ថ្ងៃចន្ទ ទី២២​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង ដែល​ត្រូវ​ខាង​មនុស្ស​លោក​ទេ រីឯ​ព្រះ​ទ្រង់​ក៏​ស្មោះត្រង់​ដែរ ទ្រង់​មិន​ឲ្យ​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន។ កូរិនថូសទី១ ១០:១៣

អំណានប្រចាំថ្ងៃ៖ នាងអេវ៉ាបានក្លាយជាអ្នកល្បួង

រួចនាងក៏បានបេះផ្លែឈើនោះដោយខ្លួនឯងរួចបរិភោគទៅ ហើយនាងបានគិតក្នុងចិត្តថានាងមានអំណាច និងចំណេះដឹងយ៉ាងរហ័សដែលជាលទ្ធផលរបស់ឥទ្ធិពលដ៏លើសលុបនៃផ្លែឈើដែលព្រះបានហាមឃាត់នេះ។ នាងមានការរំភើបដ៏ចម្លែកខុសពីធម្មតានៅពេលដែលនាងបាន​ស្វែង​រកប្តីរបស់នាង ដោយមានទាំងផ្លែឈើដែលព្រះបានហាមឃាត់នៅនឹងដៃផង។ នាងបានដំណាលប្រាប់ដល់គាត់ពីសំដីរបស់សត្វពស់ ហើយចង់នាំគាត់ទៅកាន់ដើមដឹងខុសត្រូវភ្លាម។ នាងបានប្រាប់ប្តីថានាងបាន​បរិភោគផ្លែ​ឈើនោះហើយ ហើយនាងមិនបានស្លាប់ទេ តែបែរជាមានឥទ្ធិពលយ៉ាងសប្បាយរីករាយគួរឱ្យត្រេកត្រអាលទៅវិញ។ ក្រោយពីនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះភ្លាម នាងបានក្លាយជារូបអារក្សដ៏មានអំណាចម្នាក់ ដែលបណ្តាលឱ្យប្តីរបស់នាងធ្លាក់ចុះ (មានបាប)។

ខ្ញុំបានឃើញទឹកមុខអ័ដាមពោរពេញដោយភាពក្រៀមក្រំ។ គាត់បង្ហាញការភ័យខ្លាចនិងការភ្ញាក់ផ្អើល។ ការពិបាកហាក់បីដូចជា​បាន​កើត​ឡើងនៅក្នុងគំនិតរបស់គាត់។ គាត់បានប្រាប់ដល់អេវ៉ាថា គាត់ដឹង​យ៉ាងច្បាស់ថា នេះគឺជាសត្រូវដែលព្រះបានព្រមានឱ្យពួកគេប្រឆាំងទប់ទល់ ហើយប្រសិនបើដូច្នោះមែន នោះនាងនឹងត្រូវតែស្លាប់។ នាងបាន​បញ្ជាក់​ប្រាប់គាត់ថា នាងហាក់ដូចជាមិនមានឈឺអ្វីឡើយតែបែរជាមានឥទ្ធិពលដ៏សប្បាយយ៉ាងខ្លាំងទៅវិញនាងបានទទូចអង្វរសុំឱ្យគាត់បរិភោគផ្លែនោះ។

លោកអ័ដាមបានយល់យ៉ាងច្បាស់ថាដៃគូរបស់គាត់បានប្រព្រឹត្តបំពាននឹងការហាមប្រាមដែលព្រះបានដាក់ឱ្យពួកគេទុកជាការសាក​ល្បង​សេចក្តីស្មោះត្រង់និងសេចក្តីស្រឡាញ់របស់ពួកគេហើយ។ នាងអេវ៉ា​បង្ហាញ​ហេតុ​ផលថា ពស់បាននិយាយថាពួកគេនឹងមិនស្លាប់ជាពិតប្រាកដ ហើយ​សំដី​របស់​វាគឺជាការពិត ព្រោះនាងមិនមានសញ្ញាណាមួយដែលបង្ហាញ​ពីការមិនសប្បាយព្រះទ័យរបស់ព្រះឡើយ តែនាងបែរជាមានអារម្មណ៍រីករាយយ៉ាងខ្លាំងទៅវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖ យ៉ូហាន ១៥៖១-១៤

ខចងចាំ៖​​ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។ សុភាសិត ៣:៥-៦

Powered by CAM