ថ្ងៃសៅរ៍ ទី៣០ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៦៥
រាល់ទាំងសំណួរនៃសេចក្តីពិត និងការខុសឆ្គងនៅក្នុងវិវាទ៏វែងឆ្ងាយ ក៏ត្រូវបានធ្វើឱ្យឃើញច្បាស់នៅពេលនេះ។ លទ្ធផលនៃការដាក់ចោលលក្ខន្តិកៈរបស់ព្រះទៅម្ខាង ក៏ត្រូវបានបើកត្រដាងឱ្យពិភពសាកលទាំងមូលបានឃើញដែរ។ ប្រវត្តិសាស្ត្រនៃអំពើបាបនឹងស្ថិតស្ថេររហូតដល់អស់ទាំងកល្បទុកជាទីបន្ទាល់ថា អស់ទាំងសត្វលោកដែលទ្រង់បានបង្កើតមកនោះ អាចទទួលបានសុភមង្គលដោយសារមានក្រឹត្យវិន័យរបស់ព្រះ។ ពិភពសាកលទាំងមូល ទាំងពួកស្មោះត្រង់ និងពួកបះបោរបានបន្លឺសំឡេង តែមួយថា «ផ្លូវទ្រង់សុទ្ធតែសុចរិត ហើយពិតត្រង់ ទ្រង់ជាស្តេចនៃអស់ទាំងសាសន៍»។
ពេលវេលាបានមកដល់ នៅពេលព្រះគ្រីស្ទត្រូវបានលើកសរសើរឱ្យខ្ពស់លើអស់ទាំងឈ្មោះ។ ដ្បិតមានអំណរនៅចំពោះទ្រង់ ដែលទ្រង់អាចនាំយកកូនជាច្រើនមកកាន់សិរីល្អ ទ្រង់បានទ្រាំទ្រឈើឆ្កាង។ ទ្រង់ទតទៅពួកដែលត្រូវបានប្រោសលោះ ដែលបានជាថ្មីឡើងវិញក្នុងរូបភាពរបស់ព្រះអង្គ។ ទ្រង់ឃើញនៅក្នុងគេនូវលទ្ធផលនៃការងារដ៏លំបាករបស់ព្រះ វិញ្ញាណទ្រង់ ហើយទ្រង់ក៏បានស្កប់ព្រះទ័យ។ អេសាយ ៥៣:១១។ នៅក្នុង ព្រះសូរសៀងដែលឮដល់បណ្តាមនុស្ស ទាំងពួកសុចរិត និងពួកអាក្រក់ ទ្រង់មានបន្ទូលថា៖ «មើល នេះជាទំនិញនៃឈាមខ្ញុំ ដ្បិតគឺចំពោះអ្នកទាំងនេះហើយដែលខ្ញុំបានទទួលរងទោសព្រមទាំងបានស្លាប់ទៀតផង»។
ការបញ្ចប់ដោយហិង្សានៃពួកអាក្រក់
ចរិតលក្ខណៈរបស់សាតាំងនៅតែឥតផ្លាស់ប្តូរ។ ការបះបោរដូចជាទឹកជ្រោះធំ ក៏ផុសឡើងម្តងទៀត។ វាប្តេជ្ញាមិនចុះចាញ់នូវការតស៊ូចុងក្រោយ ទាស់នឹងព្រះមហាក្សត្រនៃស្ថានសួគ៌។ វាស្ទុះទៅក្នុងចំណោមពួករណបវា ហើយខិតខំបំផុសបំផុលពួកគេដោយកំហឹង ឱ្យចាប់ផ្តើមប្រយុទ្ធជាបន្ទាន់។ ប៉ុន្តែ ចំពោះមនុស្សទាំងសល់សែនដ៏រាប់មិនអស់ដែលវាបានល្បួងឱ្យចូលក្នុងអំពើបះបោរ ឥឡូវនេះពុំមាននរណាម្នាក់ទទួលស្គាល់ឧត្តមភាពរបស់វាទេ។ វាអស់អំណាចហើយ។ ពួកអាក្រក់មានចិត្តពោរពេញទៅដោយសេចក្តីសម្អប់របស់សាតាំង ស្មើគ្នានឹងសាតាំងដែលមានសេចក្តីសម្អប់ដល់ព្រះដែរ គេបានឃើញថាករណីរបស់ខ្លួនពុំមានសង្ឃឹមសោះឡើយ។ គម្រោងរបស់គេក៏ឆេះឆួលឡើងទាស់នឹងសាតាំង និងអស់អ្នកដែលបានធ្វើជាភ្នាក់ងារ ក្នុងការបោកបញ្ឆោតរបស់វា ហើយគេបែរមកពួកទាំងនោះដោយកំហឹង កំបុតត្បូងនៃបិសាច។ «ដោយព្រោះឯងបានតាំងចិត្តឱ្យបានដូចជាព្រះ ហឫទ័យនៃព្រះ នោះមើល អញនឹងនាំសាសន៍ដទៃ គឺជាពួកអ្នកគួរស្ញែងខ្លាច នៅកណ្តាលគ្រប់ទាំងសាសន៍មកលើឯង៖ គេនឹងហូតដាវទៅទាស់នឹងលម្អនៃប្រាជ្ញារបស់ឯង ព្រមទាំងបង្អាប់រស្មីរបស់ឯងផង។ គេនឹងទម្លាក់ឯងទៅក្នុងជង្ហុកធំ...។ ឱ ចេរូប៊ីនដែលគ្របបាំងអើយ អញបានបំផ្លាញឯងចេញពីកណ្តាលថ្មភ្លឺចាំងនោះទៅ...។ អញបានបោះឯងចុះដល់ដី ព្រមទាំងដាក់ ឯងនៅមុខពួកស្តេចឱ្យគេបានពិចារណាឯង...។ អញបានឱ្យឯងទៅជាផេះនៅលើផែនដីនៅចំពោះភ្នែកនៃអស់អ្នកដែលបានឃើញឯង...។ ឯងបាន ត្រឡប់ជាទីស្ញែងខ្លាច ហើយលែងមាននៅជាដរាបទៅ»។ អេសេគាល ២៨:៦-៨; ១៦-១៩។
«ព្រះយេហូវ៉ាទ្រង់មានសេចក្តីគ្នាន់ក្នាញ់នឹងគ្រប់ទាំងសាសន៍»។ «ទ្រង់នឹងបង្អុរឱ្យភ្លៀងជាអន្ទាក់មកលើមនុស្សអាក្រក់ គឺជាភ្លើងឆេះនឹងស្ពាន់ធ័រ ហើយខ្យល់ក្តៅក្រហាយនោះ នឹងបានជាចំណែកក្នុងពែងរបស់គេ»។ អេសាយ ៣៤:២; ទំនុកតំកើង ១១:៦។ ភ្លើងក៏ចុះមកអំពីព្រះចេញពីស្ថានសួគ៌។ ផែនដីត្រូវបែកបាក់។ អណ្តាតភ្លើងដ៏សន្ធោសន្ធៅផុសចេញមកពីគ្រប់ទាំងក្រហែងដីដែលរបើកបាក់នោះ។ ថ្មទាំងឡាយក៏ឆេះឡើង។ ធាតុទាំងឡាយរលាយដោយកម្តៅដ៏ក្តៅក្រៃលែង ហើយផែនដី និងរបស់សព្វសារពើ ក៏បានឆេះឡើង។ ធាតុទាំងឡាយរលាយដោយកម្តៅដ៏ក្តៅក្រៃលែង ហើយផែនដី និងរបស់សព្វសារពើ ក៏បានឆេះអស់រលីងទៅ។ ពេត្រុសទី២ ៣:១០។ សំបកផែនដីហាក់ដូចជាដុំភ្លើងដែលរលាយមួយ ជាបឹងភ្លើងពុះកញ្ជ្រោលដ៏ល្វឹងល្វើយមួយ។ គឺ «ទ្រង់មានថ្ងៃសម្រាប់សងសឹក មានឆ្នាំសម្រាប់ស្នងដល់គេ ជំនួសក្រុងស៊ីយ៉ូន»។ អេសាយ ៣៤:៨។
ពួកអាក្រក់ត្រូវទទួលទណ្ឌកម្មទៅ «តាមអំពើដែលគេបានប្រព្រឹត្ត»។ សាតាំងត្រូវរងទុក្ខវេទនាមិនគ្រាន់តែសម្រាប់អំពើបះបោររបស់ខ្លួនតែ ប៉ុណ្ណោះទេ គឺសម្រាប់អស់ទាំងអំពើបាបដែលវាបណ្តាលឱ្យបណ្តាជននៃ ព្រះបានប្រព្រឹត្តផង។ ពួកអាក្រក់ត្រូវបានបំផ្លាញឱ្យវិនាសបង់ជាទីបញ្ចប់នៅក្នុងភ្លើងទាំងឫស និងមែក សាតាំងជាឫស អ្នកដើរតាមវាជាមែក។ ពិន័យដ៏ពេញលេញនៃក្រឹត្យវិន័យត្រូវបានអនុវត្ត ការទាមទារឱ្យមានយុត្តិធម៌ត្រូវបានសម្រេច។ ការងារបំផ្លិចបំផ្លាញរបស់សាតាំងត្រូវបានបញ្ចប់ទៅជារៀងរហូត។ ហើយសត្វលោករបស់ព្រះត្រូវបានរំដោះចេញអំពីសេចក្តីល្បួង ល្បងរបស់សាតាំងជារៀងរហូតទៅដែរ។
នៅពេលដែលផែនដីត្រូវស្រោបទៅដោយភ្លើង ពួកសុចរិតរស់នៅដោយផុតទុក្ខភ័យនៅក្នុងទីក្រុងបរិសុទ្ធ។ ក្នុងពេលដែលព្រះទ្រង់ជាភ្លើងឆាបឆេះដល់ពួកអាក្រក់ ទ្រង់ក៏ជាកំផែងការពារដល់រាស្ត្ររបស់ផងទ្រង់ដែរ។ សូមអានវិវរណៈ ២០:៦; ទំនុកតំកើង ៨៤:១១។
«រូចខ្ញុំឃើញផ្ទៃមេឃថ្មី និងផែនដីថ្មី៖ ដ្បិតផ្ទៃមេឃមុន និងផែនដីមុនបានកន្លងបាត់ទៅហើយ»។ វិវរណៈ ២១:១។ ភ្លើងដែលបញ្ឆេះពួកអាក្រក់ បានសម្អាតផែនដី។ រាល់ទាំងស្នាមនៃបណ្តាសាត្រូវបានបោសចេញ។ ពុំមានភ្លើងនរកដ៏ឆេះអស់កល្បជានិច្ច នឹងឆេះនៅមុខពួកអ្នកដែលត្រូវបានប្រោសលោះ ដើម្បីឱ្យគេខ្លាចកម្មនៃអំពើបាបនោះឡើយ។
សេចក្តីរំលឹកអំពីការជាប់ឆ្កាង
មានតែរបស់មួយទេដែលត្រូវរំលឹក៖ ព្រះអង្គប្រោសលោះរបស់យើងនឹងនៅតែមានស្លាកស្នាមនៃការជាប់ឆ្កាងរបស់ព្រះអង្គ គឺជាស្នាមនៃកិច្ចការដ៏ឃោរឃៅដែលអំពើបាបបានធ្វើ។ របួសនៃកាល់វ៉ារីនឹងបង្ហាញការសរសើរ ព្រមទាំងបញ្ជាក់នូវអំណាចព្រះចេស្តារបស់ព្រះអង្គនៅទូទាំងយុគដ៏អស់កល្បជានិច្ច។
ព្រះគ្រីស្ទបានបញ្ជាក់ដល់ពួកសិស្សព្រះអង្គថា ទ្រង់បានយាងទៅរៀបចំកន្លែងសម្រាប់ពួកគេនៅក្នុងដំណាក់ព្រះវរបិតា។ ភាសាមនុស្សជាតិពុំអាចពិពណ៌នាអំពីរង្វាន់នៃពួកសុចរិតបានឡើយ។ គឺបានស្គាល់តែអ្នកណាដែលឃើញប៉ុណ្ណោះ។ គ្មានសតិដែលមានកំណត់ណាអាចយល់នូវសិរី រុងរឿងនៃស្ថានសួគ៌របស់ព្រះបានទេ។
នៅក្នុងព្រះគម្ពីរ មរតករបស់អ្នកបានសង្គ្រោះបានហៅថា «ស្រុក»។ ហេព្រើរ ១១:១៤-១៦។ នៅទីនោះ ព្រះអង្គដ៏ជាអ្នកគង្វាលនៃស្ថានសួគ៌ នឹងនាំហ្វូងចៀមរបស់ទ្រង់ទៅកាន់ប្រភពទឹកមានជីវិត។ មានផ្លូវទឹកហូរថ្លាដូច កែវចរណៃ ហើយនៅក្បែរនោះ មានដើមឈើបក់រំភើយចោលស្រមោល មកលើផ្លូវដើរដែលបានរៀបចំសម្រាប់ពួកអ្នកដែលត្រូវបានបង់ថ្លៃលោះរបស់ព្រះអម្ចាស់។ ទីវាលធំល្វឹងល្វើយលាតសន្ធឹងឡើងទៅទួលភ្នំនៃសោភណភាព ហើយភ្នំទាំងឡាយរបស់ព្រះ ងើបកំពូលឡើងខ្ពស់ត្រដែត។ នៅលើវាលដ៏ក្សេមក្សាន្តទាំងនោះ ក្បែរទឹកជ្រោះរស់រាស្ត្ររបស់ព្រះដែល ជាអ្នកធ្វើធម្មយាត្រា និងដំណើរតត្រុកដ៏វែងឆ្ងាយក៏រកបានទីលំនៅ។
«គេនឹងសង់ផ្ទះ ហើយអាស្រ័យនៅផង ក៏នឹងដាំចម្ការទំពាំងបាយជូរ ហើយនិងបរិភោគផលដែរ។ គេនឹងមិនសង់ រួចមានម្នាក់ទៀតអាស្រ័យ ឬដាំរួចមានម្នាក់ទៀតបរិភោគផលនោះឡើយ...។ ហើយពួករើសតាំងរបស់អញ នឹងប្រើប្រាស់ការដែលដៃគេធ្វើ»។ «ទីរហោស្ថាន ហើយទីហួតហែង មានសេចក្តីអំណរ ឯសមុទ្រខ្សាច់នឹងរីករាយ ហើយផ្កាឡើងដូចជាកុលាប»។ «ឆ្កែព្រៃនឹងនៅជាមួយកូនចៀម ឯខ្លារខិននឹងដេកនៅជាមួយនិងកូនពពែ...ហើយក្មេងតូចៗ ជាអ្នកគង្វាលវា...។ វារាល់គ្នានឹងមិនធ្វើទុក្ខ ឬបំផ្លាញគ្នានៅគ្រប់លើភ្នំបរិសុទ្ធរបស់អញ» ឡើយ។ អេសាយ ៦៥:២១,២២; ៣៥:១; ១១:៦,៩។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរប្រព្រឹត្តនឹងគ្នាដោយសេចក្តីចៅរ៉ៅ ឥតមានត្អូញត្អែរឡើយ គឺដោយខំបំរើគ្នាទៅវិញទៅមកតាមអំណោយទានដែលគ្រប់គ្នាបានទទួលមកទុកដូចជាអ្នកចែកចាយយ៉ាងល្អនៃព្រះគុណដ៏បែកជាច្រើនផ្លូវវិញ។ ពេត្រុសទី១ ៤:៩-១០