ថ្ងៃអាទិត្យ ទី២១​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​ស្គាល់​សេចក្តី​ដែល​អញ​គិត​ពី​ដំណើរ​ឯង​រាល់​គ្នា មិន​មែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តី​សុខ​វិញ ដើម្បី​ដល់​ចុង​បំផុត ឲ្យ​ឯង​រាល់​គ្នា​បាន​សេចក្តី​សង្ឃឹម។ យេរេមា ២៩:១១

អំណានប្រចាំថ្ងៃ៖ ព្រះសព្វព្រះហឫទ័យចង់ឲ្យយើងបានល្អបំផុត

ព្រះមិនមានបំណងឱ្យគូស្រករល្អឥតមានបាបមួយគូនេះមាន​ចំណេះ​ដឹងអាក្រក់ណាមួយនោះទេ។ ទ្រង់បានប្រទានចំណេះដឹងល្អដល់ពួកគេដោយសេរី ហើយទ្រង់ក៏មិនមានបំណងអាក្រក់ដល់គេដែរ។ នាងអេវ៉ាបានគិតថាសំដីរបស់ពស់ឆ្លាតវាងវៃណាស់ ហើយនាងក៏បានទទួលការអះអាងដ៏ទូលំទូលាយថា «អ្នកមិនស្លាប់ជាពិតមែនទេ ដ្បិតព្រះទ្រង់ជ្រាបថានៅថ្ងៃណាដែលអ្នកបរិភោគ នោះភ្នែកអ្នកនឹងបានភ្លឺឡើង ហើយអ្នក​នឹង​បាន​ដូចជាព្រះដែរ ព្រមទាំងដឹងការខុសត្រូវផង» ដែលធ្វើឱ្យព្រះក្លាយជាអ្នកកុហកទៅវិញ។ សាតាំងបានឱ្យយោបល់ទាំងក្អេងក្អាងថា ព្រះបានបោក​បញ្ឆោត​ពួកគេ ដើម្បីកុំឱ្យគេមានចំណេះដឹងស្មើនឹងទ្រង់។ ព្រះមានបន្ទូលថា «បើអ្នក​បរិភោគផ្លែនេះ នោះអ្នកនឹងត្រូវស្លាប់ជាមិនខាន»។ សាតាំងនិយាយថា «បើអ្នកបរិភោគផ្លែនោះអ្នកនឹងមិនស្លាប់ជាប្រាកដ»។

មេល្បួងបានបញ្ជាក់ប្រាប់នាងអេវ៉ាថា នៅពេលដែលនាងបរិភោគផ្លែនោះ នាងនឹងទទួលបាននូវចំណេះដឹងដ៏ខ្ពស់ថ្មីមួយ ដែលធ្វើឱ្យនាងអាចស្មើជាមួយនឹងព្រះភ្លាម។ វាបានធ្វើឱ្យនាងចាប់អារម្មណ៍ទៅលើវា។ វាបាន ស៊ីផ្លែឈើនោះដោយសេរី ហើយបានឃើញថាវាមិនមានគ្រោះថ្នាក់អ្វីឡើយ តែវាមានរសជាតិឆ្ងាញ់គួរជាទីពេញចិត្ត ហើយវាបានប្រាប់នាងថា បានជាយ៉ាងដូចេ្នះ គឺដោយសារតែគុណសម្បត្តិដ៏អស្ចារ្យរបស់វាដែលធ្វើឱ្យវាមាន ប្រាជ្ញានិងអំណាចដែលព្រះបានហាមឃាត់ពួកគេមិនឱ្យបរិភោគ ថែមទាំងមិនឱ្យប៉ះពាល់ផង ព្រោះទ្រង់ជ្រាបពីគុណសម្បត្តិរបស់ផ្លែឈើនេះ។ វាបាននិយាយប្រាប់នាងថាការបរិភោគផ្លែឈើដែលព្រះបានហាមឃាត់នេះហើយដែលជាហេតុធ្វើឱ្យវាទទួលអំណាចអាចនិយាយបាន។ វាបានឱ្យយោបល់ថា ព្រះទ្រង់នឹងមិនធ្វើតាមព្រះបន្ទូលរបស់ទ្រង់ទេ។ គឺវាគ្រាន់តែជាការគំរាមសម្រាប់បំភ័យដល់ពួកគេ ដើម្បីកុំឱ្យមានចំណេះដឹងដ៏ធំនេះតែប៉ុណ្ណោះ។ វាបានប្រាប់ពួកគេបន្ថែមទៀតថា ពួកគេនឹងមិនស្លាប់ឡើយ។ តើពួកគេមិនបានបរិភោគផ្លែនៃដើមជីវិតដែលធ្វើឱ្យពួកគេមានជីវិត ជារៀងរហូតទេឬ? វាបាននិយាយ​ថា ព្រះបានបោកបញ្ឆោតពួកគេ ដើម្បីកុំឱ្យគេមានសេចក្តីសុខដ៏ប្រសើរ និងសេចក្តីសប្បាយរីករាយដ៏លើសលុបរបស់គេតែប៉ុណ្ណោះ។ មេល្បួងបានបេះផ្លែឈើនោះហើយហុចឱ្យ​នាង​អេវ៉ា។ នាងបានទទួលយកវាមកដាក់ក្នុងដៃរបស់នាង។ ឥឡូវនេះ មេល្បួងនិយាយថា ព្រះបានហាមនាងមិនឱ្យប៉ះពាល់ផ្លែនេះឡើយក្រែងលោស្លាប់។ វាបានប្រាប់នាងថា បើនាងបរិភោគផ្លែនេះ នោះវាក៏នឹងមិនមានហេតុការណ៍អាក្រក់ណាមួយ ឬសេចក្តីស្លាប់កើតឡើងដល់នាងដែរ ឃើញទេនាងបានកាន់ផ្លែនេះហើយ តែនាងមានស្លាប់ឯណា។ សាតាំងបានធ្វើឱ្យនាងអេវ៉ាព្រមធ្វើតាមវា ដោយមិនឃើញមានសញ្ញានៃការមិនសព្វព្រះហឫទ័យរបស់ព្រះភ្លាមៗនោះឡើយ។ នាងបានគិតថាសំដីរបស់សាតាំងទាំងអស់សុទ្ធតែពិតនិងត្រឹមត្រូវ។ នាងបានបរិភោគផ្លែនោះ ហើយ​មានអំណររីករាយយ៉ាងខ្លាំង។ នាងហាក់ដូចជាបានទទួលរសជាតិយ៉ាងឆ្ងាញ់ពិសា ហើយនាងបានគិតឃើញថា នាងហាក់ដូចជាបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីផ្លែឈើនោះ។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ៣៧៖២៣-៤០

ខចងចាំ៖​​ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។ សុភាសិត ៣:៥-៦

Powered by CAM