ថ្ងៃពុធ ទី១០​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០២-ត


អំណានព្រះគម្ពីរពេលព្រឹក៖ គឺ​ទ្រង់​តែ​១​ដែល​ជា​ព្រះឯកអង្គ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពលបរិវារ​នៅ​លើ​នោះ និង​ផែនដី ហើយ​សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​ទប់ទល់​ជីវិត​នៃ​របស់​ទាំង​នោះ ហើយ​ពួក​ពល​នៅ​លើ​មេឃ ក៏​ថ្វាយបង្គំ​ដល់​ទ្រង់។ នេហេមា​ ៩:៦

អំណានប្រចាំថ្ងៃ៖ លោកអ័ដាម​ និងនាងអេវ៉ា​ក្នុងសួនច្បារអេដែន

ផែនដីត្រូវបានគ្របដណ្តប់ទៅដោយរុក្ខជាតិពណ៌បៃតងខ្ចីនៅពេលដែលបុប្ផាជាច្រើនមុខរាប់មិនអស់ចម្រុះពណ៌និងមានក្លិនក្រអូបដុះព័ទ្ធជុំវិញ។ អ្វីៗទាំងអស់ត្រូវបានរៀបចំតាក់តែងទ្បើងយ៉ាងត្រឹមត្រូវនិង​មាន​សិរីរុងរឿង។ នៅចំកណ្តាលសួនច្បារ ដើមជីវិតបានលេចធ្លោឡើងជាមួយ​នឹងសិរីល្អ លុបលើដើមឈើផងទាំងឡាយ។ ផ្លែរបស់វាមើលទៅដូចជាផ្លែ​ប៉ោមមាស ផ្លែប៉ោមប្រាក់ ហើយគង់វង្សនៅស្ថិតស្ថេរជានិច្ច។ ស្លឹកវាអាច​យក​ទៅព្យាបាលជំងឺឱ្យជាសះស្បើយបាន។ លោកអ័ដាម និងនាងអេវ៉ា​នៅ​​ក្នុង​សួនច្បារអេដែនគូស្រករមួយគូនេះបានរស់នៅក្នុងសួនច្បារអេដែនយ៉ាងសប្បាយរីករាយក្រៃលែង។ ព្រះបានប្រទានអំណាចដ៏ខ្ពស់បំផុតដល់គេឱ្យគ្រប់គ្រងលើសត្វមានជីវិតទាំងឡាយ។ នៅជុំវិញពួកគេសត្វតោហើយនិងកូនចៀមបានលេងជាមួយគ្នាដោយសុខសាន្តមិនធ្វើឱ្យឈឺចាប់ដល់គ្នានិងគ្នាឡើយ ឯសត្វខ្លះទៀតកំពុងដេកយ៉ាងស្ងៀមស្ងាត់។ បក្សាបក្សីគ្រប់មុខ មានពណ៌ចម្រុះត្រដាងស្លាបហិចហើរនៅលើលោកអ័ដាម និងនាងអេវ៉ា ពី​ដើមឈើមួយទៅដើមឈើមួយ ពីគុម្ពផ្កាមួយទៅគុម្ពផ្កាមួយបញ្ចេញសំឡេង​ច្រៀងរងំនៅលើដើមឈើ ដើម្បីសរសើរតម្កើងដល់ព្រះអាទិកររបស់វា។ លោកអ័ដាមនិងនាងអេវ៉ាស្រឡាញ់គ្នាយ៉ាងល្អូកល្អឺនជាមួយនឹងសោភ័ណភាពនៃសួនច្បារអេដែនដែលជាលំនៅឋានរបស់ពួកគេ។ ពួកគេរីករាយក្រៃលែងជាមួយនឹងអ្នកចម្រៀងតូចៗនៅជុំវិញគេដែលប្រដាប់កាយដោយរោមស្លាបមានពណ៌ភ្លឺរលោង ស្រែកច្រៀងខ្ញៀវខ្ញាយ៉ាងសប្បាយរីករាយ បង្កើតបានជាដូរ្យតន្ត្រីដ៏ពីរោះរណ្តំ។ គូស្រករដ៏បរិសុទ្ធបានរួបរួមជាមួយហ្វូងបក្សាបក្សីទាំងនោះហើយបានបញ្ចេញសំឡេងច្រៀងនូវចម្រៀងនៃក្តីស្រឡាញ់យ៉ាងពីរោះរងំ ដើម្បីសរសើរតម្កើង និងគោរពដល់ព្រះវរបិតា និងព្រះរាជបុត្រាជាទីស្រឡាញ់ចំពោះនិមិត្តរូបនៃក្តីស្រឡាញ់ ដែលនៅ​ជុំវិញពួកគេ។ ពួកគេបានទទួលស្គាល់នូវរបៀបរៀបរយ និងភាពចុះសម្រុងគ្នាឥតខ្ចោះនៃការបង្កបង្កើតលោកដែលចេញពីព្រះបន្ទូលដ៏ប្រកបដោយព្រះប្រាជ្ញាញាណ និងព្រះតម្រិះដ៏អស្ចារ្យគ្មានដែនកំណត់។ សោភ័ណភាពនិងសិរីល្អថ្មីៗបន្ថែមទៀតនៃគេហដ្ឋានក្នុងសួនច្បារអេដែនរបស់ពួកគេ ដែលគេកំពុងរកឃើញជាបន្ត បានបំពេញចិត្តគេនូវសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅហើយបបូរមាត់របស់គេបានបង្ហូរចេញនូវព្រះករុណាទិគុណ និងការគោរពដល់ព្រះអាទិកររបស់គេ។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​៨

ខចងចាំ៖​​ ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត ប្រយោជន៍​​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ទំនុកតម្កើង ១១៩:១១

Powered by CAM