ថ្ងៃពុធ ទី៦​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ស្តាប់​ចុះ បង​ប្អូន​ស្ងួនភ្ងា​អើយ តើ​ព្រះ​មិន​បាន​រើស​ពួក​អ្នក​ក្រ​នៅ​លោកីយ៍​នេះ ដែល​ជា​អ្នក​មាន​ខាង​សេចក្តី​ជំនឿ ហើយ​ជា​អ្នក​គ្រង​មរដក​ក្នុង​នគរ ដែល​ទ្រង់​បាន​សន្យា​ទុក ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​ទេ​ឬ​អី។ យ៉ាកុប ២:៥

បទគម្ពីរជាច្រើនដែលអ្នករៀនសូត្រចេះដឹងថ្លែងថាមិនមានសារៈសំខាន់នោះ គឺពោរពេញទៅដោយសេចក្តីកំសាន្តចិត្តដល់អ្នកសិស្សរបស់ព្រះគ្រីស្ទទៅវិញ។ ការយល់ដឹងអំពីសេចក្តីពិតនៃព្រះគម្ពីរ ពុំមែនពឹងផ្អែកទាំងស្រុងទៅលើអំណាចនៃបញ្ញាដែលនាំឱ្យសិស្សានោះទេ គឺទៅលើគោលបំណងតែមួយនោះដែរ ពោលគឺការត្រេកចង់បានសេចក្តីសុចរិតយ៉ាងអស់ពីចិត្ត។

លទ្ធផលនៃការភ្លេចអធិស្ឋាន និងការសិក្សាព្រះគម្ពីរ

មិនត្រូវសិក្សាព្រះគម្ពីរដោយឥតមានការអធិស្ឋានឡើយ។ មានតែព្រះវិញ្ញាណបរិសុទ្ធមួយព្រះអង្គទេដែលបណ្តាលឱ្យយើងមានអារម្មណ៍ដឹងអំពីសារៈសំខាន់នៃអ្វីដែលងាយយល់ ឬបង្ការយើងមិនឱ្យពុះពារជាមួយនឹងសេចក្តីពិតដែលពិបាកយល់។ ពពួកទេវតានៃស្ថានសួគ៌រៀបចំចិត្តមនុស្សប្រយោជន៍ឱ្យគេយល់ព្រះបន្ទូលរបស់ព្រះ។ យើងនឹងបានពោរពេញដោយស្នេហ៍ រលឹកស្មារតីដោយសេចក្តីព្រមាន ហើយនឹងបានរឹងប៉ឹងឡើងដោយសេចក្តីសន្យានៃព្រះបន្ទូលរបស់ទ្រង់។ ការល្បួងល្បងទាំងឡាយ មើលទៅ ហាក់បីដូចជាពិបាកនឹងទប់ទល់ ពីព្រោះអ្នកដែលត្រូវសេចក្តីល្បួង ពុំបានចងចាំសេចក្តីសន្យាទាំងប៉ុន្មានរបស់ព្រះ និងពុំអាចតទល់ជាមួយសាតាំងដោយអាវុធនៃបទគម្ពីរ។ ប៉ុន្តែ ពពួកទេវតាស្ថិតនៅជុំវិញអ្នកដែលមានចិត្តចង់រៀន ហើយពួកលោកនឹងធ្វើឱ្យគេនឹកចាំនូវសេចក្តីពិតទាំងឡាយដែលគេត្រូវការ។

«ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំលឹកពីគ្រប់ទាំងសេចក្តីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា»។ យ៉ូហាន ១៤:២៦។ ប៉ុន្តែ សេចក្តីបង្រៀនរបស់ព្រះគ្រីស្ទ ប្រាកដជាមាននៅក្នុងគំនិតពីមុនរួចទៅហើយ ទើបព្រះវិញ្ញាណរបស់ព្រះអាចរំលឹកឱ្យយើងចងចាំនៅក្នុងគ្រាមានទុក្ខធំបាន។

វាសនានៃបណ្តាមនុស្សដ៏សន្ធឹកសន្ធាប់នៅផែនដីនេះ គឺហៀបតែនឹងបានសម្រេចសេចក្តីឱ្យដាច់ស្រេចហើយ។ អ្នកដើរតាមព្រះគ្រីស្ទគ្រប់រូប គួរតែសុើបសួរយ៉ាងអស់ពីចិត្តថា៖ «ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះទ័យឱ្យ ទូលបង្គំធ្វើដូចម្តេច?» កិច្ចការ ៩:៦។ ឥឡូវនេះ យើងគួរតែស្វែងរកសេចក្តីពិសោធដែលជ្រាលជ្រៅ ហើយរស់រវើកក្នុងអ្វីៗដែលទាក់ទងដល់ព្រះ។ យើង គ្មានពេលវេលាដែលនឹងត្រូវខាតបង់នោះទេ។ យើងកំពុងស្ថិតនៅលើវាលស្នេហ៍របស់សាតាំង។ ចូរកុំឱ្យលង់លក់ឡើយ ឆ្មាំរបស់ព្រះអើយ!

ជនជាច្រើននាក់បានសរសើរខ្លួនគេចំពោះការដែលខ្លួនពុំបាន ប្រព្រឹត្តអំពើខុសឆ្គង។ ការដែលគ្រាន់តែជាដើមឈើនៅក្នុងសួនច្បាររបស់ព្រះនោះ គឺមិនគ្រប់គ្រាន់ទេ។ គេត្រូវតែបង្កើតផលផ្លែ។ នៅក្នុងសៀវភៅនៃស្ថានសួគ៌ គេត្រូវបានកត់ទុកថាជាអ្នកបង្ខាតដី។ តែអ្នកដែលមិនយកចិត្តទុកដាក់ចំពោះសេចក្តីមេត្តាករុណារបស់ព្រះ ហើយបង្ខូចព្រះគុណរបស់ទ្រង់ ព្រះហឫទ័យនៃសេចក្តីស្រឡាញ់ដ៏អត់ធ្មត់នៅតែអង្វរករជានិច្ច។

នៅរដូវក្តៅមិនឃើញមានភាពខុសគ្នារវាងរុក្ខជាតិដែលរមែង បញ្ចេញពណ៌បៃតង និងរុក្ខជាតិដទៃទៀតឡើយ ប៉ុន្តែនៅពេលរដូវរងាធ្លាក់មក រុក្ខជាតិដែលបញ្ចេញពណ៌បៃតងជានិច្ច នៅមានស្លឹកដដែល តែរុក្ខជាតិដទៃទៀតរុះស្លឹកអស់។ ឱ្យតែមានការប្រឆាំងចុះ ឱ្យតែមានការមិនទ្រាំទ្រយោលយោគមកម្តងទៀតចុះ ឱ្យតែមានការបៀតបៀនឆាបឆេះចុះ នោះអ្នកនឹងមានចិត្តជឿសើៗ និងអ្នកកំពុតនឹងបំបរបង់ជំនឿរបស់គេជាមិនខាន ប៉ុន្តែគ្រីស្ទានពិតប្រាកដ នឹងនៅឈរមាំមួន ជំនឿរបស់គេនឹងបានកាន់តែខ្លាំង សេចក្តីសង្ឃឹមរបស់គេនឹងបានកាន់តែភ្លឺថ្លាជាងគ្រាចម្រើនបរិបូរទៅទៀត។

«អ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹកដែលចាក់ឫសទៅ ក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងរឹះឡើយ ក៏មិនដែលខាននឹងកើតផងដែរ»។ យេរេមា ១៧:៨។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្តី​សុភាព​នៃ​ប្រាជ្ញា​ចុះ។ យ៉ាកុប ៣:១៣

Powered by CAM