ថ្ងៃសុក្រ ទី២៩​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៦៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​មុន​ដំបូង​បង្អស់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​ស្រឡាញ់​គ្នា ឲ្យ​អស់​ពី​ចិត្ត ដ្បិត​សេចក្តី​ស្រឡាញ់​នឹង​គ្រប​បាំង​អំពើ​បាប​ជា​អនេកអនន្ត។ ពេត្រុសទី១ ៤:៨

មានពួកសង្ឃរបស់ប៉ាប និងពួកសង្គ្រាជដែលអះអាងខ្លួនថា ជាទូតរបស់ព្រះគ្រីស្ទ តែបានប្រើគ្រឿងយន្តដាក់ទណ្ឌកម្មទាញដៃជើង គុកងងឹត និងបង្គោលពិឃាត ដើម្បីគ្រប់គ្រងបណ្តាជនរបស់ព្រះអង្គ។ មានពួកស្តេចសង្ឃដ៏ក្រអឺតដែលបានលើកតម្កើងខ្លួនឯងខ្ពស់ជាងព្រះ ហើយហ៊ានផ្លាស់ប្តូរក្រឹត្យវិន័យរបស់ព្រះដ៏ខ្ពស់បំផុតផង។ ពួកអ្នកធំដ៏កំពុតទាំងនោះ ត្រូវឆ្លើយដល់ព្រះអំពីការដែលខ្លួនបានប្រព្រឹត្ត។ ហួសពេលហើយ នៅពេលព្រះដ៏ជ្រាបសព្វសារពើបង្ហាញឱ្យគេឃើញថាទ្រង់មានព្រះហឫទ័យប្រច័ណ្ឌ ចំពោះក្រឹត្យវិន័យរបស់ព្រះអង្គណាស់។ គេបានយល់ដឹងនៅពេលនេះ ថាព្រះគ្រីស្ទ យកព្រះទ័យទុកដាក់ជាមួយរាស្ត្ររបស់ព្រះអង្គដែលរងឈឺចាប់។

លោកីយ៍ដ៏អាក្រក់ទាំងមូលត្រូវជាប់ចោទដោយព្រោះអំពើក្បត់ដ៏កំពូល ទាស់នឹងការគ្រប់គ្រងនៃស្ថានសួគ៌។ គេពុំមានអ្វីនឹងអង្វរករចំពោះបុព្វហេតុរបស់ខ្លួនឡើយ គេពុំមានអ្វីដោះសាទេ ហើយការកាត់ទោសឱ្យស្លាប់អស់កល្បជានិច្ចត្រូវបានប្រកាសចំពោះពួកគេ។

ពួកអាក្រក់បានឃើញថាខ្លួនបានខាតបង់ដោយអំពើបះបោររបស់ខ្លួន។ «ទាំងអស់នេះហើយ» ព្រលឹងបាត់បង់ស្រែកឡើង «ដែលខ្ញុំត្រូវបាន។ ឱ សេចក្តីចម្កួតដ៏ចម្លែកអើយ! ខ្ញុំបានផ្តូរសុខសន្តិភាព សុភមង្គល និងកិត្តិយសមកយកសេចក្តីអន្តរាយ សេចក្តីអាប់ឱន និងសេចក្តីអស់សង្ឃឹមទៅវិញ»។ ពួកគេទាំងអស់គ្នាបានឃើញថា ការមិនបានបញ្ចូលទៅក្នុងស្ថានសួគ៌នោះ គឺយុត្តិធម៌ណាស់។ ពួកគេបានបញ្ជាក់ដោយជីវិតខ្លួនថា៖ «យើងនឹងពុំមានបុគ្គលនេះ [ព្រះយេស៊ូវ] គ្រងរាជ្យលើយើងឡើយ»។

សាតាំងទទួលបរាជ័យ

ពួកអាក្រក់មើលទៅលើពិធីបំពាក់មកុដដល់ព្រះរាជបុត្រានៃព្រះទាំងស្រឡាំងកាំង។ ពួកគេឃើញនៅក្នុងព្រះហស្តព្រះអង្គ មានថ្មនៃក្រឹត្យវិន័យ ដ៏ពិសិដ្ឋពីរផ្ទាំងដែលពួកគេបានស្អប់ខ្ពើម។ ពួកនេះបានឃើញការផ្ទុះសំឡេងសរសើរតម្កើងអំពីពួកអ្នកបានសង្គ្រោះ នៅពេលដែលរលកតន្ត្រីដ៏ពីរោះស្រទន់ បបោសមកលើហ្វូងបណ្តាជននៅខាងក្រៅទីក្រុងទាំងអស់គ្នាឧទានឡើងថា «ឱ ស្តេចនៃអស់ទាំងសាសន៍អើយ ផ្លូវទ្រង់សុទ្ធតែសុចរិតហើយពិតត្រង់»។ ពួកគេក៏ទម្លាក់ខ្លួនផ្កាប់មុខថ្វាយបង្គំព្រះរាជបុត្រានៃជីវិត។ វិវរណៈ ១៥:៣។

សាតាំងហាក់ដូចជាស្វិតដៃស្វិតជើង។ វានឹកចាំនៅពេលវាបានធ្លាក់ចុះ ព្រោះកាលពីដើមជាទេវតាចេរូប៊ីនមួយរូប។ ក្រុមប្រឹក្សាដែលវាធ្លាប់មានកិត្តិយស ឥឡូវនេះវាមិនត្រូវរាប់បញ្ចូលនៅទីនោះទៀតជារៀងរហូត។ វាឃើញម្នាក់ទៀតកំពុងឈរនៅជិតព្រះវរបិតា ជាទេវតាមួយរូបដែលប្រកបដោយរស្មីដ៏អស្ចារ្យ។ វាដឹងថាតំណែងដ៏ខ្ពង់ខ្ពស់នៃទេវតាត្រូវបានជារបស់វា តែបែរជាឥតបានទៅវិញ។

វាបាននឹកទៅដល់លំនៅដ៏គ្មានទោសសោះ ដល់សេចក្តីសុខ និងការស្កប់ចិត្តដែលជារបស់ផងវាដរាបដល់គ្រាបះបោររបស់វា។ វានឹកឃើញឡើងវិញនូវកិច្ចការ និងលទ្ធផលដែលវាបានធ្វើនៅក្នុងចំណោមមនុស្ស ភាព ជាខ្មាំងរបស់មនុស្សចំពោះមនុស្សផងគ្នា វិនាសកម្មដ៏ស្លុតរន្ធត់នៃជីវិត ការរលំនៃរាជ្យបល្ល័ង្កទាំងឡាយ ភាពចលាចល ទំនាស់ និងបដិវត្តន៍ទាំងឡាយ។ វានឹកឃើញពីការដែលវាបានខិតខំប្រឆាំងនឹងកិច្ចការរបស់ព្រះគ្រីស្ទ។ នៅពេលវាពិនិត្យមើលផលផ្លែនៃការប្រឹងប្រែងដ៏ត្រដរខ្យល់របស់វា វាឃើញបានត្រឹមតែបរាជ័យប៉ុណ្ណោះ។ ម្តងហើយម្តងទៀត នៅក្នុងវឌ្ឍនភាពនៃមហាវិវា វាបានទទួលបរាជ័យហើយត្រូវបានបង្ខំឱ្យចុះចាញ់។

គោលបំណងនៃការបះបោរដ៏ធំ គឺដើម្បីបង្ហាញអំពីការគ្រប់គ្រងរបស់ ព្រះដែលទទួលខុសត្រូវចំពោះអំពើបះបោរ។ វាបានដឹកនាំមនុស្សម្នាដ៏សន្ធឹកសន្ធាប់ឱ្យទទួលនូវការបកស្រាយរបស់វា។ មេផ្សំគំនិតនេះបានយកការខុសឆ្គងមកបន្លំសេចក្តីពិត អស់រាប់ពាន់ឆ្នាំមកហើយ។ ប៉ុន្តែ ពេលវេលាបានមកដល់ហើយ ប្រវត្តិសាស្ត្រ និងចរិតលក្ខណៈរបស់សាតាំងនឹងត្រូវបានលាតត្រដាងឱ្យគេឃើញ។ នៅក្នុងការខិតខំក្រោយបង្អស់ដើម្បីរំលងបល្ល័ង្កព្រះគ្រីស្ទ ដើម្បីបំផ្លាញបណ្តាជនព្រះអង្គ ហើយនិងដើម្បីចាប់យកទីក្រុងរបស់ព្រះ នោះមេឆបោកក៏ត្រូវបានបើកមុខឱ្យឃើញយ៉ាងច្បាស់។ អស់អ្នកដែលបានរួបរួមជាមួយវា ក៏ឃើញសេចក្តីបរាជ័យទាំងស្រុងរបស់វា។

សាតាំងបានឃើញថាអំពើបះបោរដ៏ស្ម័គ្រពីចិត្តរបស់ខ្លួន ពុំអាចឱ្យខ្លួនចូលនគរស្ថានសួគ៌បានទេ។ វាបានហ្វឹកហ្វឺនអំណាចរបស់វាដើម្បីធ្វើសង្គ្រាមតតាំងជាមួយព្រះ ភាពឥតខ្ចោះ និងសាមគ្គីភាពនៃនគរស្ថានសួគ៌ នឹងបានជាទារុណកម្មចំពោះវា។ វាឱនចុះសារភាពថាការកាត់ទោសដល់ខ្លួននោះយុត្តិធម៌ណាស់។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញត្អែរ​ឡើយ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មកតាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មកទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អនៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ។ ពេត្រុសទី១ ៤:៩-១០

Powered by CAM