ថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ត្រូវចុះចូលចំពោះព្រះ ហើយតស៊ូនឹងអារក្សវិញចុះ នោះវានឹងរត់ចេញពីអ្នករាល់គ្នាទៅ។ យ៉ាកុប ៤:៧
អំណានប្រចាំថ្ងៃ៖ ការស្តាប់ការកុហក
ញាណិច្ឆតា (ការចង់ដឹង) របស់នាងអេវ៉ាបានពុះពោរទ្បើង។ នាងមិនបានរត់ចេញពីកន្លែងនោះទេ តែបែរជានៅស្តាប់សត្វពស់នោះនិយាយទៅវិញ។ នៅក្នុងគំនិតរបស់នាង នាងមិនបានដឹងថា ជាសត្រូវដែលបានធ្លាក់ចុះកំពុងប្រើប្រាស់សត្វពស់ធ្វើជាធ្នាក់នោះទេ។ គឺជាសាតាំងនោះហើយដែលបាននិយាយជាមួយនឹងនាង គឺមិនមែនជាពស់ទេ។ សាតាំងបានលួងលោមដល់នាងអេវ៉ាបានបញ្ឆោតនិងធ្វើឱ្យនាងស្រើបស្រាល។ ប្រសិនបើនាងបានជួបនឹងឥស្សរជនដែលមានរូបរាងដូចជាទេវតាមកនិយាយជាមួយនឹងនាងនោះ នាងនឹងប្រុងប្រយ័ត្នជាមិនខាន។ ប៉ុន្តែ នៅពេលឮសំឡេងដ៏ចំឡែកនោះ នាងគួរតែរត់ទៅរកប្តីរបស់នាង ដើម្បីសួរគាត់ពីរឿងនោះ ហេតុអ្វីបានជានាងបណ្តោយឱ្យសំឡេងនោះនិយាយមកកាន់នាងដោយសេរីដូច្នេះ។ ផ្ទុយទៅវិញនាងបានចូលទៅរកគូវិវាទដែលក្លែងខ្លួនធ្វើជាសត្វពស់នោះទៅវិញ។ នាងបានឆ្លើយនឹងសំណួររបស់វាថា «យើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបាន តែត្រង់ដើមឈើ១ដែលនៅកណ្តាលសួនច្បារនោះ ព្រះទ្រង់មានបន្ទូលថាកុំឱ្យបរិភោគផ្លែនោះឡើយ ថែមទាំងកុំឱ្យប៉ះពាល់ផងក្រែងលោស្លាប់»។ ពស់បានឆ្លើយទៅវិញថា «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថា នៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នកនឹងបានដូចជាព្រះដែរព្រមទាំងដឹងការខុសត្រូវផង»។
សាតាំងបានបង្ហាញនូវគំនិតមួយថា បើនាងបរិភោគផ្លែឈើដែលព្រះបានហាមឃាត់នោះ ពួកគេនឹងទទួលបាននូវចំណេះដឹងថ្មីដ៏ល្អពិសេស ជាចំណេះដឹងដែលមានតាំងពីមុនរហូតមកដល់ពេលនេះ។ នេះគឺជាការងារដ៏ពិសេស ដែលមិនធ្លាប់មានសោះ តាំងពីវាធ្លាក់ចុះមកដែលជាជោគជ័យដ៏ធំក្នុងការដឹកនាំមនុស្សឱ្យសង្ស័យចំពោះព្រះហើយមិនពេញចិត្តនិងអ្វីដែលព្រះបានបង្ហាញដល់ពួកគេ ព្រមទាំងមិនរវល់គោរពនូវអ្វីដែលព្រះទ្រង់បានត្រាស់បង្គាប់ដល់គេ ថែមទៀតផង។ វាបានដឹកនាំពួកគេមិនឱ្យស្តាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះ ហើយបន្ទាប់មកវាធ្វើឱ្យពួកគេជឿថា ពួកគេកំពុងតែទទួលបាននូវចំណេះដឹងថ្មីដ៏អស្ចារ្យ។ នេះគឺជារឿងមិនពិតឡើយ ហើយជាការបោកបញ្ឆោតដ៏អាក្រក់។ ពួកគេលែងយល់ពីអ្វីដែលព្រះបានបង្ហាញដល់ពួកគេ ហើយគេបានបដិសេធបញ្ញត្តិដែលបានចែងយ៉ាងច្បាស់ ហើយប្រាថ្នាចង់បានប្រាជ្ញា ដោយមិនពឹងអាស្រ័យលើព្រះ និងមិនយល់ថាអ្វីដែលព្រះសព្វព្រះហឫទ័យនោះ នាំឱ្យគេរួចផុតពីសេចក្តីស្លាប់ឡើយ។ ពួកគេគិតថាគេមានប្រាជ្ញាជាងព្រះ ប៉ុន្តែ ខាងចំណេះដឹងនៃសេចក្តីពិត ពួកគេនៅងងឹតដូចពេលយប់កណ្តាលអាធ្រាត្រ។ ពួកគេមិនអាចដឹងនិងមិនអាចត្រឡប់ទៅរកចំណេះដឹងដ៏ពិតនេះវិញបានឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ាកុប ១៖២-១៨
ខចងចាំ៖ ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច។ ទំនុកតម្កើង ៣៤:៧