ថ្ងៃសុក្រ ទី១៩​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ (ជំពូកទី-០៤)​

សេចក្តីល្បួង និងការធ្លាក់ចុះ


អំណានព្រះគម្ពីរពេលព្រឹក៖ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។ សុភាសិត ៣:៥-៦

អំណានប្រចាំថ្ងៃ

សាតាំងក្លែងខ្លួនធ្វើជាសត្វពស់ហើយចូលទៅក្នុងសួនច្បារអេដែន។ ពស់គឺជាសត្វដ៏ល្អស្អាតមួយដែលមានស្លាបផង ហើយនៅពេលដែលវាហើរនៅលើអាកាស រូបរាងរបស់វាមានពន្លឺភ្លឺចែងចាំងដូចមាសដែលភ្លឺរលោង។ វាមិនបានធ្វើដំណើរនៅលើដីទេ ប៉ុន្តែ វាហោះហើរនៅលើអាកាស ហើយស៊ីផ្លែឈើដូចជាមនុស្ស។ សាតាំងបានចូលទៅក្នុងសត្វពស់ហើយបានទំលើដើមដឹងខុសត្រូវរួចចាប់ផ្តើមស៊ីផ្លែឈើនោះធ្វើព្រងើយ។

ដំបូងឡើយ នាងអេវ៉ាបានឃ្លាតឆ្ងាយពីប្តីរបស់នាងដោយមិនដឹងខ្លួន។ នៅពេលដែលនាងដឹងថា នាងនៅឆ្ងាយពីប្តីដូច្នោះ នាងគិតថាអាចនឹងមានគ្រោះថ្នាក់ជាមិនខាន ប៉ុន្តែ នាងបែរជាគិតថាមិនអីទេទៅវិញ ទោះបីជានាងមិននៅជិតប្តីរបស់នាងក៏ដោយ។ នាងមានប្រាជ្ញានិងកម្លាំងអាចដឹងថា អារក្សបានចូលមកហើយថានាងជួបនឹងវា។ នេះគឺជារឿងដែលទេវតាបានប្រាប់ឱ្យនាងប្រុងប្រយ័ត្នកុំឱ្យធ្វើដូច្នេះឡើយ។ នាងអេវ៉ាបានដឹងថាខ្លួនកំពុង សម្លឹងមើលមិនដាក់ភ្នែកដោយអារម្មណ៍ច្របូកច្របល់ និងមានចិត្តត្រេកត្រអាលទៅនិងផ្លែនៃដើមឈើដែលព្រះបានហាមឃាត់។ នាងបាន​ឃើញ​​ផ្លែនោះគួរជាទីពេញចិត្ត ហើយបានពិចារណាម្នាក់ឯងថា ហេតុអ្វីបានជាព្រះ ទ្រង់ហាមឃាត់យ៉ាងតឹងតែងមិនឱ្យគេទាំងពីរនាក់បរិភោគឬប៉ះពាល់ផ្លែនេះយ៉ាងដូច្នេះ។ ឥឡូវនេះ គឺជាឱកាសល្អរបស់សាតាំងហើយ។ វាបាននិយាយទៅកាន់នាងដូចជាវាបានដឹងពីគំនិតរបស់នាង «តើព្រះមានបន្ទូលហាមមិនឱ្យបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬ? វាបាននិយាយទៅ​កាន់នាងអេវ៉ាដែលកំពុងតែសង្ស័យដោយសំឡេងទន់ពីរោះគួរឱ្យចង់​ស្តាប់។ នាងមានការភ្ញាក់ផ្អើលដោយពស់ចេះនិយាយ។ វាបានសរសើរដល់​សម្រស់និងភាពដ៏គួរឱ្យស្រឡាញ់ដ៏លើសលុបរបស់នាង។ ប៉ុន្តែ នាងងឿងឆ្ងល់ ព្រោះនាងបានដឹងថាព្រះមិនបានប្រទានអំណាចឱ្យពស់ចេះនិយាយទេ។

អំណានព្រះគម្ពីរពេលល្ងាច៖ ​លោកុប្បត្តិ ជំពូក​៣

ខចងចាំ៖​​ ​ទេវតា​នៃ​ព្រះយេហូវ៉ា​ចោមរោម​នៅ​ជុំវិញ​នៃ​អស់​អ្នក​ដែលកោតខ្លាច​ដល់​ទ្រង់ ហើយ​ក៏​ជួយ​គេ​ឲ្យ​រួច។ ទំនុកតម្កើង ៣៤:៧

Powered by CAM