ថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់វិញ។ សុភាសិត ១៤:១២
អំណានប្រចាំថ្ងៃ៖ ការបរាជ័យមិនអាចឆ្លងរួចពីការសាកល្បង
លោកអ័ដាមមានការស្តាយក្រោយជាខ្លាំងដោយនាងអេវ៉ាត្រូវតែឃ្លាតចេញពីគាត់ ប៉ុន្តែ ឥឡូវនេះនាងបានប្រព្រឹត្តកំហុសនោះរួចទៅហើយ។ គាត់ច្បាស់ជានឹងត្រូវព្រាត់ពីនាង ជានារីដែលគាត់ស្រឡាញ់យ៉ាងខ្លាំងជាក់ជាមិនខាន។ តើគាត់អាចទ្រាំទ្រនឹងការនេះយ៉ាងណាទៅ? សេចក្តីស្រឡាញ់របស់គាត់ចំពោះនាងអេវ៉ាខ្លាំងណាស់។ ហើយគាត់បានសម្រេចចិត្តទទួលវាសនាអាក្រក់ជាមួយនាងដោយការខកចិត្តជាទីបំផុត។ គាត់បានពិចារណាថា នាងអេវ៉ាគឺជាចំណែកនៃខ្លួនរបស់គាត់ ហើយប្រសិនបើនាងត្រូវស្លាប់ គាត់ក៏នឹងត្រូវតែស្លាប់ជាមួយនឹងនាងដែរ ព្រោះគាត់មិនអាចទ្រាំទ្រនឹងការឃ្លាតចេញពីនាងឡើយ។ គាត់ខ្វះជំនឿទៅលើព្រះអាទិករដ៏មានមេត្តាករុណា និងស្លូតបូតរបស់គាត់។ គាត់មិនបានគិតថាព្រះដែលបានសូនគាត់ពីធូលីដីមកឱ្យកើតជាមនុស្សរស់ដែលមានរូបរាងយ៉ាងស្អាត ហើយបានបង្កើតនាងអេវ៉ាជាដៃគូរបស់គាត់ ទ្រង់អាចនឹងប្រទាននាងម្នាក់ទៀតដល់គាត់បានទេ។ ជាពិសេស តើពាក្យសំដីរបស់សត្វពស់នេះអាចពិតដែរឬទេ? នៅចំពោះមុខគាត់ នាងអេវ៉ាជានារីដ៏ស្រស់ស្អាតគួរជាទីស្រឡាញ់ ហើយមើលទៅដូចជាគ្មានទោសអ្វីសោះ ដូចជាពេលមុនដែលនាងមិនស្តាប់បង្គាប់ដែរ។ ដោយសារលទ្ធផលរបស់ឥទ្ធិពលនៃការបរិភោគផ្លែឈើនោះ នាងបានបញ្ចេញសេចក្តីស្រឡាញ់ចំពោះគាត់ធំជាងខ្លាំងជាងមុនការមិនស្តាប់បង្គាប់របស់នាង។ នាងមិនបានឃើញមានសញ្ញានៃសេចក្តីស្លាប់ណាមួយឡើយ។ នាងបានប្រាប់អ័ដាមពីឥទ្ធិពលដ៏សប្បាយរីករាយនៃផ្លែឈើនោះ អំពីសេចក្តីស្រឡាញ់ដ៏ខ្លាំងក្លារបស់នាង ហើយគាត់ក៏សម្រេចចិត្តទទួលលទ្ធផលនោះដោយក្លាហាន។ គាត់បានទទួលយកផ្លែឈើនោះ ហើយបរិភោគយ៉ាងរហ័សក៏ដូចជានាងអេវ៉ាដែរ គាត់បានដឹងថា មិនមានជំងឺអ្វីកើតឡើងដល់គាត់ភ្លាមៗនោះឡើយ។
ខនាងអេវ៉ាបានគិតខ្លួនឯងអំពីលទ្ធភាពនៃការដឹងខុសនិងត្រូវ។ សេចក្តីសង្ឃឹមនៃការមានចំណេះដឹងដ៏ខ្ពស់ដែលសាតាំងបានបញ្ចើចបញ្ចើ នាំនាងឱ្យគិតថាសត្វពស់គឺជាមិត្តដ៏ពិសេសរបស់នាងគួរជាទីពេញចិត្ត។ ប្រសិនបើនាងបានទៅរកប្តីរបស់នាង ហើយគេទាំងពីរនាក់បានតំណាលរឿងនោះទូលដល់ព្រះរបស់គេនូវពាក្យពេចន៍របស់សត្វពស់ នោះពួកគេនឹងត្រូវបានរំដោះពីសេចក្តីល្បួងដ៏ប៉ិនប្រសប់នោះភ្លាមមួយរំពេច។ ព្រះមិនបានឱ្យពួកគេទៅមើលផ្លែដឹងខុសត្រូវនោះទេ ដ្បិតពេលនោះគេនឹងបានឃើញមុខមាត់ក្លែងក្លាយរបស់សាតាំង។ ព្រះអង្គទ្រង់ជ្រាបថា ប្រសិនបើពួកគេមិនបានប៉ះពាល់ផ្លែដឹងខុសត្រូវនោះទេ នោះនឹងមិនមានរឿងអាក្រក់កើតឡើងដល់ពួកគេឡើយ។
អំណានព្រះគម្ពីរពេលល្ងាច៖ សុភាសិត ១៖១-១៩
ខចងចាំ៖ ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង ។ សុភាសិត ៣:៥-៦