ថ្ងៃសុក្រ ទី៨​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤៣

ខព្រះគម្ពីរប្រចាំថ្ងៃ៖ បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំងបាយជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក ជា​ប្រៃ​ផង​សាប​ផង​បាន​ឡើយ។ យ៉ាកុប ៣:១២

គ្មាននរណាម្នាក់ទទួលរងនូវសេចក្តីក្រោធរបស់ព្រះឡើយ រហូតទាល់តែសេចក្តីពិតបាននាំមកដល់គំនិត និងដល់សម្បជញ្ញៈរបស់ខ្លួនហើយៗ បានបដិសេធចោល។ មានមនុស្សជាច្រើនដែលពុំដែលមានឱកាសស្តាប់ សេចក្តីពិតដ៏វិសេសវិសាលសម្រាប់ពេលនេះឡើយ។ ព្រះអង្គដែលស្គាល់អស់ទាំងជម្រៅចិត្ត នឹងមិនទុកចោលនរណាម្នាក់ដែលប្រាថ្នាសេចក្តីពិត ឱ្យត្រូវទទួលលសេចក្តីបញ្ឆោតក្នុងរឿងរ៉ាវនៃសេចក្តីវិវាទនោះឡើយ។ គ្រប់គ្នានឹងមានពន្លឺគ្រប់គ្រាន់ដើម្បីសម្រេចចិត្តឱ្យបានត្រឹមត្រូវ។

ការសាកល្បងដ៏ធំអំពីភក្តីភាព

ថ្ងៃសាប្បាតហ៍ដែលជាការសាកល្បងដ៏ធំនៃចិត្តភក្តី គឺជាសេចក្តីពិតដែលគេយកមកជំទាស់គ្នា។ ក្នុងពេលដែលការរក្សាថ្ងៃសាបាថក្លែងក្លាយ ជាការបញ្ជាក់ថាស្មោះត្រង់ចំពោះអំណាចប្រឆាំងនឹងព្រះ ការរក្សាថ្ងៃ ាបាថពិត គឺជាភ័ស្តុតាងនៃចិត្តភក្តីចំពោះព្រះអាទិករ។ នៅពេលដែល ក្រុមមួយទទួលទីសម្គាល់របស់សត្វ ក្រុមមួយទៀតទទួលត្រារបស់ព្រះ។

ការដែលទស្សន៍ទាយថា សេចក្តីមិនអត់ឱនដល់សាសនានឹងមានអំណាចគ្រប់គ្រងថាវិហារ ហើយនិងរដ្ឋនឹងធ្វើទុក្ខបៀតបៀនដល់អស់អ្នកដែលរក្សាក្រឹត្យវិន័យរបស់ព្រះ ត្រូវបានគេប្រកាសឡើងថា ជាទំនាយដែលគ្មានមូលដ្ឋាន ហើយមិនសមហេតុផលទៀតផង។ ប៉ុន្តែ នៅពេលដែលការរក្សាថ្ងៃអាទិត្យមានការរំជើបរំជួលជាទូទៅ ព្រឹត្តិការណ៍ដែលគេសង្ស័យជាយូរលង់មកហើយនោះ នឹងឃើញថាចេះតែរំកិលចូលមកជិតឡើងៗ ហើយព្រះរាជសារនេះនឹងបង្កើតឱ្យមានប្រតិកម្មដែលពុំដែលមានពីមុនមក។

នៅរាល់ទាំងតំណមនុស្ស ព្រះតែងតែបញ្ជូនអ្នកបម្រើព្រះអង្គ មកស្តីបន្ទោសដល់អំពើបាបនៅក្នុងលោកីយ៍ និងនៅក្នុងក្រុមជំនុំ។ អ្នកកែទម្រង់ជាច្រើន នៅពេលចាប់ផ្តើមប្រកបការងាររបស់ខ្លួនបានប្តេជ្ញាអនុវត្តដោយ ប្រុងប្រយ័ត្នបំផុត ក្នុងការតតាំងជាមួយអំពើបាបរបស់វិហារ និងរបស់ប្រទេសជាតិ។ ពួកគេមានសង្ឃឹមថានឹងអាចណែនាំបណ្តាជនឱ្យត្រឡប់មកឯព្រះគម្ពីរវិញ ដោយសារគំរូដ៏ល្អនៃអ្នកគ្រីស្ទានស្អាតស្អំ។ ប៉ុន្តែ ព្រះវិញ្ញាណនៃព្រះបានមកដល់ពួកគេ ពួកគេក៏ចាប់ផ្តើមអធិប្បាយផ្សាយគោលលទ្ធិដ៏ងាយយល់នៃព្រះគម្ពីរដោយឥតខ្លាចក្រែងចំពោះផលវិបាកអ្វីកើតឡើងឡើយ។

ព្រះរាជសារនោះ នឹងត្រូវបានប្រកាសផ្សាយក្នុងរបៀបនេះ។ ព្រះ អម្ចាស់នឹងធ្វើការតាមរយ​ៈឧបករណ៍ដ៏ស្រគត់ស្រគំដែលថ្វាយខ្លួនគេចំពោះការងារព្រះអង្គ។ អ្នកធ្វើការនឹងមានសមត្ថភាពដោយសារការចាក់ប្រេង តាំងដោយព្រះវិញ្ញាណរបស់ព្រះជាជាងដោយការហ្វឹកហ្វឺនពីវិទ្យាស្ថានអក្សរសាស្ត្រ។ មនុស្សនឹងត្រូវបានបង្ខំទៅមុខទាំងប្រដាប់ដោយសេចក្តីខ្ជាប់ខ្ជួនដ៏បរិសុទ្ធ ប្រកាសផ្សាយព្រះបន្ទូលដែលព្រះប្រទាន​ឱ្យ។ អំពើបាបរបស់បាប៊ីឡូននឹងត្រូវលាតត្រដាងឡើង។ បណ្តាជននឹងត្រូវបានផុសផុលឡើង។ មនុស្សរាប់ពាន់នាក់ពុំដែលបានឮព្រះបន្ទូលបែបនេះទេ។ បាប៊ីឡូនគឺជាវិហារ ដែលបានរលំដួលដោយព្រោះអំពើបាបរបស់ខ្លួន ដោយព្រោះការបដិសេធសេចក្តីពិត។ នៅពេលដែលបណ្តាមនុស្សទៅរកពួកគ្រូរបស់ខ្លួនទាំងសួរថា «តើដូច្នេះមែនឬ?» ពួកគ្រូគង្វាលក៏និយាយប្រាប់រឿងប្រឌិត ដើម្បីរំងាប់សម្បជញ្ញៈដែភ្ញាក់រលឹក។ ប៉ុន្តែ ក្នុងកាលដែលមនុស្សជាច្រើននៅតែទាមទារឃ្លាដ៏ងាយយល់ដែលថា «ព្រះអម្ចាស់មានបន្ទូលដូច្នេះថា» ជំនឿដែលគេនិយមជឿខ្លាំងនោះនឹងបំផុតពួកជនស្រឡាញ់អំពើបាប ឱ្យជេរប្រមាថព្រមទាំងធ្វើទុក្ខបៀតបៀនដល់ពួកអ្នកប្រកាសផ្សាយដំណឹងនោះ។

គណៈគ្រូគង្វាល នឹងខំប្រឹងបញ្ចេញអស់ពីសមត្ថភាពដើម្បីបិទពន្លឺ និងដើម្បីគាបសង្កត់ការពិភាក្សាសំណួរដ៏មានសារៈសំខាន់ទាំងនេះ។ វិហារនឹងអំពាវនាវរកកម្លាំងពីអំណាចប្រជាជន ហើយនៅក្នុងកិច្ចការនេះកាតូលិក និងប្រូតេស្តង់នឹងរួបរួមគ្នា។ នៅពេលដែលចលនាសម្រាប់ពង្រឹងថ្ងៃអាទិត្យកាន់តែងើបមុខឡើង អ្នករក្សាក្រឹត្យវិន័យនឹងទទួលការគំរាម កំហែងដោយការពិន័យប្រាក់ និងការចាប់ដាក់គុក។ មានអ្នកខ្លះត្រូវគេប្រគល់តំណែងខ្ពង់ខ្ពស់ ហើយនិងរង្វាន់ផ្សេងទៀត ដើម្បីឱ្យលះបង់ជំនឿរបស់ខ្លួន។ ប៉ុន្តែ ចម្លើយរបស់គេគឺ «ចូរបង្ហាញកំហុសយើងពីព្រះបន្ទូលមក»។ អស់អ្នកជាប់ចោទនៅមុខតុលាការ ជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះ សេចក្តីពិតហើយអ្នកខ្លះដែលបានឮ ក៏នឹងសម្រេចចិត្តរក្សាក្រឹត្យវិន័យទាំងអស់របស់ព្រះដែរ បើមិនដូច្នោះទេ មនុស្សរាប់ពាន់នាក់នឹងពុំដឹងអ្វីសោះអំពីសេចក្តីពិតទាំងនេះឡើយ។

ការស្តាប់បង្គាប់ព្រះ នឹងត្រូវគេចាត់ទុកជាការបះបោរ។ មាតាបិតានឹងអនុវត្តនូវភាពតឹងរ៉ឹងចំពោះកូនដែលជឿ។ កូនទាំងឡាយនឹងត្រូវគេដកយកមត៌កពីខ្លួន ហើយបណ្តេញចេញពីផ្ទះ។ «ឯអស់អ្នកដែលចង់រស់ដោយគោរពប្រតិបត្តដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀន»។ ធីម៉ូថេទី២ ៣:១២។ នៅពេលដែលអ្នកការពារសេចក្តីពិតបដិសេធមិនគោរពថ្ងៃអាទិត្យ អ្នកខ្លះនឹងត្រូវគេចាប់បោះទៅក្នុងគុក អ្នកខ្លះនឹងត្រូវបណ្តេញចេញពីស្រុក ខ្លះទៀតនឹងត្រូវគេប្រើដូចទាសករដាច់ថ្លៃ។ នៅពេលដែលព្រះវិញ្ញាណនៃព្រះ ត្រូវបានដកចេញពីមនុស្ស នោះនឹងមានការចម្លែកកើតឡើង។ នៅពេលដែលសេចក្តីកោតខ្លាច និងសេចក្តីស្រឡាញ់របស់ព្រះត្រូវបានដកចេញទៅ មនុស្សអាចមានចិត្តឃោរឃៅណាស់។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្តី​សុភាព​នៃ​ប្រាជ្ញា​ចុះ។ យ៉ាកុប ៣:១៣

Powered by CAM