ថ្ងៃអង្គារ ទី១៦​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៣-ត


អំណានព្រះគម្ពីរពេលព្រឹក៖ កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ត​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង ដោយ​ដៃ​ស្តាំ​ដ៏​សុចរិត​របស់​អញ។ អេសាយ ៤១:១០

អំណានប្រចាំថ្ងៃ៖ ព្រះបានព្រមានលើលោកអ័ដាម និងនាងអេវ៉ា

សាតាំងបានបោះបង់ចោលនូវអារម្មណ៍អស់សង្ឃឹមនិងភាពកម្សោយ ហើយក្នុងនាមជាមេដឹកនាំ វាបានលើកកម្លាំងខ្លួនវាឱ្យក្លាហានឡើង ហើយប្រថុយធ្វើគ្រប់ការទាំងអស់ដោយអំណាចរបស់វា ដើម្បីបំផ្លាញ​អំណាច​របស់ព្រះ និងព្រះរាជបុត្រារបស់ទ្រង់។ វាបានប្រាប់ដល់ទេវតា​របស់វាឱ្យ​ដឹងពីផែនការរបស់វា។ ប្រសិនបើវាចូលទៅឯលោកអ័ដាមនិងនាងអេវ៉ាដោយត្រង់ៗតែម្តង ពួកគេនឹងមិនស្តាប់វាឡីយ តែគេនឹងប្រយុទ្ធតបតមកវិញជាមិនខាន។ បើវាប្រើវិធីគំរាមកំហែងគេដោយអំណាចរបស់វា ដែលជា​ទេវតា​មានអំណាចខ្ពស់នោះ វាមិនអាចសម្រេចអ្វីបានទាំងអស់។ វាបានសម្រេច​ចិត្តថា ការប៉ិនប្រសប់និងការបោកបញ្ឆោត ឬការប្រើកម្លាំងនឹងមិន​បានផល​ឡើយ។

ព្រះវរបិតាទ្រង់បានប្រមូលពួកពលទេវតាទាំងឡាយ ដើម្បីរៀបចំបញ្ចៀសរឿងអាក្រក់ដែលកំពុងគំរាមកំហែងនេះ។ ការប្រជុំនៅស្ថានសួគ៌​បានសម្រេចចាត់ទេវតាឱ្យទៅកាន់សួនច្បារអេដែន ដើម្បីព្រមានដល់​លោកអ័ដាម ថាគាត់កំពុងមានគ្រោះថ្នាក់ពីសត្រូវហើយ។ ទេវតាពីរអង្គបានធ្វើដំណើរយ៉ាងលឿនទៅជួបឪពុកម្តាយដំបូងបង្អស់របស់យើង។ គូស្រករ​ដ៏បរិសុទ្ធបានទទួលទេវតាដោយក្តីអណរក្នុងភាពគ្មានទោស ដោយលាត​ដៃ​ទាំងគូរបស់គេ ថ្លែងអំណរគុណចំពោះព្រះអាទិកររបស់គេដែលបានហ៊ុំព័ទ្ធជុំវិញពួកគេដោយភាពសុខសាន្តនិងសេចក្តីសប្បុរសរបស់ទ្រង់​បែប​នេះ។ អ្វីៗទាំងអស់គួរជាទីស្រឡាញ់ និងគួរឱ្យចាប់អារម្មណ៍សម្រាប់ពួកគេ ដើម្បី​ឱ្យគេមានក្តីអំណរ ហើយអ្វីៗទាំងអស់ហាក់ដូចជាតម្រូវតាមការចង់បានរបស់ពួកគេយ៉ាងត្រឹមត្រូវ អ្វីដែល​ពួកគេបានឱ្យតម្លៃជាង ព្រះពរផ្សេងៗនោះគឺ​ការជួបជាមួយនឹងព្រះរាជបុត្រា និងទេវតានៃស្ថានសួគ៌ ដ្បិតពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះអង្គ នៅរៀងរាល់ពេលដែល​ទ្រង់យាង​មក។ គេមានគំនិតថ្មីៗកាន់តែច្រើន ពីសម្រស់ធម្មជាតិ ដែលព្រះបានបង្កើតនៅក្នុងលំនៅស្ថានសួនច្បារអេដែនដ៏ជាទីស្រឡាញ់របស់ពួកគេ ហើយពួក​គេមានសំណួរជាច្រើនទាក់ទងនឹងរឿងទាំងឡាយដែលពួកគេមិនអាចយល់បាន។

ពួកទេវតាបានផ្តល់ព័ត៌មានដល់​ពួកគេ ដោយព្រះគុណនិងក្តីស្រឡាញ់នូវអ្វីដែលគេប្រាថ្នាចង់ដឹង។ ទេវតាទាំងនោះក៏បានប្រាប់ដល់ពួកគេនូវរឿងដ៏ក្រៀមក្រំ ស្តីពីការបះបោរនិងការធ្លាក់ចុះរបស់សាតាំងដែរ។ បន្ទាប់មក លោកបានប្រាប់ពួកគេយ៉ាងច្បាស់ថា ព្រះបានដាក់ដើមដឹងខុសត្រូវនៅក្នុងសួនច្បារ ដើម្បីជាសេចក្តីសញ្ញានៃការស្តាប់បង្គាប់ និងសេចក្តីស្រឡាញ់របស់ពួកគេចំពោះព្រះ និងថាភាពរីករាយរបស់ទេវតាបរិសុទ្ធអាស្រ័យទៅលើការស្តាប់បង្គាប់ដែលព្រះតម្រូវឱ្យ ដូចគ្នានេះដែរ ប្រសិនបើពួកគេស្តាប់បង្គាប់តាមច្បាប់របស់ព្រះ ពួកគេនឹងសប្បាយរកថ្លែងមិនបានតែបើពួកគេ​មិនគោរពច្បាប់នេះទេ នោះគេនឹងបាត់បង់ភាពដ៏ខ្ពង់ខ្ពស់របស់គេ ហើយ និងត្រូវធ្លាក់ចូលទៅក្នុងភាពក្រៀមក្រំយ៉ាងអស់សង្ឃឹមជាមិនខាន។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក១២១

ខចងចាំ៖​​ ទេវតា​នៃ​ព្រះយេហូវ៉ា​ចោមរោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែលកោតខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច។ ទំនុកតម្កើង ៣៤:៧

Powered by CAM