ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ តែបើសិនជាឯងរាល់គ្នាមិនគាប់ចិត្តនឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាទេ នោះចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកអយ្យកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ។ យ៉ូស្វេ ២៤:១៥
អំណានប្រចាំថ្ងៃ៖ សេរីភាពនៃការជ្រើសរើសរបស់មនុស្ស
ព្រះទ្រង់មានបន្ទូលប្រាប់ដល់ឪពុកម្តាយដើមដំបូងរបស់យើងទាក់ទងនឹងដើមដឹងខុសត្រូវ ហើយព្រះអង្គទ្រង់បានប្រាប់គេយ៉ាងច្បាស់អំពីសាតាំងដែលបានធ្លាក់ចុះ និងពីគ្រោះថ្នាក់នៃការស្តាប់តាមការឱ្យយោបល់របស់វា។ ទ្រង់មិនបានដកហូតអំណាចនៃការបរិភោគផ្លែឈើដែលទ្រង់បានហាមឃាត់នោះចេញពីពួកគេទេ។ ទ្រង់ទុកឱ្យគេមានសេរីភាពជាភ្នាក់ងារខាងសីលធម៌អាចជឿលើព្រះបន្ទូលរបស់ទ្រង់ គោរពបញ្ញត្តិរបស់ទ្រង់ ហើយរស់នៅក៏បាន ឬក៏ជឿតាមមេល្បួង មិនស្តាប់បង្គាប់ទ្រង់ ហើយត្រូវស្លាប់ក៏បាន។ ពួកគេទាំងពីរនាក់បានបរិភោគផ្លែឈើនោះ ហើយប្រាជ្ញាដ៏ធំដែលពួកគេបានទទួលនោះ គឺចំណេះដឹងនៃអំពើបាប និងការដឹងពីភាពមានទោសរបស់គេ។ ពន្លឺដែលគ្របបាំងពួកគេក៏បានរលាយបាត់ភ្លាមមួយរំពេច។ ពួកគេដឹងពីពិរុទ្ធភាពនិងការបាត់បង់ពន្លឺដែលគ្របបាំងរបស់គេ ការញាប់ញ័របានគ្របដណ្តប់លើពួកគេ ហើយគេខំបិទបាំងខ្លួនប្រាណរបស់គេ។
ឪពុកម្តាយដើមដំបូងរបស់យើងបានសម្រេចចិត្តជឿតាមពាក្យសំដីរបស់សត្វពស់ តាមតែចិត្តរបស់គេដែលវាមិនបានផ្តល់និមិត្តសញ្ញានៃសេចក្តីស្រឡាញ់របស់វាដល់ពួកគេសោះឡើយ។ វាមិនបានធ្វើជាប្រយោជន៍និងជាសេចក្តីសប្បាយដល់គេទាល់តែសោះនៅពេលដែលព្រះបានប្រទានអ្វីៗគ្រប់បែបយ៉ាងដល់គេសម្រាប់ជាអាហារ និងសម្រាប់ទស្សនាកម្សាន្តសប្បាយនោះ។ នៅគ្រប់ទីកន្លែងដែលក្រសែភ្នែកគេចោលទៅដល់ គេឃើញតែភាពសំបូរសប្បាយនិងសោភណភាពដ៏ស្រស់ត្រកាល តែនាងអេវ៉ានៅតែចាញ់ល្បួងសត្វពស់ឱ្យគិតថានៅមានអ្វីម៉្យាងទៀតដែលព្រះបានដកហូតចេញពីពួកគេដែលធ្វើឱ្យគេមានប្រាជ្ញារហូតដល់ទៅស្មើនឹងព្រះ នាងមិនទុកចិត្តលើសេចក្តីល្អរបស់ព្រះ ទាំងងងឹតងងល់ ហើយបែរជារីករាយនឹងពាក្យសំដីរបស់ពស់ទៅវិញ។
បន្ទាប់ពីលោកអ័ដាមបានល្មើសនឹងបញ្ញត្តិមក គាត់នឹកភ្នកក្នុងចិត្តថា គាត់ដឹងថាមានចំណេះដឹងថ្មីនិងខ្ពស់ជាងមុនកើតឡើង។ ប៉ុន្តែ រំពេចនោះគំនិតនៃការល្មើសច្បាប់បានធ្វើឱ្យគាត់ភ័យខ្លាចធាតុអាកាសនិងសីតុណ្ហភាពដែលធ្លាប់តែមិនត្រជាក់ពេកមិនក្តៅពេក ឥឡូវនេះប្រែជាធ្វើឱ្យពួកគេរងាញ័រញាក់។ គូស្រករដែលមានទោសមួយគូនេះដឹងថាខ្លួនមានបាប។ គេបានដឹងពីអនាគតដ៏គួឱ្យភ័យខ្លាច គេចេះចង់បានហើយគេដឹងថាខ្លួនគេនៅអាក្រាត។ សេចក្តីស្រឡាញ់ដ៏ផ្អែមល្ហែម សេចក្តីសុខសាន្តនិងសប្បាយរីករាយដែលជាសុភមង្គលដ៏ជាទីពេញចិត្តបានរលាយសាបសូន្យអស់ពីពួកគេ ហើយចំណង់ចង់បានអ្វីមួយដែលគេមិនធ្លាប់មានសោះកាលពីមុនមកក៏បានចូលមកជំនួសនៅក្នុងចិត្តគេវិញ។
អំណានព្រះគម្ពីរពេលល្ងាច៖ សុភាសិត ២៖១-១៥
ខចងចាំ៖ ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង ។ សុភាសិត ៣:៥-៦