ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ តែព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ទ្រង់នឹងតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ហើយការពារអ្នករាល់គ្នាឲ្យរួចពីសេចក្តីអាក្រក់ផង។ ថែស្សាឡូនីចទី២ ៣:៣
អំណានប្រចាំថ្ងៃ៖ សាតាំងរៀបផែនការដើម្បីសងសឹក
សាតាំងបានប្រជុំពិភាក្សាគ្នាជាមួយនឹងទេវតាអាក្រក់របស់វា។ ពួកវាទាំងអស់គ្នាមិនបានរៀបចំខ្លួន ចូលរួមធ្វើកិច្ចការដ៏គ្រោះថ្នាក់ និងអាក្រក់បំផុតនោះទាំងអស់គ្នានៅឡើយទេ។ វាបានប្រាប់ដល់ពួកទេវតាទាំងនោះថា វានឹងមិនឱ្យនរណាម្នាក់ធ្វើការនេះទេ ព្រោះវាបានគិតថាមានតែវាម្នាក់គត់ដែលមានប្រាជ្ញាគ្រប់គ្រាន់ ដើម្បីបំពេញការងារដ៏សំខាន់នេះឱ្យបានសម្រេច។ វាបានសូមឱ្យពួកគេពិចារណាពីវិធីទាំងឡាយ ដើម្បីធ្វើឱ្យផែនការនេះរីកលូតលាស់ធំឡើង វាត្រូវការពេលវេលាស្ងប់ស្ងាត់ដើម្បីពិចារណា។ វាបានព្យាយាមបញ្ជាក់ប្រាប់ដល់ពួកទេវតារបស់វាថា នេះគឺជាសេចក្តីសង្ឃឹមចុងក្រោយតែមួយគត់របស់ពួកវា។ ប្រសិនបើពួកវាបរាជ័យនៅត្រង់នេះ នោះផែនការនៃការទាមទារ និងការគ្រប់គ្រងស្ថានសួគ៌ជាថ្មីឡើងវិញឬគ្រប់គ្រងផ្នែកណាមួយដែលព្រះបានបង្កើតនឹងមិនមានសង្ឃឹមទៀតឡើយ។
សាតាំងបានចេញទៅតែម្នាក់ឯង ដើម្បីពង្រឹងផែនការដែលវាជឿជាក់ថាអាចនឹងធ្វើឱ្យលោកអ័ដាមនិងនាងអេវ៉ាធ្លាក់ចុះ (មានបាប)។ វាព្រួយបារម្ភក្រែងផែនការនេះបរាជ័យ។ ហើយវាបានគិតម្តងទៀតថា ប្រសិនបើវាបានជោគជ័យ ក្នុងការដឹកនាំឱ្យលោកអ័ដាមនិងនាងអេវ៉ាប្រព្រឹត្តល្មើសនឹងការត្រាស់បង្គាប់របស់ព្រះ ហើយក្លាយជាអ្នកបំពានច្បាប់របស់ទ្រង់នោះក៏ដោយ ក៏គ្មានប្រយោជន៍អ្វីដល់វាឡើយ ករណីរបស់វាមិនបានល្អប្រសើរឡើងវិញទេកំហុសរបស់វានឹងបានកាន់តែធ្ងន់ឡើងៗ។
វាញាក់ខ្លួនជាមួយនឹងគំនិតនៃការពន្លិចគូស្រករបរិសុទ្ធនិងរីករាយមួយគូនេះ ឱ្យធ្លាក់ចូលទៅក្នុងការពិបាកវេទនា និងស្តាយក្រោយដូចជាវាកំពុងរងទ្រាំនេះដែរ។ វាហាក់ដូចជាអល់ឯក ម្តងម៉ឹងម៉ាត់ហើយដាច់ចិត្ត បន្ទាប់មកបែរជាស្ទាក់ស្ទើរនិងរារែក។ ទេវតារបស់វាបានស្វែងរកវាដែលជាមេដឹកនាំរបស់ពួកគេ ដើម្បីបានដឹងនូវការសម្រេចចិត្តរបស់ពួកវា។ ពួកវានឹងរួបរួមជាមួយនឹងសាតាំងនៅក្នុងគម្រោងការរបស់វាព្រមទាំងទទួលខុសត្រូវនិងទទួលរងនូវលទ្ធផលទាំងឡាយជាមួយនឹងវាដែរ។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក២៧
ខចងចាំ៖ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ទំនុកតម្កើង ៣៤:៧