឧបោសថ ដោយអាស្រ័យនូវឈាមនៃតង្វាយបាបកម្មនោះ គេបានថ្វាយពពែរស់ដែលទទួលទោសជំនួសនៅចំពោះព្រះយេហូវ៉ា។ សង្ឃជាន់ខ្ពស់ក៏លន់តួបាប «ពីអស់ទាំងសេចក្តីទុច្ចរិត...របស់ពួក កូនចៅអ៊ីស្រាអែល...ដាក់ទាំងអស់លើក្បាលពពែនោះ»។ លេវីវិន័យ ១៦:២១។ ក៏ដូចគ្នាដែរ នៅពេលកិច្ចការនៃការប្រោសលោះបាបក្នុងរោងឧបោសថនៃស្ថានសួគ៌បានសម្រេចសព្វគ្រប់ហើយ នោះអំពើបាបទាំងឡាយនៃរាស្ត្ររបស់ទ្រង់នឹងត្រូវដាក់ទៅលើសាតាំងនៅចំពោះព្រះ ពពួកទេវតានៃស្ថានសួគ៌ ហើយនិងពួកពលដែលត្រូវបានប្រោសលោះផងដែរ។ គេនឹងប្រកាសថា វាមានកំហុសចំពោះទាំងសេចក្តីអាក្រក់ ដែលវាបានបណ្តាលឱ្យគេប្រព្រឹត្ត។ ដូចជាពពែដែលទទួលទោសត្រូវបានបណ្តេញចេញឱ្យទៅដីដែលឥតមនុស្សអាស្រ័យនៅយ៉ាងណានោះ សាតាំងក៏នឹងត្រូវបំបរបង់ឱ្យទៅកាន់ឯផែនដីដែលស្ងាត់សូន្យឈឹងដែរ។
បន្ទាប់ពីបានសម្តែងទស្សនីយភាពនៃការយាងមករបស់ព្រះអម្ចាស់ រួចហើយអ្នកបើកសម្តែងក៏បន្តទៅទៀតថា៖ «ខ្ញុំក៏ឃើញទេវតាមួយ ចុះពីស្ថានសួគ៌មក ទាំងកាន់កូនសោជង្ហុកធំ និងច្រវាក់មួយយ៉ាងធំនៅដៃ។ ទេវតានោះក៏ចាប់នាគចងទុកមួយពាន់ឆ្នាំ គឺជាពស់ពីចាស់បុរាណដែលជាអារក្ស ឈ្មោះថាសាតាំង ក៏បោះវាចោលទៅក្នុងជង្ហុកធំ ទាំងខ្ទប់ហើយបិទត្រាពីលើ ដើម្បីកុំឱ្យវានាំអស់ទាំងសាសន៍ឱ្យវង្វេងទៀត ទាល់តែផុតមួយពាន់ឆ្នាំនោះទៅក្រោយ នោះត្រូវតែស្រាយវាលែងបន្តិច»។ វិវរណៈ ២០:១-៣។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ គឺដោយខំបំរើគ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុកដូចជាអ្នកចែកចាយយ៉ាងល្អនៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។ ពេត្រុសទី១ ៤:៩-១០