ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ដូច្នេះ ដែលបាបបានចូលមកក្នុងលោកីយ៍ ដោយសារមនុស្សតែម្នាក់ ហើយក៏មានសេចក្តីស្លាប់ចូលមកដែរ ដោយសារអំពើបាបនោះជាយ៉ាងណា នោះសេចក្តីស្លាប់បានឆ្លងរាលដាល ដល់មនុស្សគ្រប់គ្នាយ៉ាងនោះដែរ ដ្បិតគ្រប់គ្នាបានធ្វើបាបហើយ។ រ៉ូម ៥:១២
អំណានប្រចាំថ្ងៃ៖ ការកាត់ទោសដល់ស្លាប់
ពូជមនុស្សត្រូវបានទទួលការឈឺចាប់ដោយសេចក្តីល្បួងរបស់សាតាំង ចាប់ពីពេលនោះមក។ ជីវិតដែលត្រូវពុះពារនឹងការងារដ៏ធ្ងន់ធ្ងរយ៉ាងនឿយហត់ជានិច្ចត្រូវបានធ្លាក់មកលើអ័ដាមជំនួសឱ្យការងារដ៏រីករាយដែលគាត់ធ្លាប់មានពីមុនរហូតមក។ ពួកគេត្រូវក្លាយជាទាសករនៃការខកចិត្ត ទុក្ខព្រួយនិងការឈឺចាប់ហើយទីបំផុតដល់ដំណាក់កាលដែលមិនអាចដោះស្រាយបាន។ ពួកគេត្រូវបានព្រះបង្កើតឡើងពីធូលីដីមកហើយក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ។
ព្រះបានមានបន្ទូលប្រាប់ពួកគេថា ពួកគេត្រូវតែចាកចេញពីសួនច្បារអេដែនដែលជាលំនៅរបស់ពួកគេ។ ពួកគេបានចាញ់បោកសាតាំង ហើយជឿតាមពាក្យសំដីរបស់វាថាព្រះមានបន្ទូលកុហក។ ដោយសារការល្មើសនឹងច្បាប់របស់ពួកគេ ពួកគេបានបើកផ្លូវឱ្យសាតាំងចូលទៅកាន់ពួកគេយ៉ាងងាយ ហើយព្រះមិនអាចទុកគេឱ្យនៅក្នុងសួនច្បារអេដែនតទៅទៀតបានឡើយ ដ្បិតគេនឹងអាចចូលទៅកាន់ដើមជីវិតហើយបេះផ្លែពីដើមនោះ រួចរស់នៅជាមនុស្សមានបាបរហូតតទៅ។ ពួកគេអង្វរករសុំរស់នៅទីនោះតទៅទៀត ទោះបីជាគេដឹងថាគេបានបាត់បង់សិទ្ធិរស់នៅក្នុងសួនច្បារអេដែននោះហើយក៏ដោយ។ ពួកគេបានសន្យាថាទៅថ្ងៃមុខ គេនឹងស្តាប់បង្គាប់ព្រះទាំងស្រុង។ គេបានដឹងយ៉ាងច្បាស់ថា ការធ្លាក់ចុះពីភាពគ្មានទោសទៅជាភាពមានទោសរបស់គេ គេមិនអាចទទួលកម្លាំងវិញទេ តែគេត្រូវទទួលនូវភាពកម្សោយយ៉ាងធំទៅវិញ។ គេមិនបានរក្សាទុកនូវសេចក្តីសុចរិតរបស់គេ កាលពីគេនៅជាមនុស្សបរិសុទ្ធ និងជាអ្នកគ្មានទោសដ៏សប្បាយនោះទេ ហើយគេមិនមានកម្លាំងគ្រប់គ្រាន់ ដើម្បីនឹងទប់ទល់ជាមួយនឹងសេចក្តីល្បួងរបស់អារក្សទេ អំពើបាបបានសោយរាជ្យលើចិត្តគេរហូតហើយ។ ពួកគេយំថ្ងូរ ទង្គឹះខ្សឹកខ្សួលដោយការស្តាយក្រោយ។ ឥឡូវនេះគេដឹងថាលទ្ធផលនៃអំពើបាបគឺសេចក្តីស្លាប់។
ព្រះបានត្រាស់បង្គាប់ឱ្យពួកទេវតាចាំយាមផ្លូវចូលទៅកាន់ដើមជីវិត។ វាគឺជាផែនការដែលបានគិតគូរយ៉ាងល្អិតល្អន់របស់សាតាំងដែលធ្វើឱ្យអ័ដាមនិងអេវ៉ាមិនស្តាប់បង្គាប់ព្រះ ទទួលការមិនសព្វព្រះហឫទ័យពីព្រះ ហើយបន្ទាប់មកចាកចេញពីដើមជីវិត ហើយរស់នៅជាមនុស្សមានបាបអស់មួយជីវិត។ ប៉ុន្តែ ព្រះបានបញ្ជូនទេវតាបរិសុទ្ធឱ្យទៅរារាំងផ្លូវចូលទៅកាន់ដើមជីវិត។ នៅជុំវិញទេវតាទាំងនោះ មានពន្លឺរស្មីចាំងព័ទ្ធជុំវិញបង្កើតបានជាដាវភ្លើងគ្រប់ទិស។
អំណានព្រះគម្ពីរពេលល្ងាច៖ សាស្តា ៩៖១-១០
ខចងចាំ៖ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ៦:២៣