ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ទំនុកតម្កើង ៣៤:៧
អំណានប្រចាំថ្ងៃ៖ ព្រះសន្យាថានឹងការពារ
ពួកលោកបានប្រាប់អ័ដាមនិងអេវ៉ាថា ព្រះមិនបង្ខំឱ្យពួកគេស្តាប់បង្គាប់ទ្រង់ឡើយ ទ្រង់មិនបានដកចេញពីពួកគេនូវអំណាចនៃការប្រព្រឹត្តិផ្ទុយពីព្រះហឫទ័យរបស់ទ្រង់ទេ ពួកគេគឺជាអ្នកមានសីលធម៌ គឺគេមានសេរីភាពចង់ស្តាប់បង្គាប់ទ្រង់ក៏បាន មិនស្តាប់បង្គាប់ក៏បាន។ មានការហាមឃាត់មួយដែលព្រះបានទតឃើញថាត្រឹមត្រូវ ដើម្បីសាកល្បងពួកគេ។ ប្រសិនបើពួកគេបំពាននឹងព្រះហឫទ័យរបស់ព្រះ ពួកគេនឹងត្រូវស្លាប់ជាប្រាកដ។ ពួកទេវតាបានប្រាប់លោកអ័ដាមនិងនាងអេវ៉ាថា ទេវតាដ៏ខ្ពស់បំផុតដែលមានឋានៈបន្ទាប់ពីព្រះគ្រីស្ទបានបដិសេធមិនគោរពច្បាប់របស់ព្រះដែលទ្រង់បានតាំងឡើងសម្រាប់គ្រប់គ្រងពួកទេវតានៅស្ថានសួគ៌ ការមិនស្តាប់បង្គាប់នេះ បានបណ្តាលឱ្យមានសង្គ្រាមនៅស្ថានសួគ៌ដែលជាលទ្ធផលនៃការបះបោរហើយពួកទេវតាទាំងនេាះត្រូវបានបណ្តេញចេញត្រូវបានបណ្តេញចេញពីស្ថានសួគ៌ពីព្រោះទេវតាទាំងនោះបានរួបរួមជាមួយវា ហើយបានសង្ស័យទៅលើអំណាចដ៏អស្ចារ្យរបស់ព្រះ ហើយថាឥឡូវនេះ ពួកទេវតាដែលធ្លាក់ចុះមកនោះគឺជាសត្រូវរបស់អ្នកដែលចាប់អារម្មណ៍លើព្រះនិងជាសត្រូវរបស់ព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះផងដែរ។
ទេវតាបានប្រាប់ដល់គេទាំងពីរនាក់ថា គំនិតរបស់សាតាំងគឺធ្វើឱ្យគេឈឺចាប់ ដូច្នេះពួកគេចាំបាច់ត្រូវតែប្រុងប្រយ័ត្ន ដ្បិតពួកគេអាចនឹងទាក់ទងជាមួយនឹងសត្រូវដែលបានធ្លាក់ចុះមកនោះ តែវាមិនអាចប៉ះពាល់ដល់ពួកគេបានទេ ដរាបណាពួកគេនៅតែស្តាប់បង្គាប់ការត្រាស់បង្គាប់របស់ព្រះជាម្ចាស់ ដ្បិតប្រសិនបើចាំបាច់ទេវតានៅស្ថានសួគ៌នឹងយាងចុះមកជួយដល់ពួកគេ កុំឱ្យសាតាំងអាចធ្វើអ្វីដល់ពួកគេបាន។ ប៉ុន្តែ ប្រសិនបើគេទាំងពីរនាក់មិនបានស្តាប់បង្គាប់តាមការត្រាស់បង្គាប់របស់ព្រះទេ នោះសាតាំងនឹងមានអំណាចអុកឡុកពង្វក់ពង្វីនិងធ្វើឱ្យមានបញ្ហាដល់ពួកគេជាមិនខាន។
ប្រសិនបើពួកគេរក្សាជំហររឹងមាំប្រឆាំងនឹងការបញ្ចុះបញ្ចូលលើកដំបូងរបស់សាតាំង នោះពួកគេនឹងមានសេចក្តីសុខសាន្តដូចជាពួកទេវតានៅឯស្ថានសួគ៌ដែរ។ ប៉ុនែ្ត ប្រសិនបើពួកគេស្តាប់តាមមេល្បួងដែលទ្រង់មិនបានត្រាប្រណីដល់ពួកទេវតាដែលតម្កើងខ្លួន នោះទ្រង់ក៏មិនអនុគ្រោះដល់ពួកគេដែរ។ ពួកគេត្រូវតែទទួលការឈឺចាប់ ដោយសារកំហុសនៃការប្រព្រឹត្តិរំលងច្បាប់ព្រះរបស់ពួកគេ ដ្បិតច្បាប់របស់ព្រះ ពិសិដ្ឋដូចជាអង្គទ្រង់ដូច្នោះដែរ ហើយទ្រង់បានតម្រូវឱ្យទាំងទេវតានៅស្ថានសួគ៌និងមនុស្សនៅផែនដីស្តាប់បង្គាប់តាមជាដាច់ខាត។
អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក៩១
ខចងចាំ៖ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ទំនុកតម្កើង ៣៤:៧