ថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៦៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ រីឯចុងបំផុតនៃរបស់ទាំងអស់ នោះជិតដល់ហើយ ដូច្នេះ ចូរឲ្យមានគំនិតនឹងធឹង ហើយចាំយាមក្នុងសេចក្តីអធិស្ឋានចុះ។ ពេត្រុសទី១ ៤:៧
នៅក្នុងបណ្តាមនុស្សទាំងអស់នោះ គ្មាននរណាម្នាក់ហ៊ានអះអាងថាខ្លួនបានទទួលសេចក្តីសង្គ្រោះ ដោយសារអំពើល្អរបស់ខ្លួនឡើយ។ ក៏ពុំមាននិយាយអំពីអ្វីដែលខ្លួនបានទទួលរងឈឺចាប់ដែរ ទំនុកដ៏សំខាន់នៃរាល់ទាំងបទនគររាជ គឺសេចក្តីសង្គ្រោះជារបស់ព្រះនៃយើងនិងកូនចៀម។
ការកាត់ទោសត្រូវបានប្រកាសចំពោះពួកបះបោរ
ពិធីបំពាក់មកុដដល់ព្រះរាជបុត្រានៃព្រះ ត្រូវប្រព្រឹត្តឡើងនៅចំពោះវត្តមាននៃការប្រមូលផ្តុំដ៏កុះកររបស់សត្វលោកនៃផែនដី និងស្ថានសួគ៌។ ឥឡូវនេះស្តេចនៃអស់ទាំងស្តេចដែលប្រកបដោយមហិទ្ធិឫទ្ធិនិងព្រះចេស្តាដ៏ឧត្តម ទ្រង់ប្រកាសកាត់ទោសដល់ពួកបះបោរដែលបានបំបានក្រឹត្យវិន័យ ព្រះអង្គ ព្រមទាំងជិះជាន់ដល់បណ្តាជនរបស់ទ្រង់។ «ខ្ញុំក៏ឃើញបល្ល័ង្កសមួយយ៉ាងធំ និងព្រះអង្គដែលគង់លើផែនដីនិងផ្ទៃមេឃក៏រត់ពីចំពោះទ្រង់ចេញ ឥតឃើញមានកន្លែងណាឱ្យនៅទៀតឡើយ នោះខ្ញុំក៏ឃើញមនុស្សស្លាប់ទាំងអ្នកធំ ទាំងអ្នកតូច គេឈរនៅចំពោះព្រះ។ បញ្ជីក៏បានបើកឡើង ហើយបញ្ជី១ទៀត គឺជាបញ្ជីជីវិតបានបើកឡើងដែរ រួចមនុស្សស្លាប់ទាំងអស់ត្រូវជំនុំជម្រះ ពីសេចក្តីកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»។ វិវរណៈ ២០:១១,១២។
នៅពេលដែលព្រះនេត្រព្រះយេស៊ូវទតទៅលើពួកអាក្រក់ ពួកគេបានភ្ញាក់ដឹងខ្លួននូវរាល់អំពើបាបដែលខ្លួនធ្លាប់បានប្រព្រឹត្ត។ គេបានឃើញពីការដែលជើងរបស់គេបានទាសចេញអំពីផ្លូវនៃភាពសុចរិត។ សេចក្តីល្បងលួងលោមដែលពួកគេពេញចិត្តដោយការបណ្តោយខ្លួនក្នុងអំពើបាប សេចក្តីស្អប់ខ្ពើមដល់អ្នកនាំសាររបស់ព្រះ សេចក្តីបដិសេធនូវការព្រមានដាស់តឿន និងរលកនៃសេចក្តីមេត្តាករុណាដែលបានច្រានទៅវិញដោយចិត្តមិនព្រមផ្លាស់ប្រែ និងចិត្តរឹងចចេសទាំងអស់នេះលេចធ្លោឡើងហាក់បីដូចជាបានចារនៅក្នុងអក្សរនៃអណ្តាតភ្លើង។
នៅពីខាងលើបល្ល័ង្ក មានបើកសម្តែងឱ្យឃើញឈើឆ្កាង។ ផ្ទាំងទិដ្ឋភាពមួយក៏លេចឡើងបញ្ចាំងទស្សនីយភាពនៃការធ្លាក់មានបាបរបស់លោកអ័ដាម ហើយនិងដំណាក់ការបន្តបន្ទាប់នៅក្នុងផែនការនៃសេចក្តីប្រោសលោះ។ កំណើតដ៏រាបទាបរបស់ព្រះអង្គសង្គ្រោះ ព្រះជន្មរស់នៅដ៏សាមញ្ញ ពិធីជ្រមុជទឹកក្នុងទន្លេយ័រដាន់ ការតមអត់ និងសេចក្តីល្បួងល្បងនៅក្នុងទីរហោស្ថាន ការងាររបស់ទ្រង់ដែលបើកព្រះពរស្ថានសួគ៌ឱ្យដល់មនុស្ស ទិវាដ៏ពោរពេញទៅដោយសេចក្តីមេត្តាករុណា រាត្រីនៃសេចក្តីអធិស្ឋាន នៅលើភ្នំ ការលបធ្វើឃាតដោយសេចក្តីច្រណែនឈ្នានីសដែលបានសងនូវបំណាច់របស់ទ្រង់ ការចុកចាប់ដ៏អាថ៌កំបាំងនៅក្នុងសួនច្បារកេតសេម៉ានី នៅក្រោមទម្ងន់នៃអំពើបាបរបស់លោកីយ៍ ការក្បត់ដោយបានប្រគល់ទៅឱ្យ ពួកឃាតករ ព្រឹត្តិការណ៍ដ៏សែនរន្ធត់នារាត្រីនោះ អ្នកទោសដែលត្រូវបោះបង់ចោលដោយពួកសិស្ស ការជាប់ចោទនៅក្នុងដំណាក់សង្ឃជាន់ខ្ពស់ នៅក្នុងសាលាជំនុំជម្រះរបស់ពីឡាត់ នៅចំពោះមុខស្តេចហេរ៉ូឌដ៏កំសាកត្រូវទទួលការចំអកមើលងាយការនិយាយបញ្ឈឺ ការដាក់ទារុណកម្ម ហើយកាត់ទោសប្រហារជីវិតទៀតផងទាំងអស់នេះសុទ្ធតែបានបង្ហាញយ៉ាងច្បាស់។
ឥឡូវនេះ នៅចំពោះមុខពួកមនុស្សដែលមានចិត្តរេរា មានការបើកសម្តែងឱ្យឃើញនូវទិដ្ឋភាពចុងក្រោយ៖ ព្រះអង្គដែលរងឈឺចាប់ទាំងអត់ធ្មត់ កំពុងយាងដំណើរទ្រេតទ្រោតនៅតាមផ្លូវទៅកាន់កាល់វ៉ារី ព្រះអម្ចាស់នៃស្ថានសួគ៌ភ្យួរជាប់នៅលើឈើឆ្កាង ពួកសង្ឃ និងពួកគ្រូពោលពាក្យមើលងាយដល់ការឈឺចាប់ដ៏ហួសល្បត់របស់ព្រះអង្គ ភាពងងឹតដ៏ហួសប្រមាណ ដែលកត់ចំណាំនូវគ្រាដែលព្រះអង្គសង្គ្រោះនៃលោកីយ៍បានប្រគល់ព្រះជន្មទ្រង់។
ទស្សនីយភាពដ៏គួរស្ញប់ស្ញែងបានលេចឱ្យឃើញតាមតែការដែលបានកើតឡើង។ សាតាំង និងពួករណបរបស់វាគ្មានអំណាចបែរចេញអំពី រូបភាពនោះបានឡើយ។ តួសម្តែងម្នាក់ៗ នឹងនឹកដល់ផ្នែកដែលខ្លួនបានសម្តែង។ ស្តេចហេរ៉ូឌដែលបានប្រល័យទារកដ៏ឥតមានទោសពៃរ៍នៅបេថ្លេហិម ស្តេចហេរ៉ូដាសដែលបានកម្ចាយឈាមយ៉ូហានបាទីស្ទ ពីឡាត់ដ៏កម្សោយដែលពន្យារពេលវេលា ពួកទាហានដែលចំអកឡកឡឺយ ពួកមនុស្សលីលាដែលបាននាំគ្នាស្រែកឡើងថា «ចូរឱ្យឈាមវាធ្លាក់មកលើយើងរាល់គ្នា និងកូនចៅរបស់យើងចុះ» ទាំងអស់គ្នាខំគេចខ្លួនពីព្រះភ័ក្ត្រនៃព្រះករុណាទាំងឥតប្រយោជន៍ក្នុងពេលជាមួយគ្នានេះ ពួកដែលត្រូវបានប្រោសលោះដាក់មកុដរបស់ខ្លួនទៅទៀបព្រះបាទនៃព្រះអង្គសង្គ្រោះ រួចឧទានថា «ទ្រង់បានសុគតសម្រាប់យើងខ្ញុំ»
មានមេទ័ពនេរ៉ូ ជាសត្វតិរច្ឆានខាងអំពើឃោរឃៅ និងបាបធម៌កំពុងសម្លឹងមើលសេចក្តីថ្កុំថ្កើងនៃពួកអ្នកដែលគាត់ធ្លាប់បានអរសប្បាយចំពោះ ចិត្តខ្លោចផ្សារបស់គេ។ ម្តាយរបស់គាត់ក៏ឃើញកិច្ចការរបស់ខ្លួនផ្ទាល់ដែរ ពោលគឺឃើញអំពីរបៀបដែលកិលេសទាំងឡាយ (ដែលបានចម្រើនមកអំពីឥទ្ធិពល និងគំរូរបស់ខ្លួន) ហុចផលផ្លែជាឧក្រិដ្ឋកម្មដែលបណ្តាលឱ្យពិភពលោកញាប់ញ័រ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ គឺដោយខំបំរើគ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុកដូចជាអ្នកចែកចាយយ៉ាងល្អនៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។ ពេត្រុសទី១ ៤:៩-១០