ថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រោះសេចក្តីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្តីដែលមិនត្រូវស្តាយឡើយ តែសេចក្តីព្រួយរបស់លោកីយ៍ នោះបង្កើតសេចក្តីស្លាប់វិញ។ កូរិនថូសទី២ ៧:១០
អំណានប្រចាំថ្ងៃ៖ សាតាំងស្វែងរកដំណែងដើមរបស់វា
សាតាំងបានភ័យញ័រពេលដែលវាបានឃើញការងាររបស់វា។ វានៅឯកោតែម្នាក់ឯងក្នុងការគិតពិចារណាអំពីអតីតកាល បច្ចុប្បន្នកាល និងគម្រោងការអនាគតរបស់វា។ រាងកាយរបស់វាបានញ័ររញ្ជួយដូចជាខ្យល់ ព្យុះ។ ទេវតាមួយអង្គនៅស្ថានសួគ៌បានធ្វើដំណើរកាត់មុខវា។ វាបានអង្វរករដល់ទេវតានោះដើម្បីឱ្យវាបាននិយាយជាមួយនឹងព្រះគ្រីស្ទ។ ទេវតាក៏បានយល់ព្រម។ រួចវាបានទូលដល់ព្រះរាជបុត្រារបស់ព្រះថាវានឹងកែប្រែកំហុសនៃការបះបោររបស់វា ហើយវាចង់ឱ្យព្រះស្រឡាញ់វាដូចមុនឡើងវិញ។ វាសុខចិត្តទទួលយកតំណែងដែលទ្រង់បានប្រទានឱ្យវាពីមុន គឺនៅក្រោមការបង្គាប់បញ្ជាដ៏ឈ្លាសវៃរបស់ទ្រង់។ ព្រះគ្រីស្ទទ្រង់ព្រះកន្សែងដោយសារតែទុក្ខសោករបស់សាតាំង តែទ្រង់មានបន្ទូលប្រាប់វាតាមព្រះតម្រិះរបស់ព្រះថា ព្រះមិនអាចទទួលវាឱ្យចូលទៅក្នុងនគរស្ថានសួគ៌វិញបានទេ។ ស្ថានសួគ៌មិនមែនជាកន្លែងដែលមានគ្រោះថ្នាក់នោះទេ។ ទេវតាទាំងអស់នឹងត្រូវបានបង្ខូច ប្រសិនបើព្រះទទួលវាត្រឡប់ទៅវិញ ដោយសារតែអំពើបាប និងការបះបោរដែលបានចាប់ផ្តើមនៅក្នុងខ្លួនវា។ គ្រាប់ពូជនៃការបះបោរ បាននៅជាប់ក្នុងខ្លួនវានៅឡើយ។ គ្មានហេតុផលអ្វីដែលគួរឱ្យវាបះបោរប្រឆាំងនឹងព្រះដូច្នេះឡើយ។ វាមិនគ្រាន់តែធ្វើឱ្យវិនាសដោយអស់សង្ឃឹម តែខ្លួនវាប៉ុណ្ណោះទេ ប៉ុន្តែ រួមជាមួយនឹងទេវតាទាំងឡាយផងដែរ ប្រសិនបើពួកទេវតាទាំងនោះនៅតែស្មោះត្រង់ជាមួយនឹងព្រះ ហើយពួកគេនឹងនៅសោយសុខសាន្តយ៉ាងរីករាយនៅនគរស្ថានសួគ៌ជាមិនខាន។ ច្បាប់របស់ព្រះអាចនឹងកាត់ទោសតែមិនអាចអត់ទោសបានទេ។
វាមិនបានកែប្រែចិត្តពីការបះបោររបស់វាដោយសារតែវាបានឃើញសេចក្តីល្អរបស់ព្រះដែលវាបានបំពាននោះទេ។ ចាប់តាំងពីវាបានធ្លាក់ចុះមក សេចក្តីស្រឡាញ់របស់វាចំពោះព្រះមិនបានកើតឡើងវិញនោះទេថែមទាំងធ្វើឱ្យវាមិនអាចចុះចូល ហើយនឹងគោរពច្បាប់របស់ព្រះដែលទ្រង់បានតាក់តែងនោះជាដាច់ខាត។
ការទទួលទុក្ខវេទនានៃការបាត់បង់ពន្លឺដ៏ផ្អែមល្ហែមនៃស្ថានសួគ៌ ការដឹងកំហុស និងការដឹងពីពិរុទ្ធភាពដែលកំពុងតែកៀបសង្កត់លើវា និងការខកចិត្តដែលវាបានជួបប្រទះដោយមិនអាចមានជោគជ័យតាមការរំពឹងទុករបស់វា គឺជា បុព្វហេតុនៃទុក្ខសោករបស់វា។ ជាមេទេវតាម្នាក់ដែលនៅក្រៅស្ថានសួគ៌មានការខុសគ្នាយ៉ាងឆ្ងាយពីជីវិតដែលតំណែងជាមេលើទេវតា ហើយរស់នៅឯនគរស្ថានសួគ៌។ ការបាត់បង់កិត្តិយសទាំងអស់នៅនគរស្ថានសួគ៌ដែលវាទទួលទ្រាំទ្រហាក់ដូចជាពិបាកនឹងទ្រាំទ្រណាស់។ វាប្រាថ្នាចង់ឱ្យបានអ្វីៗទាំងនោះត្រឡប់មកវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក៥១
ខចងចាំ៖ ទូលបង្គំបានកំណត់ចាំព្រះបន្ទូលទ្រង់ទុកនៅក្នុងចិត្ត ប្រយោជន៍កុំឲ្យទូលបង្គំធ្វើបាបនឹងទ្រង់ឡើយ។ ទំនុកតម្កើង ១១៩:១១