ថ្ងៃសៅរ៍ ទី៩​ ខែតុលា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-៣៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ អេសាយជំពួក៤៤

ព្យុះសង្ឃរាកំពុងចូលមក

នៅពេលព្យុះសង្ឃរាខិតចូលមក ក្រុមមួយធំដែលចាត់ខ្លួនថា មានជំនឿចំពោះព្រះរាជសារនៃទេវតាទីបី ប៉ុន្តែពុំបានញែកជាបរិសុទ្ធដោយការស្តាប់បង្គាប់ដោយសេចក្តីពិត នឹងបោះបង់តំណែងរបស់ខ្លួនបែរទៅចូលរួមជាមួយបក្សប្រឆាំង។ ដោយការរួបរួមជាមួយលោកីយ៍ ពួកគេបានថ្លឹងថ្លែងរឿងរ៉ាវដោយការយល់ដឹងដូចគ្នា តែគេជ្រើសរើសយកខាងដែលមាន ប្រជាប្រិយភាពជាងវិញ។ មនុស្សដែលធ្លាប់មានអំណរចំពោះសេចក្តីពិត ក៏ប្រើអំណោយទាន និងវោហារបស់ខ្លួនដើម្បីធ្វើឱ្យព្រលឹងមនុស្សវង្វេង។ ពួក គេបានក្លាយជាសត្រូវដ៏ជូរចត់ចំពោះបងប្អូនខ្លួនពីអតីតកាល។ ពួកក្បត់ សាសនាទាំងនេះ ជាភ្នាក់ងារដ៏មានប្រសិទ្ធិភាពរបស់សាតាំង ក្នុងការមួល បង្កាច់ និងចោទប្រកាន់អ្នករក្សាថ្ងៃសប្បាតហ៍ ព្រមទាំងបំផុសបំផុល​ពួកកាន់អំណាចឱ្យប្រឆាំងថែមទៀត។

អ្នកបម្រើរបស់ព្រះអម្ចាស់ បានផ្តល់នូវការព្រមានដាស់តឿនរួចហើយ។ ព្រះវិញ្ញាណនៃព្រះបានការពារពួកគេ។ ពួកគេពុំបានដេញតាមសេចក្តីប្រាថ្នានៃលោកីយ៍ ឬក៏ចង់រក្សាកេរ្តិ៍ឈ្មោះ ឬជីវិតខ្លួនឡើយ។ កិច្ចការហាក់ដូចជាហួសពីសមត្ថភាព ដើម្បីនឹងធ្វើឱ្យបានសម្រេចណាស់។ តែពួកគេពុំអាចត្រឡប់ក្រោយបានឡើយ។ កាលកំពុងមានអារម្មណ៍តែលតោល ដូច្នេះ គេក៏រត់ទៅរកព្រះដ៏មានព្រះចេស្តា ដើម្បីទូលសូមកម្លាំង។

សម័យកាលផ្សេងៗនៅក្នុងប្រវត្តិសាស្រ្ត ត្រូវបានកត់សម្គាល់ដោយការរីកចម្រើនដល់សេចក្តីពិតពិសេសខ្លះ ដែលអាស្រ័យទៅតាមការចាំបាច់នៃបណ្តាជនរបស់ព្រះនាពេលនោះ។ រាល់ទាំងសេចក្តីពិតថ្មីៗ តែងតែចេញមកប្រឆាំងនឹងបក្សជំទាស់។ រាជទូតទាំងឡាយរបស់ព្រះគ្រីស្ទ ត្រូវប្រកបភារកិច្ចរបស់ខ្លួន ហើយទុកលទ្ធផលនៅលើព្រះវិញ។

បក្សប្រឆាំងឡើងដល់កម្ពស់ថ្មី

នៅពេលបក្សប្រឆាំងឡើងដល់កម្ពស់ដ៏សាហាវ អ្នកបម្រើរបស់ព្រះមានការស្មុគស្មាញម្តងទៀត ព្រោះហាក់ដូចជាខ្លួនបាននាំមកនូវឧបសគ្គ។ ប៉ុន្តែ សម្បជញ្ញៈ និងព្រះបន្ទូលនៃព្រះបានបញ្ជាក់ដល់ពួកគេថា ដំណើរការរបស់ពួកគេគឺត្រឹមត្រូវទេ។ ជំនឿ និងទឹកចិត្តរបស់ពួកគេបានចម្រើនឡើងយ៉ាងរួសរាន់។ ទីបន្ទាល់របស់គេគឺ «ព្រះគ្រីស្ទបានចាប់យកអំណាច លោកីយ៍ហើយ តើគួរឱ្យយើងខ្លាចដល់លោកីយ៍ដែលយកបានរួចហើយនេះឬ?»

គ្មាននរណាម្នាក់អាចបម្រើព្រះ ដោយគ្មានការប្រឆាំងពីពួកពលបរិវារនៃសេចក្តីងងឹតបានឡើយ។ ពួកទេវតាអាក្រក់នឹងវាយសម្រុកអ្នកនោះ ដោយព្រោះខ្លាចបាត់រំពាដែលនៅក្នុងកណ្តាប់ដៃរបស់ពួកវា។ ពួកមនុស្សអាក្រក់នឹងស្វែងរកវិធីបំបែកអ្នកនោះចេញពីព្រះដោយសេចក្តីល្បួងល្បង។ កាលបើប្រើការទាំងនេះនៅតែមិនបានជោគជ័យ គេនឹងប្រើអំណាចបង្ខំសម្បជញ្ញៈម្តងវិញ។

ប៉ុន្តែ ដរាបណាព្រះយេស៊ូវនៅតែជាអ្នកអង្វរករជួសមនុស្សនៅក្នុងរោងឧបោសថខាងលើ ពួកអ្នកច្បាប់ និងពួកបណ្តាជននឹងស្ថិតនៅក្រោមឥទ្ធិពលការពាររបស់ព្រះវិញ្ញាណបរិសុទ្ធជានិច្ច។ បើទោះជាមានពួកអ្នកច្បាប់ជាច្រើនរបស់យើង ជាភ្នាក់ងារដ៏សកម្មរបស់សាតាំងក៏ដោយ ក៏ព្រះមានភ្នាក់ងាររបស់ព្រះអង្គនៅក្នុងចំណោមមេដឹកនាំនៃប្រទេសជាតិដែរ។ មានមនុស្សមួយចំនួនតូចនឹងទប់ទល់ចរន្តដ៏ខ្លាំងក្លានៃសេចក្តីអាក្រក់។ បក្សប្រឆាំងនៃសត្រូវរបស់សេចក្តីពិត នឹងត្រូវបានឃាត់ទប់ ដើម្បីទុកឱ្យព្រះរាជសាររបស់ទេវតាទីបីធ្វើការ។ សេចក្តីព្រមានចុងក្រោយនឹងធ្វើឱ្យពួកមេដឹកនាំទាំងនេះចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានអ្នកខ្លះទទួលជឿ ហើយព្រមចូលខាងរាស្ត្ររបស់ព្រះនៅក្នុងគ្រាវេទនា។

ភ្លៀងចុងរដូវ និងសម្រែកដ៏ខ្លាំង

ទេវតាដែលរួមជាមួយទេវតាទីបី នឹងត្រូវបំភ្លឺផែនដីទាំងមូលដោយសិរីល្អរបស់លោក។ ព្រះរាជសាររបស់ទេវតាទីមួយ ត្រូវបាននាំចេញទៅកាន់គ្រប់ទាំងស្ថានីយ៍បេសកកម្មក្នុងលោកីយ៍ ហើយប្រទេសខ្លះបានចាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះសាសនា ដូចមិនដែលមានពីមុនឡើយ តាំងតែពីគ្រ លទ្ធិកែទម្រង់មក។ ប៉ុន្តែ សេចក្តីព្រមានចុងក្រោយនៃទេវតាទីបីនេះ នឹងបានប្រសើរជាងនោះទៅទៀត។

ការងារនោះនឹងមានសភាពស្រដៀងគ្នាទៅនឹងថ្ងៃបុណ្យទី៥០ដែរ។ «ភ្លៀងដើមរដូវ» ត្រូវបានប្រទានមកនៅពេលចាប់ផ្តើមដំណឹងល្អ ដើម្បីធ្វើឱ្យគ្រាប់ពូជដ៏វិសេសដុះពន្លកឡើង ដូច្នេះ «ភ្លៀងចុងរដូវ» នឹងត្រូវប្រទានមក នៅពេលបញ្ចប់ដើម្បីបន្ទុំគ្រាប់ពូជសម្រាប់ពេលចម្រូត។ ហូសេ ៦:៣; យ៉ូអែល ២:២៣។ កិច្ចការដ៏ឧត្តមនៃដំណឹងល្អ មិនត្រូវបញ្ចប់ទៅដោយមានការសម្តែងអំណាចព្រះចេស្តារបស់ព្រះ តិចជាងដែលបានកត់សម្គាល់នៅពេលបើកចាប់ផ្តើមនោះឡើយ។ បទទំនាយដែលត្រូវបានសម្រេច នៅក្នុងការបង្អុរភ្លៀងដើមរដូវ នាពេលបើកចាប់ផ្តើមដំណឹងល្អ នឹងត្រូវបានសម្រេចម្តងទៀតក្នុងភ្លៀវចុងរដូវនាពេលបិទបញ្ចប់។ នេះជា «ពេលលំហើយ» ដែលសាវ័កពេត្រុសបានទន្ទឹងរង់ចាំ នៅពេលលោកមានប្រសាសន៍ថា៖ «ដូច្នេះ ចូរប្រែចិត្ត ហើយវិលមកចុះ ដើម្បីឱ្យបាបអ្នករាល់គ្នាបានលុបចេញ ប្រយោជន៍ឱ្យមានពេលលំហើយមកពីចំពោះព្រះអម្ចាស់ហើយ​ឱ្យទ្រង់បានចាត់ព្រះអង្គ»។ កិច្ចការ ៣:១៩,២០។

អ្នកបម្រើរបស់ព្រះ ដែលបានថ្វាយខ្លួនជាបរិសុទ្ធ មានទឹកមុខភ្លឺចាំង នឹងប្រញាប់ប្រញាល់ពីកន្លែងមួយទៅកន្លែងមួយប្រកាសផ្សាយព្រះរាជ សារពីស្ថានសួគ៌។ ការអស្ចារ្យនឹងសម្តែងឡើង អ្នកជំងឺនឹងត្រូវព្យាបាលឱ្យជា។ សាតាំងក៏ធ្វើការអស្ចារ្យដ៏កំភូត ថែមទាំងនាំឱ្យធ្លាក់ភ្លើងពីលើមេឃមកផង។ វិវរណៈ ១៣:១៣។ ម៉្លោះហើយមនុស្សម្នានៅលើផែនដី នឹងត្រូវធ្វើការសម្រេចចិត្ត។

ព្រះរាជសារនឹងត្រូវបានផ្សព្វផ្សាយ ដោយមិនមានការជជែកដេញដោលច្រើនទេ គឺដោយការងារនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះដែលបណ្តាលឱ្យមានចិត្តជឿវិញ។ សេចក្តីវែកញែកត្រូវបានដាក់នៅចំពោះបណ្តាមនុស្សរួចហើយ ការបោះពុម្ពផ្សាយក៏បានបញ្ចេញឥទ្ធិពលដែរ ប៉ុន្តែនៅតែមានមនុស្សជាច្រើនដែលត្រូវបានបង្ខាំងមិនឱ្យយល់សេចក្តីពិតបានពេញលេញឡើយ។ ឥឡូវនេះគេបានឃើញសេចក្តីពិតយ៉ាងច្បាស់ក្រឡែត។ ទំនាក់ទំនងគ្រួសារ និងទំនាក់ទំនងវិហារ ក៏គ្មានអំណាចឃាត់ឃាំងកូនដ៏ស្មោះ ត្រង់របស់ព្រះបានដែរនៅពេលនេះ។ ថ្វីបើមានភ្នាក់ងារទាំងឡាយរួមគ្នា ប្រឆាំងសេចក្តីពិតក៏ដោយ ក៏មានមួយចំនួនធំនាំគ្នាកាន់ខាងព្រះអម្ចាស់ដែរ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​មាន​អ្នក​ណា​មាន​ប្រាជ្ញា និង​យោបល់ត្រូវ​ឲ្យ​អ្នក​នោះ​សំដែង​ចេញ​ជា​កិរិយា​ល្អ ដោយសារ​ការ​ដែល​ខ្លួន​ប្រព្រឹត្ត ដោយ​សេចក្តី​សុភាព​នៃ​ប្រាជ្ញា​ចុះ។ យ៉ាកុប ៣:១៣

Powered by CAM