ថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតអស់ទាំងជាន់ផ្ទៃមេឃ ហើយបានលាតផង គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោកមានវិញ្ញាណផង ទ្រង់មានព្រះបន្ទូលថា អញនេះគឺជាយេហូវ៉ា អញបានហៅឯងមកដោយសេចក្តីសុចរិត អញនឹងកាន់ដៃឯង ហើយថែរក្សាឯង អញនឹងតាំងឯងឡើង ទុកជាសេចក្តីសញ្ញាដល់បណ្តាជន ហើយជាពន្លឺភ្លឺដល់អស់ទាំងសាសន៍។ អេសាយ ១៤:៥-៦
អំណានប្រចាំថ្ងៃ
នៅចំកណ្តាលសួនច្បារជិតដើមជីវិត ដើមដឹងខុសត្រូវបានឈរត្រដែតនៅទីនោះ។ ព្រះបានតាក់តែងរៀបចំដើមឈើនេះទ្បើងយ៉ាងពិសេសសម្រាប់ជាសញ្ញានៃការស្តាប់បង្គាប់ សេចក្តីជំនឿ និងសេចក្តីស្រឡាញ់របស់គេ ំពោះទ្រង់។ ព្រះអម្ចាស់ទ្រង់បានបង្គាប់ដល់ឪពុកម្តាយដើមដំបូងរបស់យើងមិនឱ្យបរិភោគផ្លែនៃដើមឈើនោះឡើយ ហើយក៏កុំឱ្យប៉ះពាល់ផងក្រែងលោស្លាប់ ព្រះទ្រង់បានមានព្រះបន្ទូលប្រាប់ពួកគេថា គេអាចបរិភោគគ្រប់ទាំងផ្លែពីដើមឈើទាំងឡាយនៅក្នុងសួនច្បារ នេះបានតាមចិត្ត លើកលែងតែដើមដឹងខុសត្រូវនេះមួយប៉ុណ្ណោះ ដ្បិតបើពួកគេបរិភោគផ្លែនោះគេនឹងត្រូវស្លាប់ជាមិនខាន។
នៅពេលដែលព្រះបានដាក់លោកអ័ដាមនិងនាងអេវ៉ានៅក្នុងសួនច្បារដ៏ស្រស់ស្អាតនេះ ពួកគេមានអ្វីៗទាំងអស់សម្រាប់ការសប្បាយរបស់គេតាមចិត្តប្រាថ្នា។ ប៉ុន្តែ ព្រះទ្រង់បានជ្រើសរើសដោយការរៀបចំដ៏វៀងវៃបំផុតរបស់ទ្រង់ ដើម្បីល្បងលនូវសេចក្តីស្មោះត្រង់របស់គេទៅលើទ្រង់ មុននឹងទ្រង់អាចប្រទានជីវិតអស់កល្បដល់ពួកគេ។ ពួកគេត្រូវបានទទួលសេចក្តីស្រឡាញ់ពីទ្រង់ ហើយទ្រង់នឹងត្រូវសន្ទនាជាមួយពួកគេទៅវិញទៅមក។ ប៉ុន្តែ ព្រះទ្រង់មិនបានដាក់អារក្សឱ្យនៅឆ្ងាយពីគេទេ។ ទ្រង់បានអនុញ្ញាតឱ្យសាតាំងអាចល្បួងពួកគេបាន។ ប្រសិនបើពួកគេអាចទ្រាំទ្រនឹងការសាកល្បងនេះបាននោះពួកគេនិងត្រូវបានក្លាយជាទីគាប់ព្រះហឫទ័យរបស់ព្រះនិងពួកទេវតានៅស្ថានសួគ៌អស់មួយជីវិត។
សាតាំងបានលេចមកគួរឱ្យភ្ញាក់ផ្អើល នៅក្នុងលក្ខណៈថ្មីមួយរបស់វា។ សេចក្តីសប្បាយរីករាយរបស់វាបានរលាយសាបសូន្យហើយ។ វាបានសម្លឹងមើលទៅទេវតាទាំងឡាយដែលធ្លាប់តែសប្បាយជាមួយនឹងវា ហើយដែលបានបណ្តេញចេញពីស្ថានសួគ៌ជាមួយវា។ មុនពេលវាធ្លាក់ចុះមិនដែលមានស្រមោលនៃសេចក្តីទោមនស្សណាមួយធ្វើឱ្យសៅហ្មងដល់សេចក្តីសុខសាន្តរបស់វាឡើយ។ ឥឡូវនេះអ្វីៗទាំងអស់ហាក់ដូចជាផ្លាស់ប្រែអស់រលីង។ ទឹកមុខដែលធ្លាប់តែឆ្លុះបញ្ចាំងពីរូបអង្គរបស់ព្រះដែលបានបង្កើតវាមកត្រូវបានស្រពាប់ស្រពោននិងក្រៀមក្រំ។ ការតស៊ូ សេចក្តីវេទនា ការមិនចុះសម្រុងគ្នា ហើយនិងការចោទប្រកាន់គ្នាទៅវិញទៅមកយ៉ាងជូរចត់នៅព័ន្ធជុំវិញពួកគេ។ នៅមុនការបះបោររបស់វា ការទាំងអស់នេះមិនមាននរណាម្នាក់បានដឹងឡើយនៅឯនគរស្ថានសួគ៌។ ឥឡូវនេះសាតាំងបានឃើញលទ្ធផលដ៏អាក្រក់នៃការបះបោររបស់វា។ វាបានភ័យញ័ររន្ធត់ ហើយព្រួយបារម្ភចំពោះវាសនាអនាគតរបស់វាហើយវាបានសម្លឹងមើលទីចុងបញ្ចប់នៃការទាំងអស់នេះ។
អំណានព្រះគម្ពីរពេលល្ងាច៖ អេសាយ ១៤៖១២-១៥
ខចងចាំ៖ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ទំនុកតម្កើង ១១៩:១១