ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៦១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត «អ្នកណាដែលចូលចិត្តចង់ស្រឡាញ់ជីវិត ហើយចង់ឃើញគ្រាដ៏ល្អ នោះត្រូវបញ្ចៀសអណ្តាតពីសេចក្តីអាក្រក់ចេញ ហើយបបូរមាត់ក៏ដែរ កុំឲ្យពោលពាក្យប្រកបដោយឧបាយកលឡើយ។ ពេត្រុសទី១ ៣:១០
«ជង្ហុកធំ» តំណាងផែនដីដែលស្ថិតក្នុងភាពច្របូកច្របល់និងភាពងងឹត។ ដោយមើលឆ្ពោះទៅថ្ងៃដ៏ធំរបស់ព្រះ ហោរាយេរេមាថ្លែងថា៖ «ខ្ញុំ បានពិចារណាមើលផែនដី ឃើញថាខូចហើយទៅទទេ រួចមើលទៅលើមេឃ នោះក៏ឥតមានពន្លឺដែរ។ ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានកក្រើករញ្ជួយ។ ខ្ញុំក៏ពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ។ រួចខ្ញុំក៏មើលទៅឃើញដីដុះដាលបានត្រឡប់ជាវាលស្ងាត់ ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ»។ យេរេមា ៤:២៣-២៦។
ទីនេះនឹងបានជាផ្ទះរបស់សាតាំង និងពួកទេវតាអាក្រក់របស់វាអស់១០០០ឆ្នាំ។ វានឹងមិនត្រូវមានផ្លូវចេញចូលទៅពិភពផ្សេងៗទៀត ដើម្បីទៅល្បួង និងរំខានអ្នកដែលមិនដែលមានបាបឡើយ ព្រោះវាត្រូវបានកំណត់ឱ្យ នៅផែនដី។ ក្នុងន័យនេះហើយដែលវាត្រូវ «ចងទុក» នោះ។ គ្មាននរណាម្នាក់នៅសល់ដែលវាអាចប្រើអំណាចរបស់វាមកលើបានទៀតឡើយ។ វាត្រូវបានកាត់ចេញពីកិច្ចបោកបញ្ឆោត និងបំផ្លិចបំផ្លាញ ដែលជាការសប្បាយតែមួយគត់របស់វា។
ដោយមើលទៅការរលំធ្លាក់របស់សាតាំង ហោរាអេសាយឧទានឡើង ថា៖ «ឱ តារាប្រចាំថ្ងៃជាផ្កាយព្រឹកអើយ ន៎ ឯងបានធ្លាក់ចុះមកពីលើមេឃ ហើយ ឯងដែលបានផ្តេកអស់ទាំងនគរឱ្យរាប...ឯងបានគិតក្នុងចិត្តថា អញនឹងឡើងទៅស្ថានសួគ៌ អញនឹងតម្កើងបល្ល័ង្កអញឱ្យខ្ពស់ជាងអស់ទាំងផ្កាយរបស់ព្រះ...អញនឹងលើកតម្កើងខ្លួនឱ្យបានដូចជាព្រះដ៏ខ្ពស់បំផុត។ តែឯងត្រូវបានទម្លាក់ចុះដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់វិញ គឺដល់ទីជម្រៅនៃជង្ហុកធំ។ ពួកអ្នកដែលឃើញឯង គេនឹងសម្លឹងមើលចំឯង ហើយពិចារណាឯង ដោយពាក្យថា តើមនុស្សនេះឬអីដែលធ្លាប់ធ្វើឱ្យផែនដីញាប់ញ័រ ហើយឱ្យនគរទាំងប៉ុន្មានកក្រើករំពើកនោះ ជាអ្នកដែលធ្វើឱ្យលោកីយ៍រលីងដូចជា សមុទ្រខ្សាច់ព្រមទាំងបំផ្លាញទីក្រុងទាំងប៉ុន្មាន ឥតដែលលែងពួកឈ្លើយឱ្យត្រឡប់ទៅឯផ្ទះគេវិញឡើយ»។ អេសាយ ១៤:១២-១៧។
អស់រយៈ៦០០០ឆ្នាំហើយដែលសាតាំងបានឃុំរាស្ត្ររបស់ព្រះទុកក្នុងគុករបស់វា ប៉ុន្តែ ព្រះគ្រីស្ទបានបណ្តាច់ចំណងរបស់វា ហើយលែងអ្នកគុកចេញ។ ដោយនៅឯកោជាមួយនឹងពពួកទេវតារបស់វា វាបានយល់ដឹងពីលទ្ធផលនៃអំពើបាប៖ «ឯសពនៃអស់ទាំងស្តេចរបស់សាសន៍ទាំងប៉ុន្មានសុទ្ធតែដេកនៅក្នុងទីរុងរឿងនាម៉ុង [ផ្នូរ] របស់គេ។ តែឯងបានត្រូវបោះចោលចេញឆ្ងាយពីម៉ុងឯងទៅ ដូចជាមែក [ឈើ] ដែលគួរខ្ពើមវិញ...។ ឯងនឹងមិនបានចូលទៅជាមួយនឹងគេនៅក្នុងផ្នូរទេ ពីព្រោះឯងបានបំផ្លាញស្រុករបស់ឯង ហើយបានសម្លាប់ប្រជាជនរបស់ឯងផង»។ អេសាយ ១៤:១៨-២០។
សាតាំងនឹងមើលលទ្ធផលនៃការប្រឆាំងទាស់នឹងក្រឹត្យវិន័យរបស់ព្រះអស់១០០០ឆ្នាំ។ សេចក្តីរងទុក្ខវេទនារបស់វានោះខ្លាំងពេកក្រៃ។ ឥឡូវ នេះ គេទុកវាឱ្យនៅតែឯង ឱ្យគិតពិចារណាពីការដែលវាបានប្រព្រឹត្ត តាំងតែពីពេលវាបានប្រឆាំងមក ហើយឱ្យទន្ទឹងចាំងទាំងរន្ធត់ដល់អនាគតដ៏គួរឱ្យខ្លាច នៅពេលវានឹងត្រូវទទួលទណ្ឌកម្មរបស់វា។
ការជំនុំជម្រះពួកមនុស្សទុច្ចរិត គឺប្រព្រឹត្តឡើងក្នុងអំឡុងពេល ១០០០ឆ្នាំ រវាងការរស់ឡើងវិញលើកទីមួយ និងលើកទីពីរ។ សាវ័កប៉ុលចង្អុលទៅការនេ ថា ជាព្រឹត្តិការណ៍ដែលនឹងកើតឡើង បន្ទាប់ពីការយាងមកជាលើកទីពីរ។ កូរិនថូសទី១ ៤:៥។ ពួកសុចរិតត្រូវគ្រងរាជ្យជាស្តេច និងជាសង្ឃ។ យ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំក៏ឃើញបល្ល័ង្កជាច្រើន និងពួកអ្នកដែលអង្គុយលើ ហើយមានអំណាចបានប្រគល់ដល់អ្នកទាំងនោះ ឱ្យ ជំនុំជម្រះ...។ ពួកអ្នកទាំងនោះនឹងធ្វើដូចជាសង្ឃនៃព្រះ និងព្រះគ្រីស្ទ ហើយនិងសោយរាជ្យជាមួយនឹងទ្រង់អស់មួយពាន់ឆ្នាំ»។ វិវរណៈ ២០:៤-៦។
នៅពេលនេះ «ពួកបរិសុទ្ធនឹងជំនុំជម្រះលោកីយ៍»។ កូរិនថូសទី១ ៦:២។ គេជំនុំជម្រះពួកទុច្ចរិតរួមជាមួយនឹងព្រះគ្រីស្ទ ដោយសម្រេចគ្រប់ទាំងករណីតាមតែអំពើដែលរូបកាយបានប្រព្រឹត្ត។ បន្ទាប់មក ចំណែកដែលអ្នកទុច្ចរិតត្រូវទទួលរងទុក្ខនោះ បានចែកចេញជាផ្នែកតាមតែការដែលគេបានធ្វើ ហើយត្រូវកត់ទុកក្នុងបញ្ជីមរណៈតាមឈ្មោះរបស់គេ។
ព្រះគ្រីស្ទ និងរាស្ត្រទ្រង់ វិនិច្ឆ័យសាតាំង និងពួកទេវតាអាក្រក់។ សាវ័កប៉ុលមានប្រសាសន៍ថា៖ «តើមិនដឹងថា យើងរាល់គ្នានឹងជំនុំជម្រះដល់ទាំងពួកទេវតាផងទេឬអី?» កូរិនថូសទី១ ៦:៣។ សាវ័កយូដាសថ្លែងថា៖ «ទោះទាំងពួកទេវតាដែលមិនបានរក្សាសណ្ឋានដើមរបស់ខ្លួន គឺជាទេវតាដែលបោះបង់ទីលំនៅចេញ នោះទ្រង់បានឃុំក្នុងសេចក្តីងងឹត ទាំងជាប់ចំណងអស់កល្បជានិច្ច ទុកសម្រាប់នឹងជំនុំជម្រះនៅថ្ងៃដ៏ធំនោះ»។ យូដាស ៦។
នៅចុងអំឡុងពេល១០០០ឆ្នាំ ការរស់ឡើងជាលើកទីពីរនឹងកើតមានឡើង។ ពេលនោះពួកអ្នកទុច្ចរិតនឹងរស់ឡើងវិញ ហើយក៏លេចនៅចំពោះព្រះ សម្រាប់ទទួលការប្រតិបត្តិនៃសេចក្តីជំនុំជម្រះដែលបានកត់ទុក។ ទំនុកតំកើង ១៤៩:៩។ ព្រះដែលជាអ្នកបើកសម្តែងមានបន្ទូលដូច្នេះថា៖ «តែមនុស្សស្លាប់ឯទៀតមិនបានរស់វិញទេ ទាល់តែផុតពីមួយពាន់ឆ្នាំនោះទៅ»។ វិវរណៈ ២០:៥។ ស្តីពីពួកអ្នកទុច្ចរិតវិញហោរាអេសាយថ្លែងថា៖ «គេនឹងត្រូវប្រមូលគ្នាដូចជាឈ្លើយដែលប្រមូលទុកក្នុងរំលុង ហើយនឹងត្រូវឃុំនៅក្នុងគុក ក្រោយមកជាយូរថ្ងៃគេត្រូវរងទោស»។ អេសាយ ២៤:២២។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ គឺដោយខំបំរើគ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុកដូចជាអ្នកចែកចាយយ៉ាងល្អនៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។ ពេត្រុសទី១ ៤:៩-១០