ថ្ងៃពុធ ទី២៧​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤២) ​

សន្តិភាពអស់កល្បជានិច្ច មហាវិវាទត្រូវបានបញ្ចប់

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៦២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព ហើយ​កោតខ្លាច ដើម្បី​នឹង​តប​ឆ្លើយ​ដល់​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា។ ពេត្រុសទី១ ៣:១៥

នៅទីបំផុតនៃ១០០០ឆ្នាំ ព្រះគ្រីស្ទយាងមកកាន់ផែនដី ដោយមានការហែហមអំពីពួកអ្នកប្រោសលោះ និងពួកទេវតាទាំងសល់សែន។ ទ្រង់បានដាស់ពួកអាក្រក់​​ឱ្យរស់ឡើង ដើម្បីទទួលវាសនាអាក្រក់របស់ខ្លួន។ គេចេញមកមានចំនួនរាប់មិនអស់ ប្រៀបដូចជាខ្សាច់សមុទ្រ មានទាំងស្លាកស្នាមជំងឺរោគា និងសេចក្តីស្លាប់។ មានភាពផ្ទុយស្រឡះអំពីអស់អ្នកដែលបានរស់ឡើងនៅលើកទីមួយ។

គ្រប់ទាំងភ្នែកបានបែរទៅមើលសេរីរុងរឿងនៃព្រះរាជបុត្រារបស់ ព្រះ។ ពួកអាក្រក់ឧទានឡើងមួយសំឡេងដូចគ្នាថា៖ «ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ទ្រង់ប្រកបដោយព្រះពរ»។ ម៉ាថាយ ២៣:៣៩។ ពាក្យទាំងនេះពុំបានបណ្តាលមកដោយសេចក្តីស្រឡាញ់ទេ គឺជាកម្លាំងនៃសេចក្តីពិតដែលជំរុញពាក្យទាំងនេះឱ្យចេញអំពីបបូរមាត់ដ៏គ្មានបំណង។ ក៏ដូចគ្នាដែរនៅពេលដែលពួកអាក្រក់បានចូលទៅក្នុងផ្នូរជាយ៉ាងណា គេក៏ចេញមកជាយ៉ាងនោះដែរ គឺមានភាពជាខ្មាំងសត្រូវចំពោះព្រះគ្រីស្ទ និងប្រកបដោយវិញ្ញាណប្រឆាំងបះបោរដដែល។ គ្មានរយៈពេលទុកឱ្យប្រែចិត្តណាទៀតសម្រាប់ឱ្យពួកគេព្យាបាលជីវិតចាស់បានឡើយ។

ហោរាថ្លែងថា៖ «នៅថ្ងៃនោះ ព្រះបាទទ្រង់នឹងជាន់លើភ្នំដើមអូលីវ...ហើយភ្នំដើមអូលីវនឹងត្រូវពុះញែកជាពីរ»។ សាការី ១៤:៤។ នៅពេលទីក្រុងយេរូសាឡិមថ្មីចុះមកអំពីស្ថានសួគ៌មកតាំងនៅលើទីកន្លែងដែលបានរៀបចំហើយជាស្រេចនោះ ព្រះគ្រីស្ទរួមជាមួយព្រះអង្គហើយនិងពួកទេវតា នាំគ្នាចូលទីក្រុងបរិសុទ្ធនោះ។

កាលបើត្រូវបានកាត់ចេញអំពីការងារឆបោកហើយ មេកំណាចមានការស្រពន់ចិត្ត ហើយអស់សង្ឃឹមជាខ្លាំង ប៉ុន្តែនៅពេលដែលពួកអាក្រក់ដែល បានស្លាប់ត្រូវបានរស់ឡើងវិញហើយនោះ វាក៏ឃើញមានមនុស្សដ៏សន្ធឹកសន្ធាប់នៅខាងវា វាក៏មានសង្ឃឹមឡើងវិញ ហើយប្តេជ្ញាមិនព្រមបញ្ចប់មហាវិវាទ។ វានឹងបញ្ជាពួកបាត់បង់នៅក្រោមទង់របស់វា។ ក្នុងការបដិសេធព្រះគ្រីស្ទ ពួកគេបានទទួលយកបទបញ្ជារបស់មេបះបោរ ហើយត្រៀមខ្លួនចាំធ្វើតាមបង្គាប់របស់វា។ ដូចឧបាយកលដ៏ប៉ិនប្រសប់តាំងពីដំបូងដែរ វាមិនទទួលស្គាល់ថាខ្លួនវាជាសាតាំងទេ។ វាអះអាងថាវាជាម្ចាស់ដ៏ត្រឹមត្រូវនៃ លោកីយ៍ ព្រោះគេដណ្តើមមត៌កអំពីវាដោយខុសច្បាប់។ វាតាំងខ្លួនវាជាអ្នកប្រោសលោះ ដោយបញ្ជាក់ប្រាប់ពួករណបរបស់វាទាំងប៉ុន្មានដែលវាបានឆបោកថា មហិទ្ធិឫទ្ធិរបស់វាបាននាំពួកគេឱ្យចេញអំពីផ្នូរ។ សាតាំងធ្វើឱ្យ អ្នកទន់ខ្សោយមានកម្លាំងឡើង ហើយបណ្តាលចិត្តទាំងអស់គ្នា ដោយថាមពលរបស់វាផ្ទាល់ ដើម្បីដឹកនាំពួកគេទៅចាប់យកទីក្រុងរបស់ព្រះ។ វាចង្អុលទៅឯមនុស្សដ៏រាប់មិនអស់ ដែលបានរស់ពីស្លាប់ឡើងវិញ រួចប្រកាស ថា ក្នុងនាមជាអ្នកដឹកនាំ វាមានសមត្ថភាពយកបល្ល័ង្ក និងនគរមកវិញបាន។

នៅក្នុងបណ្តាមនុស្សកុះករដ៏ល្វឹងល្វើយនោះ មានជាតិសាសន៍ដែលរស់នៅតាំងពីមុនទឹកជំនន់ជាមនុស្សដែលមានកម្ពស់ដ៏ខ្ពស់ ហើយមានបញ្ញាឈ្លាសវៃដ៏សម្បើម ជាមនុស្សដែលចេះធ្វើកិច្ចការដ៏អស្ចារ្យដែលនាំ លោកីយ៍ឱ្យសរសើរតម្កើងការប៉ិនប្រសប់របស់ខ្លួន ប៉ុន្តែ ការដែលគេបង្កើតនូវអ្វីដែលឃោរឃៅ និងអាក្រក់អាក្រីបានបណ្តាលឱ្យព្រះបំបាត់គេចេញ អំពីការបង្កបង្កើតរបស់ព្រះអង្គ។ មានពួកស្តេច និងពួកមេទ័ពធំៗដែលមិនធ្លាប់ចាញ់សង្គ្រាមសោះ។ ពេលស្លាប់ទៅ ពួកនេះមិនបានផ្លាស់ប្តូរទេ។ នៅពេលចេញពីផ្នូរមក ពួកគេនៅតែមានសេចក្តីប៉ងប្រាថ្នាចង់ដណ្តើមយក ដូចដែលបានគ្រប់គ្រងពួកគេកាលគេក្ស័យជីវិតនោះដែរ។

ការវាយសម្រុកចុងក្រោយទាស់នឹងព្រះ

សាតាំងបានពិគ្រោះជាមួយពួកខ្លាំងពូកែទាំងនេះ។ ពួកគេពោលថា កងទ័ពនៅក្នុងទីក្រុងប្រៀបធៀបទៅតូចជាងកងទ័ពរបស់ពួកគេទេ ហើយពួកគេអាចយកឈ្នះបាន។ ពួកសិប្បករដ៏មានជំនាញការ នាំគ្នាផលិតឧបករណ៍សង្គ្រាម។ ពួកមេទ័ព បញ្ជាពួកអ្នកធ្វើសង្គ្រាមឱ្យទៅតាមក្រុម និងតាមផ្នែក។

នៅទីបំផុតក៏មានបទបញ្ជាឱ្យឈានទៅមុខ ហើយចំនួនដ៏រាប់មិនអស់ក៏ចេញទៅ ជាកងទ័ពមួយដែលកងទ័ពរួមគ្នាគ្រប់ទាំងជំនាន់នៅតែពុំអាចស្មើបាន។ សាតាំងដឹកនាំពួកស្តេច និងពួកប្រដាប់អាវុធនៅក្នុងជួរទ័ព របស់វា។ ដោយដឹងទីដៅប្រយុទ្ធប្រាកដហើយ ពួកកងទ័ពតាមលំដាប់ ស័ក្តិយសចេញទៅពេញលើផ្ទៃផែនដីដែលបាក់បែកសំដៅទៅរកទីក្រុងរបស់ព្រះ។ ដោយព្រះបន្ទូលបង្គាប់របស់ព្រះយេស៊ូវ ខ្លោងទ្វារនៃទីក្រុង យេរូសាឡិមថ្មីក៏បានបិទជិត ហើយកងទ័ពទាំងប៉ុន្មានរបស់សាតាំងបានហ៊ុមព័ទ្ធទីក្រុងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្តើមប្រយុទ្ធ។

ឥឡូវនេះព្រះយេស៊ូវទ្រង់លេចមកឱ្យពួកសត្រូវរបស់ព្រះអង្គបានឃើញ។ នៅលើគ្រឹះមាសដ៏រលោងខាងលើទីក្រុងដ៏ខ្ពស់នោះមានបល្ល័ង្កមួយ។ ព្រះរាជបុត្រានៃព្រះ គង់លើបល្ល័ង្កនេះ ហើយប្រជារាស្ត្រនៃនគររបស់ព្រះអង្គនៅព័ទ្ធជុំវិញ។ សិរីរុងរឿងនៃព្រះវរបិតាដ៏អស់កល្ប ស្រោបជុំវិញព្រះរាជបុត្រា។ ពន្លឺភ្លឺចិញ្ចែងនៃវត្តមានរបស់ព្រះអង្គ ចាំងជះចេញពីខ្លោងទ្វារជោរជន់ផែនដីដោយកាំរស្មីភ្លឺចិញ្ចែងចិញ្ចាច។

នៅជិតបល្ល័ង្កជាងគេ គឺជាពួកអ្នកដែលធ្លាប់បានខ្ជាប់ខ្ជួនក្នុងដំណើរការបស់សាតាំង ប៉ុន្តែត្រូវបានដកចេញ ដូចដកកន្ទុយឧសចេញពីភ្លើងកំពុងឆេះ ហើយបានដើរតាមព្រះអង្គសង្គ្រោះ ដោយចិត្តលះបង់យ៉ាងខ្លាំង។ បន្ទាប់ពីនោះ ជាពួកអ្នកមានចរិតលក្ខណៈគ្រប់លក្ខណ៍ នៅក្នុងកណ្តាលចំណោមពួកខុសឆ្គង និងពួកកំផិត ជាពួកអ្នកដែលបានលើកតម្កើងក្រឹត្យវិន័យរបស់ព្រះក្នុងពេលដែលលោកីយ៍យកក្រឹត្យវិន័យនោះធ្វើជាអសារបង់ ហើយនិងមនុស្សរាប់លាននាក់នៅគ្រប់ជំនាន់ ដែលបានប្តូរផ្តាច់ចំពោះសេចក្តី ជំនឿរបស់ខ្លួន។ ហួសពីនោះទៀតគឺជា «មនុស្សមួយហ្វូង​យ៉ាងធំដែលគ្មានអ្នកណាអាចនឹងរាប់អស់ឡើយ គេមកពីគ្រប់ទាំងសាសន៍គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា...ទាំងពាក់អាវសវែង ហើយកាន់ធាងចាកនៅដៃ»។ វិវរណៈ ៧:៩។ ចម្បាំងរបស់គេបានបញ្ចប់ទៅ គេក៏មានជ័យជម្នះ។ ធាងចាកជានិមិត្តរូបអំពីជ័យជម្នះ អាវសវែងជារូបសញ្ញាអំពីភាពសុចរិតនៃព្រះគ្រីស្ទដែលជារបស់ផងគេនៅពេលនេះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញត្អែរ​ឡើយ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មកតាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មកទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អនៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ។ ពេត្រុសទី១ ៤:៩-១០

Powered by CAM