ថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមព្រះបន្ទូលទៅ កុំឲ្យគ្រាន់តែស្តាប់ប៉ុណ្ណោះ ហើយបញ្ឆោតខ្លួនវិញនោះឡើយ។ យ៉ាកុប ១:២២
សាតាំងបានសិក្សាអាថ៌កំបាំងធម្មជាតិ ហើយវាប្រើអស់ទាំងអំណាចដែលព្រះទ្រង់អនុញ្ញាតឱ្យវាមាន ដើម្បីក្រឡៃកែច្នៃធាតុទាំងឡាយ។ គឺជាព្រះទេដែលបាំងសត្វមានជីវិតរបស់ទ្រង់ពីមេបំផ្លាញ។ ប៉ុន្តែ ពិភពគ្រីស្ទានបានបង្ហាញសេចក្តីសម្អប់ដល់ក្រឹត្យវិន័យរបស់ទ្រង់ ហើយព្រះអង្គទ្រង់នឹងធ្វើនូវអ្វីដែលទ្រង់មានបន្ទូលថានឹងធ្វើ គឺដកសេចក្តីការពាររបស់ទ្រង់ ចេញពីអ្នកដែលប្រឆាំងនឹងក្រឹត្យវិន័យរបស់ទ្រង់ ហើយបង្ខំអ្នកដទៃឱ្យធ្វើដូចខ្លួនដែរ។ សាតាំងគ្រប់គ្រងលើអស់អ្នកដែលព្រះមិនការពារ។ វានឹងផ្គាប់ចិត្តហើយនិងធ្វើឱ្យអ្នកខ្លះចម្រើន ដើម្បីសម្រេចគម្រោងការរបស់វា ហើយវានឹងធ្វើឱ្យអ្នកខ្លះទៀតរងទុក្ខ ហើយនាំមនុស្សឱ្យជឿថា អ្នកដែលកំពុងធ្វើទុក្ខទោសដល់គេគឺព្រះនោះឯង។
ក្នុងពេលដែលសាតាំងលេចចេញមកក្នុងនាមជាគ្រូពេទ្យដ៏ចំណានដែលអាចព្យាបានអស់ទាំងរោគារបស់គេនោះ វានឹងនាំមកនូវជំងឺ និងសេចក្តីអន្តរាយ លុះដល់ទីក្រុងដែលមានប្រជាជនច្រើនបានវិនាសអស់។ ការគ្រោះថ្នាក់នៅតាមសមុទ្រ និងដីគោក ភ្លើងឆាបឆេះដ៏សន្ធោសន្ធៅ ខ្យល់កួច និងការធ្លាក់ព្រឹលដ៏សាហាវ ព្យុះសង្ឃរា ទឹកជំនន់ ព្យុះស៊ីក្លូន រលកទឹកសមុទ្រកម្ពស់រ៉ាប់ម៉ែត្រដែលវាយលុបហួសឆ្នេរ ហើយនិងការរញ្ជួយផែនដីក្នុងទម្រង់រាប់ពាន់ទៀត សុទ្ធតែជាហេតុដែលសាតាំងសាកល្បងអំណាច របស់វា។ វាបំផ្លាញចោលនូវចម្រូតដែលទុំ ហើយអំណត់និងទុក្ខវេទនាកើតមានមកតាមក្រោយ។ វាធ្វើឱ្យខ្យល់មានក្លិនអាក្រក់ដល់ស្លាប់ ហើយមនុស្សរាប់ពាន់បាត់បង់ជីវិត។
បន្ទាប់មក អាមេបញ្ឆោតនឹងជំរុញមនុស្សឱ្យចោទអស់ទាំងបញ្ហារបស់ខ្លួនទៅលើអ្នកដែលស្តាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះ ព្រោះអ្នកទាំងនេះជាសេចក្តីបន្ទោសឥតឈប់ឈរដល់អ្នកបំពាន។ នឹងមានគេអះអាងថា មនុស្សធ្វើឱ្យព្រះទាស់ព្រះហឫទ័យដោយការបំពានថ្ងៃអាទិត្យ ហើយថាអំពើបាបនេះនឹងបាននាំមកនូវសេចក្តីវេទនាដែលនឹងមិនស្បើយឡើយ លុះដល់មានការបង្ខំយ៉ាងតឹងរ៉ឹងឱ្យគោរពថ្ងៃអាទិត្យ។ «អ្នកដែលបំផ្លាញសេចក្តីគោរពថ្ងៃអាទិត្យ គឺកំពុងតែបង្ការមិនឱ្យមានសាជាថ្មីឡើងវិញនូវសំណព្វ ព្រះហឫទ័យពីព្រះ និងសេចក្តីចម្រើនលូតលាស់ហើយ»។ ដូច្នេះពាក្យដែលបានលើកចោទមកកាលពីជំនាន់ដើមទាស់នឹងអ្នកបម្រើរបស់ព្រះ នឹងត្រូវមានម្តងទៀត។ «កាលអាហាប់ឃើញអេលីយ៉ាហើយ នោះទ្រង់មានបន្ទូលសួរទៅថា ឱអ្នកដែលធ្វើឱ្យមានសេចក្តីវេទនាដល់ពួកអ៊ីស្រាអែលអើយ តើឯងឬអី?» ពង្សាវតាក្សត្រទី១ ១៨:១៧,១៨។
អំណាចដែលធ្វើបាដិហារ្យ នឹងបញ្ចេញឥទ្ធិពលរបស់វាទាស់នឹងអ្នកដែលស្តាប់តាមព្រះជាជាងមនុស្ស។ «ពួកវិញ្ញាណ» នឹងថ្លែងថាព្រះបន្ទូល បញ្ជូនគេមកដើម្បីប្រាប់ពីកំហុសនៃអ្នកបដិសេធថ្ងៃអាទិត្យ។ គេនឹងសោកសង្រេងចំពោះភាពទុច្ចរិតដ៏ធំធេងនៃពិភពលោក ហើយនិងគាំទ្រទីបន្ទាល់របស់ពួកគ្រូសាសនា ថាស្ថានភាពនៃសីលធម៌ដែលបានអាប់ឱននោះ គឺបានបណ្តាលមកពីការប្រមាថដល់ថ្ងៃអាទិត្យ។
ក្រោមក្បួនតម្រារបស់រ៉ូម អ្នកណាដែលរងទុក្ខដោយសារដំណឹងល្អ ត្រូវបានគេចាត់ទុកថាជាអ្នកប្រព្រឹត្តអំពើអាក្រក់ ហើយជាគូកនជាមួយនិងសាតាំង។ នៅអនាគតកាលក៏ដូចគ្នាដែរ។ សាតាំងនឹងបណ្តាលឱ្យអ្នកដែលគោរពក្រឹត្យវិន័យរបស់ព្រះ ត្រូវជាប់ចោទថាជាអ្នកនាំសេចក្តីជំនុំជម្រះមកផែនដី។ វាព្យាយាមក្តោបក្តាប់សតិសម្បជញ្ញៈដោយការបំភិតបំភ័យ ដោយនាំអាជ្ញាធរសាសនា និងអាជ្ញាធរលោកីយ៍ ឱ្យចេញប្រតិបត្តច្បាប់របស់មនុស្សក្នុងការប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះ។
អ្នកដែលគោរពថ្ងៃឈប់សម្រាកតាមព្រះគម្ពីរ នឹងត្រូវបានគេចាត់ទុក ថាជាសត្រូវនៃច្បាប់ដោយបំបាក់បំបែកគន្លងសីលធម៍នៃសង្គម ទាំងបង្កឱ្យកើតសង្គមឥតច្បាប់ និងអំពើពុករលួយ ហើយនិងធ្វើឱ្យព្រះជំនុំជម្រះផែនដីទៀតផង។ គេនឹងចោទពួកគេថាមិនស្មោះត្រង់នឹងរដ្ឋាភិបាល។ ពួកគ្រូគង្វាលដែលបដិសេធកាតព្វកិច្ចនៃក្រឹត្យវិន័យពីព្រះ នឹងអធិប្បាយនូវភារកិច្ចនៃការស្តាប់បង្គាប់តាមអាជ្ញាធរស៊ីវិល។ ក្នុងសាលានីតិបញ្ញត្តិ និងសាលាកាត់ក្តី អ្នករក្សាក្រឹត្យបញ្ញត្តិ នឹងត្រូវបានជាប់ទោស។ ពាក្យសម្តី និងគោលបំណងរបស់គេនឹងត្រូវបានគេមួលបង្កាច់។
អ្នកមានតំណែងខ្ពស់ក្នុងព្រះវិហារ និងក្នុងរដ្ឋ នឹងរួបរួមដើម្បីបញ្ចុះបញ្ចូល ឬបង្ខំជនគ្រប់រូបឱ្យគោរពថ្ងៃអាទិត្យ។ សូម្បីតែនៅប្រទេសអាមេរិកសេរីក៏ដោយ អ្នកកាន់ក្តាប់ និងអ្នកបង្កើតច្បាប់ នឹងចុះចូលទៅតាមសំណូមនៃមនុស្សភាគច្រើន ដោយព្រោះពួកគេទាមទារយកច្បាប់មួយដែលបង្ខំឱ្យមានការគោរពថ្ងៃអាទិត្យ។ ការដែលគេបានលះបង់ដ៏ធំធេងសម្រាប់សេរី ភាពខាងសម្បជញ្ញៈនោះ នឹងទៅជាអសារឥតការទៅវិញ។ នៅក្នុងការប៉ះ ទង្គិចដែលនឹងមកដល់នោះ យើងនឹងបានយល់យ៉ាងច្បាស់នូវទំនាយរបស់ហោរាដែលចែងថា៖ «នាគក៏ខឹងនឹងស្ត្រីនោះ ហើយចេញទៅច្បាំងនឹងសំណល់ពូជនាងទាំងប៉ុន្មាន ជាពួកដែលកាន់តាមបញ្ញត្តិព្រះ ហើយមានសេចក្តីបន្ទាល់ពីព្រះយេស៊ូវ»។ វិវរណៈ ១២:១៧។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញា និងយោបល់ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្តីសុភាពនៃប្រាជ្ញាចុះ។ យ៉ាកុប ៣:១៣