ថ្ងៃអាទិត្យ ទី៣១​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៤២) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៦៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិត​ពេល​វេលា​ដែល​សេចក្តី​ជំនុំជំរះ​ត្រូវ​ចាប់​ផ្តើម​ពី​ដំណាក់​នៃ​ព្រះ​ទៅ នោះ​បាន​មក​ដល់​ហើយ បើ​សិន​ជា​ចាប់​តាំង​ពី​យើង​រាល់​គ្នា​ជា​មុន​ដូច្នេះ នោះ​តើ​ចុង​បំផុត​របស់​ពួក​អ្នក ដែល​មិន​ជឿ​តាម​ដំណឹង​ល្អ​នៃ​ព្រះ នឹង​បាន​យ៉ាង​ដូចម្តេច​ទៅ។ ពេត្រុសទី១ ៤:១៧

ការឈឺចាប់អាចកើតមាននៅស្ថានសួគ៌បានទេ។ នឹងពុំមានទឹកភ្នែក ឬការហែខ្មោចទៀតឡើយ។ «នឹងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ៖...ដ្បិតសេចក្តីមុនទាំងប៉ុន្មានបានកន្លងបាត់ទៅហើយ»។ «ឯពួកអ្នកដែលនៅក្នុងក្រុង គេនឹងមិនដែលថាឈឺទៀតឡើយ ព្រះទ្រង់នឹងអត់ទោសចំពោះអំពើទុច្ចរិតរបស់ប្រជាជនផង»។ វិវរណៈ ២១:៤; អេសាយ ៣៣:២៤។

មានទីក្រុងយេរូសាឡិមថ្មី ជាទីក្រុងធំនៃផែនដីថ្មីដ៏មានសិរីរុងរឿង។ «ពន្លឺរស្មីរបស់ទីក្រុងនោះក៏ដូចជាត្បូងមានតម្លៃថ្លៃវិសេស គឺដូចជាត្បូង មណីជោតិ ហើយដូចជាកែវចរណៃ»។ «អស់ទាំងសាសន៍ដែលត្រូវបានសង្គ្រោះ នឹងដើរក្នុងពន្លឺក្រុងនោះ អស់ទាំងស្តេចនៅផែនដីក៏យកសិរីល្អនៃកិត្តិយសខ្លួនមកទុកក្នុងក្រុងនោះដែរ»។ «រោងឧបោសថរបស់ព្រះបាននៅជាមួយមនុស្ស ហើយទ្រង់នឹងគង់នៅជាមួយគេ គេនឹងធ្វើជារាស្ត្ររបស់ទ្រង់ ហើយព្រះអង្គទ្រង់ក៏នឹងធ្វើជាព្រះដល់គេ»។ វិវរណៈ ២១:១១,២៤,៣។

នៅក្នុងទីក្រុងនៃព្រះ «នឹងឥតមានយប់ទៀតឡើយ»។ វិវរណ​ៈ ២២:៥។ នឹងគ្មានការហត់នឿយទេ។ យើងនឹងចេះតែមានអារម្មណ៍ស្វាង ស្រឡះនៃវេលាព្រឹក ហើយក៏មិនចេះងុយងោកឡើយ។ ពន្លឺព្រះអាទិត្យនឹងត្រូវបានជំនួសដោយពន្លឺស្រទន់ដែលមិនធ្វើឱ្យស្រវាំងភ្នែក ប៉ុន្តែ ភ្លឺលើស​ជាងពន្លឺនាពេលកណ្តាលថ្ងៃត្រង់របស់យើងដ៏រកវាស់ស្ទង់មិនស្មើទៀតផង។ អ្នកដែលត្រូវបានប្រោសលោះ ដើរនៅក្នុងសិរីរុងរឿងនៃទិវាដ៏និរន្តរ៍។

«ខ្ញុំមិនឃើញមានវិហារណានៅក្នុងក្រុងនោះទេ ដ្បិតព្រះអម្ចាស់ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រមទាំងកូនចៀមដែរ ទ្រង់ជាព្រះវិហារនៃទីក្រុងនោះ»។ វិវរណៈ ២១:២២។ រាស្ត្ររបស់ព្រះមានបុព្វសិទ្ធិនឹងសាសងដោយ សេរីជាមួយព្រះវរបិតា និងព្រះរាជបុត្រា។ ឥឡូវនេះ យើងឃើញរូបភាពនៃព្រះដូចជានៅក្នុងកញ្ចក់ស្រអាប់ ប៉ុន្តែ នៅពេលនោះយើងនឹងបានឃើញទ្រង់មុខទល់នឹងមុខវិញ ដោយគ្មានស្បៃស្រអាប់បាំងរវាងយើងទៀតឡើយ។

ជ័យជម្នះនៃសេចក្តីស្រឡាញ់របស់ព្រះ

នៅទីនោះសេចក្តីស្រឡាញ់ និងសេចក្តីអាណិតអាសូរដែលព្រះអង្គទ្រង់ផ្ទាល់បានបណ្តុះនៅក្នុងព្រលឹង នឹងត្រូវបានប្រើចំពោះគ្នាទៅវិញទៅមកដោយល្អូកល្អឺន ហើយនិងផ្អែមល្ហែមបំផុត។ ការប្រកបគ្នាដោយឥតខ្ចោះ ជាមួយសត្វលោកបរិសុទ្ធ និងពួកស្មោះត្រង់នៅគ្រប់ទាំងយុគសម័យ ចំណងដ៏ពិសិដ្ឋដែលបានចងភ្ជាប់ជាមួយគ្នានូវ «គ្រប់ទាំងគ្រួនៅស្ថានសួគ៌ ហើយ នៅផែនដី» (អេភេសូរ ៣:១៥) ទាំងនេះបានជួយផ្សំផ្គុំដល់សេចក្តីសប្បាយ រីករាយរបស់អ្នកដែលត្រូវបានប្រោសលោះ។

នៅទីនោះ គំនិតដែលមិនចេះស្លាប់ នឹងសញ្ជឹងគិតដោយក្តីអំណរ រីករាយជានិច្ច ចំពោះអំណាចព្រះចេស្តានៃការបង្កបង្កើតដ៏អស្ចារ្យ និងអាថ៌កំបាំងទាំងឡាយនៃសេចក្តីស្រឡាញ់ដ៏ប្រកបដោយការប្រោសលោះ។ រាល់ទាំងបញ្ញាបារមីនឹងត្រូវបានលូតលាស់ឡើង រាល់ទាំងបញ្ញានុរូបនឹងត្រូវបានចម្រើនឡើង។ ការបានមកនូវចំណេះដឹង នឹងមិនធ្វើឱ្យថាមពលទាំងប៉ុន្មានអស់ឥទ្ធិពលឡើយ។ គ្រោងការដ៏ឆ្នើមបំផុតប្រហែលជានៅតែបន្តទៅមុខ សេចក្តីប្រាថ្នាដ៏ខ្ពស់ត្រដែតត្រូវបានឈោងដល់ មហិច្ឆតាដ៏ខ្ពង់ខ្ពស់ក៏ត្រូវ បានមកជាពិត។ ហើយនៅតែមានកំពូលខ្ពស់ៗថ្មីៗដើម្បីឡើង របស់អស្ចារ្យថ្មីៗដើម្បីស្ងើចសរសើរ សេចក្តីពិតថ្មីៗដើម្បីនឹងយល់ដឹង និងរបស់ស្រស់ថ្មីដើម្បីឱ្យអំណាចនៃគំនិត ព្រលឹង និងរូបកាយប្រឡែងលេង។

សម្បត្តិទាំងអស់នៃពិភពសាកល នឹងបើកចំពោះពួកប្រោសលោះរបស់ព្រះ។ ដោយលែងជាប់ចំណងនឹងភាពដែលរមែងស្លាប់ទៀតហើយនោះ គេហោះហើរដោយឥតចេះហត់នឿយទៅពិភពឆ្ងាយៗ។ កូនមនុស្សនៃផែនដីនឹងពិសោធអំណរនិងប្រាជ្ញារបស់ពពួកទេវបុត្រដែលមិនបានភ្លាត់ដួល ហើយចែករំលែកសម្បត្តិនៃតម្រិះដែលបានមកពីយុគមួយដល់យុគមួយ។ គេសម្លឹងមើលសិរីល្អនៃការបង្កបង្កើតដោយទស្សនៈដែលមិនស្រអាប់ ដួងសុរិយា និងតារាព្រមទាំងប្រព័ន្ធទាំងឡាយក្នុងលំដាប់ដែលបានចាត់មកទាំងអស់វិលជុំវិញបល្ល័ង្កនៃព្រះ។

ឯពេលវេលានៃភាពអស់កល្បជានិច្ច នៅពេលដែលវាចេះតែកន្លងទៅមុខ នឹងនៅតែនាំមកនូវការបើកសម្តែងដ៏រុងរឿងថែមទៀតអំពីព្រះ និងព្រះគ្រីស្ទ។ មនុស្សរៀនដឹងអំពីព្រះច្រើនកាលណាគេនឹងសរសើរតម្កើង ដល់ចរិតលក្ខណ​ៈរបស់ទ្រង់ច្រើនកាលនោះ។ ពេលដែលព្រះេយស៊ូវបើកចំពោះពួកគេនូវភាពបរិបូរនៃសេចក្តីប្រោសលោះ និងការសម្រេចលទ្ធផលដ៏អស្ចារ្យនៅក្នុងមហាវិវាទជាមួយសាតាំង នោះចិត្តពួកដែលត្រូវបានបង់ថ្លៃលោះបានរំភើបឡើងដោយភក្តីភាព ហើយសំឡេងទាំងម៉ឺនទាំងសែន រួមគ្នាបំពងឡើងនូវបទបន្ទរសរសើរតម្កើងដ៏ប្រកបដោយអំណាចព្រះចេស្តា។

«នោះខ្ញុំក៏ឮគ្រប់ទាំងអស់ដែលមានជីវិតនៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះនិយាយថា សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តាដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀមនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ វិវរណ​ៈ ៥៖១៣។

មហាវិវាទត្រូវបានចប់។ ពុំមានអំពើបាប និងបាបជនតទៅទៀតឡើយ។ ពិភពសាកលទាំងមូលបានស្អាតបាត។ ជីពចរនៃសាមគ្គីភាព និងក្តីអររីករាយមួយ បានលោតទៅតាមរយៈឧប្បត្តិកម្មដ៏ល្វឹងល្វើយ។ មានហូរចេញមកអំពីទ្រង់ដ៏ជាអ្នកបង្កបង្កើតអ្វីៗទាំងអស់ នូវជីវិត និងពន្លឺ ហើយនិងក្តីអំណរទូទាំងវិស័យនៃលំហអាកាសដ៏គ្មានព្រំដែន។ ចាប់ពីអាតូមដ៏តូច បំផុតទៅដល់ពិភពដ៏ធំបំផុត អស់ទាំងរបស់សព្វសារពើមានចលនា និងឥតចលនាដែលប្រកបដោយសោភណភាពឥតលាក់ស្រមោល និងដោយអំណរដ៏គ្រប់លក្ខណ៍ នាំគ្នាបញ្ចេញវាចាថាព្រះទ្រង់ជាសេចក្តីស្រឡាញ់៕
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរ​ប្រព្រឹត្ត​នឹង​គ្នា​ដោយ​សេចក្តី​ចៅរ៉ៅ ឥត​មាន​ត្អូញត្អែរ​ឡើយ គឺ​ដោយ​ខំ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មកតាម​អំណោយ​ទាន​ដែល​គ្រប់​គ្នា​បាន​ទទួល​មកទុក​ដូច​ជា​អ្នក​ចែក​ចាយ​យ៉ាង​ល្អនៃ​ព្រះគុណដ៏​បែក​ជា​ច្រើន​ផ្លូវ​វិញ។ ពេត្រុសទី១ ៤:៩-១០

Powered by CAM