ថ្ងៃច័ន្ទ ទី​៤ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៧) ​

ប្រដាប់ការពារតែមួយគត់របស់យើង

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៣៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ បើ​អ្នក​ណា​ស្មាន​ថា ខ្លួន​ជា​អ្នក​កាន់​សាសនា តែ​មិន​ចេះ​ទប់​អណ្តាត​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ចិត្ត​ខ្លួន​ហើយ ឯ​សាសនា​របស់​អ្នក​នោះ​ជា​ឥត​ប្រយោជន៍​ទទេ។ យ៉ាកុប ១:២៦

ព្រះបានបង្គាប់រាស្ត្ររបស់ទ្រង់ ឱ្យយកបទគម្ពីរទុកជាសេចក្តីការពារនឹងឥទ្ធិពលរបស់ពួកគ្រូក្លែងក្លាយ និងពួកវិញ្ញាណនៃសេចក្តីងងឹត។ សាតាំងប្រើគ្រប់ទាំងឧបាយកលដែលវាអាចប្រើបាន ដើម្បីបង្ការមនុស្សមិនឱ្យទទួលតម្រិះវិជ្ជាអំពីព្រះគម្ពីរ ព្រោះសំណេរដ៏ជាក់ស្តែងបើកសម្តែងសេចក្តីបោកបញ្ឆោតរបស់វា។ ការបញ្ឆោតដ៏ខ្លាំងក្លាចុងក្រោយបង្អស់នឹងកើតឡើងដល់យើងក្នុងពេលបន្តិចទៀត។ អ្នកទទឹងព្រះគ្រីស្ទនឹងធ្វើការអស្ចារ្យ របស់គេនៅនឹងមុខយើង។ ការក្លែងបន្លំនោះ គឺស្រដៀងគ្នានឹងការពិតណាស់រហូតដល់មិនអាចបែងចែកថាខុស ឬត្រូវបានលើកលែងតែ ដោយសារបទគម្ពីរប៉ុណ្ណោះ។

អ្នកដែលរក្សាអស់ទាំងបញ្ញត្តិរបស់ព្រះ នឹងត្រូវបានគេជំទាស់ ហើយនិងចំអកឱ្យផង។ ដើម្បីទ្រាំទ្រនឹងគ្រាទុក្ខលំបាកនេះ ពួកគេត្រូវយល់អំពីព្រះហឫទ័យរបស់ព្រះ ដូចដែលបានចែងនៅក្នុងព្រះបន្ទូលទ្រង់។ មានតែអ្នកដែលបានប្រដាប់ចិត្តគំនិតឱ្យបានមាំមួនដោយសេចក្តីពិតនៃព្រះគម្ពីរទេទើបនឹងអាចឈរតទល់នឹងមហាវិបត្តិចុងក្រោយបាន។

មុននឹងគេឆ្កាងព្រះអង្គសង្គ្រោះ ទ្រង់បានពន្យល់ដល់ពួកសាវ័កទ្រង់ថា គេនឹងធ្វើគត់ទ្រង់ ហើយទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ។ ប៉ុន្តែ ព្រះបន្ទូលទាំងប៉ុន្មានបានរសាត់រសាយពីគំនិតរបស់ពួកសាវ័កអស់ទៅ។ នៅពេលគ្រាទុក្ខព្រួយមកដល់សេចក្តីសុគតរបស់ព្រះយេស៊ូវបានបំផ្លាញក្តីសង្ឃឹមរបស់គេអស់សូន្យឈឹងតែម្តង ហាក់បីដូចជាព្រះអង្គពុំបានព្រមានប្រាប់គេពីមុនដូច្នោះ។ ដូច្នេះ នៅក្នុងបទទំនាយទាំងប៉ុន្មាន អនាគតកាលគឺ ត្រូវបានបើកយ៉ាងច្បាស់នៅចំពោះយើងដូចដែលព្រះគ្រីស្ទបានបើកដល់ ពួកសាវ័កដូច្នោះដែរ។ ព្រឹត្តិការណ៍ទាំងឡាយដែលទាក់ទងនឹងពេលវេលាទុកឱ្យប្រែចិត្ត និងកិច្ចរៀបចំខ្លួនសម្រាប់គ្រាវេទនា គឺត្រូវបានសម្តែងយ៉ាងច្បាស់។ ប៉ុន្តែ ពួកមនុស្សម្នាឥតមានការយល់ដឹងអំពីការពិតទាំងនេះទេ ហើយ គេនឹងមិនបានត្រៀមខ្លួនសម្រាប់គ្រាវេទនានោះឡើយ។

នៅពេលព្រះទ្រង់បញ្ជូនសេចក្តីព្រមាន ព្រះអង្គត្រូវបានជនរាល់រូបដែលចេះគិតគូរឱ្យយកចិត្តទុកដាក់នឹងព្រះរាជសារនោះ។ សេចក្តីជំនុំជម្រះដ៏គួរឱ្យខ្លាច ដែលជំទាស់នឹងការថ្វាយបង្គំសត្វ និងរូបវា (វិវរណៈ ១៤:៩-១១) គួរតែនាំមនុស្សគ្រប់រូប ឱ្យសិក្សាអំពីទីសម្គាល់នៃសត្វ និងអំពីរបៀបជៀសវាងពីការទទួលទីសម្គាល់នោះ។ ប៉ុន្តែ ពួកបណ្តាជនមិនចង់បានការពិតពីព្រះគម្ពីរទេ ពីព្រោះវាទើសទាស់នឹងសេចក្តីប៉ងប្រាថ្នានៃចិត្តដែលមានបាប។ ម៉្លោះហើយសាតាំងក៏ផ្តល់សេចក្តីបញ្ឆោតទាំងឡាយដែលគេស្រឡាញ់វិញ។

តែព្រះនឹងនៅតែមានមនុស្សដែលរក្សាព្រះគម្ពីរ ហើយព្រះគម្ពីរតែមួយគត់ទុកជាខ្នាតនៃអស់ទាំងគោលលទ្ធិ និងជាមូលដ្ឋាននៃអស់ទាំងកំណែទម្រង់។ យោបល់នៃជនដែលមានតម្រិះវិជ្ជាខ្ពង់ខ្ពស់ អ្វីដែលវិទ្យាសាស្ត្ររកឃើញ ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាសាសនា សំឡេងនៃមនុស្សភាគច្រើន គឺជាកត្តាដែលមិនត្រូវយកមកធ្វើជាភ័ស្តុតាងសម្រាប់គាំទ្រគោលលទ្ធិ ឬជំទាស់គោលលទ្ធិណាមួយឡើយ។ យើងត្រូវទាមទារយកប្រយោគដ៏ងាយដែលថា «ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា» វិញ។ សាតាំងបាននាំមនុស្សឱ្យមើលទៅឯគ្រូគង្វាល និងសាស្ត្រាចារ្យនៃសាសនវិទ្យាថា ជាអ្នកនាំផ្លូវ ជាជាងស្វែងរកបទគម្ពីរដោយខ្លួនឯង។ សាតាំងមានឥទ្ធិពលលើហ្វូងមនុស្ស ដោយគ្រប់គ្រងលើអ្នកដឹកនាំទាំងនេះ។

នៅពេលព្រះគ្រីស្ទយាងមក បណ្តាជនសាមញ្ញបានឮអំពីទ្រង់ទាំងមានចិត្តអរសប្បាយ។ ប៉ុន្តែ គ្រូសង្គ្រាជ និងពួកអ្នកធំបានក្រសោបខ្លួនគេ ក្នុងសេចក្តីប្រកាន់ ពួកគេបានបដិសេធភ័ស្តុតាងនៃភាពជាព្រះមេស្ស៊ីរបស់ទ្រង់។ បណ្តាជនសួរថា៖ «ហេតុដូចម្តេចបានជាអ្នកដឹកនាំ និងអាចារ្យរបស់យើងមិនជឿដល់ព្រះយេស៊ូវដូច្នេះ?» ពួកគ្រូដូចនេះ បាននាំប្រទេសជូស៍ឱ្យបដិសេធព្រះអង្គប្រោសលោះរបស់ខ្លួន។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្តី​សុភាព​នៃ​ប្រាជ្ញា​ចុះ។ យ៉ាកុប ៣:១៣

Powered by CAM