ថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ វេទនាដល់មនុស្សអាក្រក់គេនឹងត្រូវសេចក្តីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ ។ អេសាយ ៣:១១
អំណានប្រចាំថ្ងៃ៖ ផែនការអាក្រក់ប្រឆាំងទាស់នឹងគ្រួសារមនុស្សលោក
ការផ្លាស់ប្តូរមុខតំណែងដ៏ធំនេះមិនបានធ្វើឱ្យសេចក្តីស្រឡាញ់របស់វាចំពោះព្រះ ចំពោះព្រះប្រាជ្ញាញ្ញាណ និងច្បាប់ដ៏យុត្តិធម៌របស់ទ្រង់កើតឡើងនោះទេ។ នៅពេលដែលសាតាំងបានដឹងច្បាស់ថាវាមិនមានលទ្ធភាពអាចនឹងទទួលការគាប់ព្រះហឫទ័យពីព្រះដូចដើមវិញទេនោះ វាក៏បានបញ្ចេញនូវការព្យាបាទរបស់វាដែលធ្វើឱ្យសម្អប់និងកំហឹងឆេះឆួលឡើង។
ព្រះបានជ្រាបថាការបះបោរដោយចេតនាបែបនេះ នឹងមិនអាចនៅស្ងៀមទេ។ សាតាំងរិះរកមធ្យោបាយជាច្រើន ដើម្បីរុកកួនដល់ទេវតាទាំងឡាយនៅឯស្ថានសួគ៌និងបង្ហាញនូវការមិនគោរពដល់អំណាចរបស់ព្រះ។ នៅពេលដែលវាមិនអាចទទួលការអនុញ្ញាតឱ្យចូលតាមទ្វារនៃស្ថានសួគ៌ វានឹងរង់ចាំនៅត្រង់ច្រកចូល ដើម្បីនិយាយឡកឡឺយឱ្យទេវតាទាំងឡាយ ហើយស្វែងរករឿងជាមួយនឹងទេវតាទាំងនោះនៅពេលដែលលោកយាងទៅមកកាត់ទីនោះ។ វានឹងរកវិធីបំផ្លាញសេចក្តីសុខសាន្តរបស់លោកអ័ដាម និងនាងអេវ៉ា។ វានឹងខំប្រឹងប្រែងញុះញង់ឱ្យពួកគេបះបោរទាស់នឹងព្រះដោយវាដឹងថាការនេះនឹងធ្វើឱ្យស្ថានសួគ៌កើតទុក្ខព្រួយ។
អ្នកដើរតាមវាកំពុងស្វែងរកវា ហើយវាក៏បង្ហាញខ្លួនជាអ្នកអាចប្រឆាំងជាមួយនឹងព្រះទាំងប្រកាសប្រាប់ដល់ពួកវាអំពីគម្រោងការរបស់វា ដើម្បីទាញលោកអ័ដាមនិងនាងអេវ៉ាជាដៃគូរបស់គាត់ចេញពីព្រះ។ ប្រសិនបើវាអាចលួងលោមបញ្ឆោតពួកគេដោយប្រការណាមួយឱ្យលែងស្តាប់បង្គាប់ព្រះ នោះព្រះទ្រង់នឹងធ្វើកិច្ចសន្យាណាមួយ ដើម្បីអត់ឱនទោសដល់ពួកគេជាមិនខាន ពេលនោះខ្លួនវាផ្ទាល់និងពួកទេវតាដែលធ្លាក់ចុះដទៃទៀតក៏អាចទទួលបាននូវសេចក្តីមេត្តាករុណាពីព្រះផងដែរ។ ប្រសិនបើគម្រោងការនេះមិនបានជោគជ័យទេ ពួកវាអាចនឹងរួបរួមជាមួយនឹងេលាកអ័ដាមនិងនាងអេវ៉ាវិញ ដ្បិតអីនៅពេលណាពួកគេទាំងពីរល្មើសនឹងច្បាប់របស់ព្រះ ពួកគេក៏នឹងត្រូវទទួលនូវសេចក្តីក្រោធរបស់ព្រះដូចជាពួកវាដែរ។ ការបំពានលើច្បាប់ព្រះរបស់ពួកគេអាចនឹងរាប់ជាការប្រឆាំងបះបោរផងដែរ ហើយពួកទេវតាអារក្សក៏រួបរួមជាមួយនឹងលោកអ័ដាម និងនាងអេវ៉ា កាន់កាប់សួនច្បារអេដែន ហើយយកទីនោះជាលំនៅរបស់វាថែមទៀតផង។ ពួកវាបានគិតថា ប្រសិនបើវាអាចចូលទៅកាន់ដើមជីវិតដែលនៅចំកណ្តាលសួនច្បារអេដែនបាន នោះកម្លាំងរបស់ពួកគេនឹងបានស្មើនឹងពួកទេវតាបរិសុទ្ធដែលសូម្បីតែព្រះក៏មិនអាចបណ្តេញពួកគេចេញបានដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក៥២
ខចងចាំ៖ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ទំនុកតម្កើង ៣៤:៧