ថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ សេចក្តីឆ្មើងឆ្មៃនាំមុខសេចក្តីហិនវិនាស ហើយចិត្តព្រហើនក៏នាំឲ្យដួលចុះដែរ។ សុភាសិត ១៦:១៨
អំណានប្រចាំថ្ងៃ
មុនការបះបោររបស់វា លុយស៊ីហ្វ័រគឺជាទេវតាមួយអង្គនៅនគរស្ថានសួគ៌ ដែលមានឋានៈខ្ពង់ខ្ពស់ និងមានកិត្តិយស បន្ទាប់ពីព្រះរាជបុត្រា ជាទីស្រឡាញ់របស់ព្រះ។ ទឹកមុខរបស់វាស្លូតបូត ហើយពោរពេញដោយសេចក្តីអំណរ ដូចជាទេវតាដទៃទៀតដែរ។ ថ្ងាសរបស់វាធំស្រឡះ ដែលបង្ហាញនូវប្រាជ្ញាដ៏វាងវៃរបស់វា។ រូបរាងរបស់វាល្អឥតខ្ចោះប្រកបដោយ ភាពថ្លៃថ្នូរដ៏មានអានុភាព។ មានពន្លឺរស្មីពិសេសចេញពីមុខរបស់វា ហើយចែងចាំងនៅជុំវិញ ដែលភ្លឺចាំង ជាងពន្លឺនៅជុំវិញទេវតាផ្សេងៗទៀត ប៉ុន្តែព្រះគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះទ្រង់មានភាពល្អប្រសើរឧត្តម លើសជាងអស់ទាំងពួកទេវតាទាំងឡាយទៅទៀត។ ព្រះអង្គគង់នៅជាមួយនឹងព្រះវរបិតាទ្រង់ តាំងពីមុនព្រះបានបង្កើតពួកទេវតាទាំងអស់មកម៉្លេះ។ លុយស៊ីហ្វ័របានច្រណែននឹងព្រះគ្រីស្ទ ហើយទាមទារចង់បានឋានៈដែលព្រះបានប្រទានដល់ព្រះគ្រីស្ទតែមួយអង្គគត់នោះបន្តិចម្តងៗ។
ព្រះអាទិករដ៏ឧត្តមបានប្រជុំពួកពលបរិវារ (ទេវតា) ទាំងឡាយនៅស្ថានសួគ៌ ដើម្បីប្រទានកិត្តិយសដល់ព្រះរាជបុត្រារបស់ទ្រង់ នៅចំពោះមុខពពួកទេវតាទាំងអស់។ ព្រះរាជបុត្រាបានគង់នៅលើបល្ល័ង្កជាមួយនឹងព្រះវរបិតារបស់ទ្រង់ ហើយពួកពលទេវតាដ៏ច្រើនកុះករបានប្រមូលផ្តុំគ្នានៅជុំវិញព្រះអង្គ។ បន្ទាប់មក ព្រះវរបិតាបានប្រកាសថា ទ្រង់បានតែងតាំងព្រះគ្រីស្ទ ដោយផ្ទាល់ព្រះអង្គឱ្យមានឋានៈស្មើនឹងអង្គព្រះអង្គ ដូច្នេះ អ្វីៗទាំងអស់ដែលនៅចំពោះព្រះវត្តមានរបស់ព្រះរាជបុត្រា ក៏ដូចជានៅចំពោះព្រះវត្តមានរបស់ព្រះវរបិតាដែរ។ ពពួកទេវតាទាំងឡាយក៏ត្រូវតែស្តាប់តាមព្រះបន្ទូលរបស់ព្រះរាជបុត្រា ដូចជាព្រះបន្ទូលរបស់ព្រះវរបិតាដែរ។ ទ្រង់បានប្រទានអំណាចដល់ព្រះរាជបុត្រាឱ្យអាចបញ្ជាលើពួកទេវតាទាំងឡាយនៅស្ថានសួគ៌។ ជាពិសេស ព្រះរាជបុត្រារបស់ទ្រង់នឹងត្រូវរួបរួមជាមួយនឹងទ្រង់ ក្នុងការបង្កបង្កើតផែនដី និងរបស់សព្វសារពើដែលមាននៅលើផែនដី។ ព្រះរាជបុត្រានឹងគោរពតាមព្រះហឫទ័យ និងព្រះរាជបំណងរបស់ព្រះអង្គ ហើយព្រះរាជបុត្រានឹងមិនអាចធ្វើអ្វីតាមតែព្រះហឫទ័យរបស់ទ្រង់ផ្ទាល់ឡើយ។ ព្រះហឫទ័យរបស់ព្រះវរបិតានឹងត្រូវបានសម្រេចដោយសារទ្រង់។
អំណានព្រះគម្ពីរពេលល្ងាច៖អេសេគាល ជំពូក ២៨:១២-១៧
ខចងចាំ៖ ត្រូវឲ្យឯងស្រឡាញ់ព្រះយេហូវ៉ា ជាព្រះនៃឯងឲ្យអស់ពីចិត្ត អស់ពីព្រលឹង ហើយអស់ពីកំឡាំងឯង ។ ចោទិយកថា ៦:៥