ថ្ងៃសៅរ៍ ទី២៧​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០៤-ត


អំណានព្រះគម្ពីរពេលព្រឹក៖ គឺ​ជា​អំពើ​ទុច្ចរិត​របស់​ឯង​រាល់​គ្នា ដែល​បាន​ខណ្ឌ​ជា​កណ្តាល​ឯង ហើយ​នឹង​ព្រះ​នៃ​ឯង​ទេ​តើ ហើយ​អំពើ​បាប​របស់​ឯង​រាល់​គ្នា​បាន​បាំង​ព្រះភក្ត្រ​ទ្រង់​មិន​ឲ្យ​ឯង​ឃើញ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​មិន​ព្រម​ស្តាប់​ទេ។ អេសាយ​​ ៥៩:២

អំណានប្រចាំថ្ងៃ៖ បណ្តាសា

រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានបន្ទូលទៅពស់ថា «ដោយព្រោះ​ឯង​បានធ្វើដូច្នេះ នោះនៅក្នុងអស់ទាំងពួកសត្វស្រុកសត្វព្រៃ ឯងជាសត្វ​ត្រូវ​បណ្តាសាហើយ គឺឯងត្រូវលូ​នតែនឹងពោះ ហើយត្រូវស៊ីធូលីដីអស់១ជីវិត»។ ពស់ជាសត្វដែលព្រះបានលើកតម្កើងខ្ពស់លើសអស់ទាំងសត្វនានា ឥឡូវ​នេះបានបន្ទាបមកទាបជាងគេបំផុតវិញ ហើយត្រូវបានមនុស្សស្អប់ខ្ពើមផង ចាប់តាំងពីវាបានធ្វើជាភ្នាក់ងាររបស់សាតាំងមក។ «រួចទ្រង់ក៏មានបន្ទូល​ទៅអ័ដាមថា ដោយព្រោះឯងបានស្តាប់តាមប្រពន្ធឯង ហើយស៊ីផ្លែឈើនោះដែលអញបានហាមមិនឱ្យស៊ីឡើយ នោះដីត្រូវ​បណ្តាសា ដោយព្រោះឯង ឯង​ត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត ដីនឹងដុះជាបន្លាហើយនិង​​អញ្ចាញ​ឱ្យឯង ឯងត្រូវស៊ីអស់តិណជាតិដែលដុះនៅស្រែចំការ ឯងនឹងបាន​អាហារស៊ីដោយការបែកញើសដរាបដល់ឯងត្រឡប់​ទៅជា​ដី​វិញ ពីព្រោះ​អញ​​បានយកឯងពីដីមក ដ្បិតឯងជាធូលីក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។

ព្រះបានដាក់បណ្តាសាដល់ដី ពីព្រោះអំពើបាបរបស់គេទាំងពីរនាក់ដែលបានបរិភោគផ្លែដឹងខុសត្រូវ។ ហើយមានបន្ទូលថា «ឯងត្រូវរកស៊ីពីដីដោយនឿយហត់អស់១ជីវិត»។ ព្រះទ្រង់បានប្រទានអ្វីៗគ្រប់យ៉ាងសុទ្ធតែ​ល្អដល់ពួកគេ តែឥឡូវនេះបែរជាលាយឡំជាមួយនឹងការអាក្រក់វិញ។ ឥឡូវ​នេះ​ទ្រង់បានប្រកាសថា ពួកគេត្រូវស៊ី (ផល) ពីដីមានន័យថា ពួកគេត្រូវតែនៅជាមួយនឹងអំពើបាបអស់មួយជីវិតគេ។

អំណានព្រះគម្ពីរពេលល្ងាច៖ ទំនុកតម្កើង ជំពូក​៤២

ខចងចាំ៖​​ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំរង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង ។ សុភាសិត ៣:៥-៦

Powered by CAM