ថ្ងៃសុក្រ ទី១២​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​សរសើរ​ដល់​ព្រះយេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ នៅ​ក្នុង​ទី​បរិសុទ្ធរបស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ នៅ​ចន្លោះ​អាកាសជា​ទី​សំដែង​ព្រះចេស្តា​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ ដោយ​ព្រោះ​ការ​ឥទ្ធិឫទ្ធិ​របស់​ទ្រង់ ចូរ​សរសើរ​ដល់​ទ្រង់ ឲ្យ​សម​នឹង​សណ្ឋាន​ដ៏​ធំ​ប្រសើររបស់​ទ្រង់។ ទំនុកតម្កើង ១៥០:១-២

អំណានប្រចាំថ្ងៃ៖ សាតាំងសោកស្តាយចំពោះទង្វើរបស់វា

ពេលវេលាដែលត្រូវច្រៀងសរសើរតម្កើងដល់ព្រះដោយអំណរ និងសប្បាយរីករាយបានមកដល់។ សាតាំងធ្លាប់បានដឹកនាំក្រុម​ចម្រៀង​នៅស្ថានសួគ៌ វាបានបង្កើតបទភ្លេងដំបូងបង្អស់ ហើយបន្ទាប់មកទេវតា​ទាំង​ឡាយបានចូលរួមជាមួយវា ហើយបទភ្លេងនៃសិរីល្អបានបន្លឺឡើងពាសពេញស្ថានសួគ៌ ដើម្បីសរសើរតម្កើងដល់ព្រះវរបិតា និងព្រះរាជបុត្រាជាទីគាប់ព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្តែ ឥឡូវនេះជំនួសឱ្យបទភ្លេង​ដ៏​ពីរោះពាក្យគំរោះគំរើយ និងខឹងសម្បាហូរចូលទៅក្នុងត្រចៀករបស់មេបះបោរដ៏ធំនេះ។ តើវានៅឯណា? តើទាំងអស់នេះមិនមែនជាសុបិនអាក្រក់ទេឬអី? តើវាត្រូវបានទម្លាក់ចុះពីស្ថានសួគ៌មកហើយឬអី? តើទ្វារនៃស្ថានសួគ៌លែងបើកទទួលវាឱ្យចូលវិញហើយឬ?

ពេលថ្វាយបង្គំព្រះជិតចូលមកដល់ហើយ នៅពេលដែលពួកទេវតាដែលមានពន្លឺនិងបរិសុទ្ធបានក្រាបថ្វាយបង្គំដល់ព្រះវរបិតា។ វាលែង​បានចូលរួមជាមួយនឹងបទចំរៀងនៃស្ថានសួគ៌ទៀតហើយ។ វាលែងបាន​ក្រាប​ថ្វាយបង្គំព្រះ ដោយគោរពនិងកោតសរសើរនៅចំពោះព្រះវត្តមានរបស់ព្រះដ៏មានព្រះជន្មអស់កល្បទៀតហើយ។

វាចង់ឱ្យវាក្លាយ​​ទៅ​​ជាទេវតាបរិសុទ្ធ ស្មោះត្រង់ មានភក្តីភាពដូចពីមុនឡើងវិញនោះខ្លាំងណាស់។ ប៉ុន្តែ វាត្រូវបានបាត់បង់ទៅហើយ​មិនអាចប្រោសលោះបានដោយសារតែការបះបោរដោយគ្មានការកោតក្រែងរបស់វាឡើយ ហើយនេះមិនទាន់អស់នៅឡើយទេ វាថែមទាំង​បានដឹកនាំទេវតាផ្សេងៗទៀតឱ្យបះបោរ ហើយឱ្យទទួលលទ្ធផលជាការបាត់បង់ដូចវាដែរ ទេវតាដែលមិនបានសង្ស័យពីព្រះហឫទ័យរបស់ព្រះនៃស្ថានសួគ៌ ឬមិនដែលតវ៉ានឹងការគោរពច្បាប់របស់ព្រះ រហូតមិនទាំងបានដាក់គំនិតនេះនៅក្នុងចិត្តរបស់លោកផងនោះ លោក (ទេវតា) មាន​តែ​សេចក្តីអំណរជាមួយនឹងអំពើល្អដ៏ធំធេង និងសេរីភាពដ៏ខ្ពង់ខ្ពស់និងថ្លៃថ្នូរនៅចំពោះមុខជានិច្ច។ នេះគឺជាការបោកប្រាស់ដែលវាបានបោកបញ្ឆោតដល់ពួកទេវតាទាំងឡាយ។ ឥឡូវនេះ ការទទួលខុសត្រូវបាន​ធ្លាក់មកលើវាដែលវាសោកស្តាយចំពោះទង្វើនេះជាខ្លាំង។ ទេវតា​ទាំង​នេះ​បានជ្រួលច្របល់ដោយការខកចិត្ត។ ជំនួសឱ្យសេចក្តីល្អដ៏ធំ ពួកគេបែរជាបានទទួលនូវលទ្ធផលដ៏ក្រៀមក្រំ ពីការមិនស្តាប់បង្គាប់ និងមិនគោរពតាមច្បាប់របស់ព្រះទៅវិញ។ ច្បាប់ដ៏សុភាពរបស់ព្រះយេស៊ូវគ្រីស្ទលែងមានឥទ្ធិពលលើជីវិតមិនសប្បាយរីករាយទាំងនេះទៀតហើយ។ វិញ្ញាណរបស់គេលែងរំជួលដោយសេចក្តីអំណរ សេចក្តីសុខសាន្ត និង​សេចក្តីស្រឡាញ់ដ៏ស្មោះ និងជ្រាលជ្រៅនៃព្រះវត្តមានរបស់ទ្រង់ ដែលបានបណ្តាលចិត្តគេឱ្យត្រឡប់មករកទ្រង់វិញ ទាំងស្តាប់បង្គាប់ដោយ​រីករាយ និងថ្វាយសិរីល្អដល់ទ្រង់ដោយគោរពទៀតហើយ។

អំណានព្រះគម្ពីរពេលល្ងាច៖ វិវរណៈ ជំពូក​៤

ខចងចាំ៖​​ ទូលបង្គំ​បាន​កំណត់​ចាំ​ព្រះបន្ទូល​ទ្រង់​ទុក​នៅ​ក្នុង​ចិត្ត ប្រយោជន៍​​កុំ​ឲ្យ​ទូលបង្គំ​ធ្វើ​បាប​នឹង​ទ្រង់​ឡើយ។ ទំនុកតម្កើង ១១៩:១១

Powered by CAM