ថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-៣៨)
ព្រះរាជសារចុងក្រោយបង្អស់
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ឯអណ្តាតក៏ជាអវយវៈ១យ៉ាងតូចដូច្នោះដែរ ប៉ុន្តែ ចេះអួតអាងយ៉ាងសំបើមណាស់ មើលចុះ ភ្លើងតែបន្តិចទេ អាចនឹងឆេះព្រៃធំៗ ទៅបាន។ យ៉ាកុប ៣:៥
«ខ្ញុំឃើញទេវតាមួយទៀតចុះពីស្ថានសួគ៌មក មានអំណាចយ៉ាងធំ ហើយសិរីល្អរបស់ទេវតានោះក៏បំភ្លឺផែនដី ទេវតានោះបន្លឺឡើងដោយសំឡេងយ៉ាងខ្លាំងថា ក្រុងបាប៊ីឡូនដ៏ជាធំបានរលំហើយ បានរលំហើយ ក៏ត្រឡប់ជាលំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោច និងអស់ទាំងសត្វស្លាបអសោចគួរខ្ពើម...។ ខ្ញុំក៏ឮសំឡេងមួយទៀតពីលើមេឃ ពោលថា រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក ដើម្បីកុំឱ្យត្រូវមានចំណែកក្នុងអំពើបាបវាឡើយ ក្រែងត្រូវវេទនាដូចជាវាដែរ»។ វិវរណៈ ១៨:១,២,៤។
ការប្រកាសដែលបានធ្វើឡើងដោយទេវតាទីពីរនៅវិវរណៈ ១៤:៨ នឹងត្រូវបានផ្ទួនឡើងម្តងទៀត ប្រាប់បន្ថែមអំពីអំពើពុករលួយដែលបានចូលទៅកាន់ក្រុងបាប៊ីឡូន តាំងពីព្រះរាជសារនោះបានផ្សាយនៅលើកទីមួយ។
លក្ខណៈដ៏រន្ធត់មួយ ត្រូវបានរៀបរាប់នៅត្រង់នេះ។ នៅរាល់ការបដិសេធសេចក្តីពិត គំនិតរបស់មនុស្សនឹងចេះតែងងឹតទៅៗ ចិត្តគេក៏ចេះ តែរឹងចចេសថែមទៀត។ គេនឹងនៅតែជាន់ឈ្លីទៅលើសិក្ខាបទមួយនៃក្រឹត្យវិន័យដប់ប្រការ រហូតទាល់តែគេបានធ្វើទុក្ខបៀតបៀនដល់អស់អ្នកដែលរក្សាទុកជាបរិសុទ្ធ។ ព្រះគ្រីស្ទត្រូវបានគេចាត់ទុកថាជាឥតប្រយោជន៍ក្នុងការដែលគេស្អប់ខ្ពើមព្រះបន្ទូល និងរាស្ត្ររបស់ព្រះ។
អ្នកតាំងខ្លួនថាជាអ្នកកាន់សាសនា នឹងបានក្លាយទៅជាអាវផាយធំ គ្របបាំងភាពទុច្ចរិតដ៏ថោកទាប។ ការនិយមជឿខាងវិញ្ញាណខន្ធ បើកទ្វារទៅរកគោលលទ្ធិរបស់អារក្ស ម៉្លោះហើយឥទ្ធិពលរបស់ទេវតាអារក្ស ក៏មាននៅក្នុងក្រុមជំនុំ។ បាប៊ីឡូនបានពេញដោយសេចក្តីខុសឆ្គង ហើយសេចក្តីហិនវិនាសរៀបនឹងធ្លាក់មកដល់ហើយ។
ប៉ុន្តែ ព្រះនៅមានរាស្ត្ររបស់ទ្រង់នៅក្នុងបាប៊ីឡូនដែរ ហើយបណ្តាអ្នកស្មោះត្រង់ទាំងនេះនឹងត្រូវហៅឱ្យចេញមក ដើម្បីកុំឱ្យមានចំណែក ជាមួយអំពើបាបរបស់ក្រុងនោះ ព្រមទាំងកុំឱ្យគេទទួលសេចក្តីវេទនារបស់ក្រុងនោះដែរ។ ទេវតាយាងចុះមកពីស្ថានសួគ៌ បំភ្លឺផែនដីដោយសិរីល្អរបស់លោក ហើយនិងប្រកាសប្រាប់ពីអំពើបាបរបស់ក្រុងបាប៊ីឡូន។ ពាក្យហៅនេះត្រូវបានឮថា៖ «រាស្ត្រអញអើយ ចូរចេញពីទីក្រុងនោះមក»។ ការប្រកាសប្រាប់នេះគឺជាការព្រមានចុងក្រោយបង្អស់ដល់មនុស្សនៅផែនដី។
អំណាចទាំងឡាយនៅផែនដី ដែលរួបរួមគ្នាធ្វើសង្គ្រាមប្រឆាំងនឹងក្រឹត្យវិន័យរបស់ព្រះនឹងចេញបញ្ជាថា «មនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំង មាន ទាំងក្រ ហើយទាំងអ្នកជា និងបាវគេ» (វិវរណៈ ១៣:១៦) ត្រូវសម្របទៅតាមទំនៀមទម្លាប់របស់វិហារ ដោយរក្សាថ្ងៃសាបាថក្លែងក្លាយ។ អស់អ្នកដែលបដិសេធ នឹងទទួលសេចក្តីស្លាប់នៅទីបំផុត។ ផ្ទុយទៅវិញ ច្បាប់របស់ព្រះដែលបង្គាប់ឱ្យគោរពថ្ងៃឈប់សម្រាករបស់ព្រះអាទិករ គំរាមសេចក្តីក្រោធទាស់នឹងអស់អ្នកដែលរំលងសិក្ខាបទរបស់បញ្ញត្តិ។
ដោយរឿងរ៉ាវនេះត្រូវបាននាំមកយ៉ាងច្បាស់ក្រឡែតនៅចំពោះខ្លួន អស់អ្នកណាដែលជាន់ឈ្លីបញ្ញត្តិរបស់ព្រះ ហើយបែរទៅស្តាប់បង្គាប់ច្បាប់របស់មនុស្ស នឹងទទួលទីសម្គាល់របស់សត្វគឺជាសញ្ញានៃសេចក្តីស្មោះត្រង់ចំពោះច្បាប់ដែលខ្លួនជ្រើសរើសស្តាប់បង្គាប់ជាជាងស្មោះត្រង់ដល់ព្រះ។ «បើអ្នកណាក្រាបថ្វាយបង្គំដល់សត្វនោះនិងរូបវា ហើយទទួលទីសម្គាល់វានៅលើថ្ងាស ឬនៅដៃអ្នកនោះនឹងត្រូវផឹកស្រាផងសេចក្តីឃោរឃៅរបស់ ព្រះ ជាស្រាឥតលាយដែលចាក់ទៅក្នុងពែងនៃសេចក្តីក្រោធរបស់ទ្រង់»។ វិវរណៈ ១៤:៩,១០។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាមានប្រាជ្ញា និងយោបល់ត្រូវឲ្យអ្នកនោះសំដែងចេញជាកិរិយាល្អ ដោយសារការដែលខ្លួនប្រព្រឹត្ត ដោយសេចក្តីសុភាពនៃប្រាជ្ញាចុះ។ យ៉ាកុប ៣:១៣