ថ្ងៃអង្គារ ទី៥ ខែតុលា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤០
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯសាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មងនៅចំពោះព្រះដ៏ជាព្រះវរបិតា នោះគឺឲ្យទៅសួរពួកកំព្រា និងពួកមេម៉ាយក្នុងកាលដែលគេមានសេចក្តីវេទនា ហើយឲ្យរក្សាខ្លួនមិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ។ យ៉ាកុប ១:២៧
ការលើកតម្កើងអាជ្ញាច្បាប់របស់មនុស្ស
ព្រះគ្រីស្ទបានឃើញជាមុនចំពោះកិច្ចការលើកតម្កើងអាជ្ញាច្បាប់របស់មនុស្សឱ្យគ្រប់គ្រងផ្លូវចិត្តដែលជាបណ្តាសាដ៏អាក្រក់ក្រៃលែងមួយក្នុងគ្រប់សម័យ។ ការព្រមានរបស់ទ្រង់ដែលមិនឱ្យដើរតាមអ្នកដឹកនាំដ៏កង្វាក់ត្រូវបានកត់ទុកលើកំណត់ហេតុ ទុកជាសេចក្តីដាស់តឿនដល់តំណទាំងឡាយនៅអនាគតកាល។
វិហាររ៉ូមបានផ្តល់សិទ្ធិដល់ក្រុមគ្រូគង្វាលឱ្យបកស្រាយគម្ពីរ។ ថ្វីដ្បិត តែកំណែទម្រង់បានប្រគល់គម្ពីរដល់ជនគ្រប់រូបក៏ដោយក៏គោលការណ៍ដដែល ដែលរ៉ូមប្រកាន់យកនោះ នៅតែបង្ការបណ្តាមនុស្សទាំងឡាយក្នុង វិហារប្រូតេស្តង់ មិនឱ្យសិក្សាព្រះគម្ពីរសម្រាប់ខ្លួនឯងដែរ។ គេបានបង្រៀនពួកគេឱ្យទទួលសេចក្តីបង្រៀនរបស់វិហារតាមតែវិហារបកស្រាយឱ្យ។ មនុស្សរាប់ពាន់នាក់ពុំហ៊ានទទួលជឿអ្វីដែលផ្ទុយនឹងគោលជំនឿរបស់ខ្លួនឡើយ ទោះជាបទគម្ពីរនោះងាយយល់យ៉ាងណាក៏ដោយ។
មនុស្សជាច្រើនត្រៀមខ្លួនជាស្រេច ដើម្បីនឹងប្រគល់ព្រលឹងរបស់ខ្លួនឱ្យក្រុមគ្រូគង្វាល។ ពួកគេបានមើលរំលងសេចក្តីបង្រៀនរបស់ព្រះអង្គសង្គ្រោះ ស្ទើរតែដោយមិនដឹងខ្លួនសោះ។ ប៉ុន្តែ តើគ្រូគង្វាលទាំងឡាយអាចខុសឬទេ? តើឱ្យយើងទុកចិត្តលើការដឹកនាំរបស់គេដូចម្តេចបាន បើយើងមិនដឹងថាគេជាអ្នកទ្រទ្រង់ពន្លឺដោយសារព្រះបន្ទូលរបស់ព្រះនោះ? ការខ្វះខាតទឹកចិត្តខាងសីលធម៌ បាននាំឱ្យមនុស្សជាច្រើនដើរតាមអ្នករៀនសូត្រចេះដឹង ហើយគេក៏ក្លាយទៅជាអ្នកជាប់ស្អិតនឹងសេចក្តីខុសឆ្គងរកទីសង្ឃឹមគ្មាន។ ពួកគេបានឃើញសេចក្តីពិតក្នុងព្រះគម្ពីរសម្រាប់គ្រានេះ ហើយមានអារម្មណ៍ដឹងពីអំណាចនៃព្រះវិញ្ញាណបរិសុទ្ធដែលហែហមជាមួយនឹងការប្រកាសសេចក្តីពិតនោះផង តែពួកគេអនុញ្ញាតឱ្យពួកគ្រូគង្វាលបង្វែរខ្លួនចេញពីពន្លឺវិញ។
សាតាំងចងភ្ជាប់បណ្តាមនុស្ស ដោយខ្សែសូត្រនៃសេចក្តីថ្នាក់ថ្នម ទៅនឹងអ្នកដែលជាសត្រូវនៃឈើឆ្កាងរបស់ព្រះគ្រីស្ទ។ សេចក្តីជិតស្និទ្ធយ៉ាងស្អិតនេះ អាចមានដូចជាឪពុកម្តាយ បងប្អូន ប្តីប្រពន្ធ ឬសង្គមជាដើម។ ព្រលឹងដែលស្ថិតនៅក្រោមឥទ្ធិពលរបស់គេ ពុំមានទឹកចិត្តនឹងស្តាប់តាមសតិសម្បជញ្ញៈរបសខ្លួនឡើយ។
ជនជាច្រើនលើកឡើងថា អ្វីដែលជនណាម្នាក់ជឿនោះ គឺគ្មានបញ្ហាទេឱ្យតែជីវិតរបស់គេត្រឹមត្រូវចុះ។ ប៉ុន្តែ ជីវិតគឺសូនឡើងដោយជំនឿ។ ប្រសិនបើល្មមឈោងចាប់សេចក្តីពិតបាន តែយើងបែរជាមិនអើពើវិញ គឺយើងហាក់ដូចជាបដិសេធសេចក្តីពិត ទៅយកភាពងងឹតជាជាងពន្លឺហើយ។
សេចក្តីល្ងង់ខ្លៅ គឺពុំមែនជាដំណោះសារសម្រាប់អំពើខុសឆ្គង ឬអំពើបាបឡើយនៅពេលដែលមានឱកាសគ្រប់យ៉ាងដើម្បីជ្រាបដឹងអំពីព្រះហឫទ័យរបស់ព្រះនោះ។ មានបុរសម្នាក់បានធ្វើដំណើរមកដល់កន្លែងដែលមានផ្លូវបែកចេញជាច្រើន ហើយមានសញ្ញាមួយប្រាប់ថាផ្លូវទាំងនោះនឹងនាំទៅទីណា ប្រសិនបើគាត់មិនមើលសញ្ញា ហើយធ្វើដំណើរទៅតាមផ្លូវដែលគាត់គិតថាជាផ្លូវត្រូវនោះ គាត់អាចធ្វើទៅដោយស្មោះពីចិត្តមែន តែប្រហែលជានឹងទៅខាងផ្លូវខុសជាមិនខាន។
ភារកិច្ចទីមួយហើយដ៏ខ្ពស់បំផុត
ការដែលមានបំណងល្អ ការដែលធ្វើអ្វីដែលជនមួយរូបគិតថាត្រូវ ឬការធ្វើតាមតែគ្រូគង្វាលប្រាប់ថាត្រូវនោះ គឺមិនគ្រប់គ្រាន់ទេ។ ជននោះត្រូវសិក្សាបទគម្ពីរដោយខ្លួនឯង។ គេមានផែនទីដែលចង្អុលប្រាប់គ្រប់ទាំងផ្លូវទៅស្ថានសួគ៌ ហើយមិនត្រូវស្មានអំពីអ្វីឡើយ។
ភារកិច្ចទីមួយ ហើយដ៏ខ្ពស់បំផុតចំពោះមនុស្សដែលចេះគិតគូរ គឺដើម្បីសិក្សាពីបទគម្ពីរឱ្យដឹងថាអ្វីទៅជាសេចក្តីពិត បន្ទាប់មកទើបធ្វើដំណើរក្នុងពន្លឺ ហើយលើកទឹកចិត្តអ្នកដទៃឱ្យដើរតាមគំរូរបស់ខ្លួន។ យើងត្រូវមានយោបល់ដោយខ្លួនព្រោះយើងជាអ្នកត្រូវឆ្លើយដល់ព្រះ។
អ្នករៀនសូត្រចេះដឹងដែលនឹកស្មានថាខ្លួនមានប្រាជ្ញាខ្ពង់ខ្ពស់បង្រៀនថា បទគម្ពីរមានអាថ៌កំបាំងមានន័យខាងព្រលឹងវិញ្ញាណដែលមិនមានចែងក្នុងភាសាដែលប្រើនោះ។ ជនទាំងនេះជាគ្រូក្លែងក្លាយទេ។ ភាសារបស់ព្រះគម្ពីរអាចពន្យល់បានយោងទៅតាមន័យដ៏ងាយយល់ លើកលែងតែមានប្រើនិមិត្តរូប ឬរូបប្រៀបធៀប។ ប្រសិនបើមនុស្សអានព្រះគម្ពីរតាមតែការសរសេរ មនុស្សទាំងពាន់ៗដែលកំពុងរេរាក្នុងសេចក្តីខុសឆ្គងនឹងចូលមកក្នុងជំនុំរបស់ព្រះគ្រីស្ទទៅហើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញា និងយោបល់ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្តីសុភាពនៃប្រាជ្ញាចុះ។ យ៉ាកុប ៣:១៣