ថ្ងៃច័ន្ទ ទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ (ជំពូកទី-០៥)​

ផែនការនៃសេចក្តីសង្គ្រោះ


អំណានព្រះគម្ពីរពេលព្រឹក៖ ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ រ៉ូម ៦:២៣

អំណានប្រចាំថ្ងៃ

សេចក្តីទុក្ខព្រួយបានកើតមានពេញស្ថានសួគ៌ ពេលដែលគេបានដឹងថាមនុស្សត្រូវបានបាត់បង់ហើយពិភពលោកដែលព្រះបានបង្កើតត្រូវបានបំពេញដោយសេចក្តីស្លាប់ ត្រូវផ្តន្ទាដោយ​សេចក្តីវេទនា ជំងឺតម្កាត់ ហើយអ្នកដែលមិនពេញចិត្តនឹងសេចក្តីទាំងនេះមិនអាចគេចវេះបានឡើយ។ គ្រួសារលោកអ័ដាមទាំងមូលត្រូវតែស្លាប់។ ខ្ញុំបានឃើញព្រះយេស៊ូវ​ជា​ទី​ស្រឡាញ់ និងឃើញមានការបង្ហាញពីការអាណិតអាសូរនិងការសោកស្តាយ នៅនឹងព្រះភ័ក្ត្ររបស់ទ្រង់។ រំពេចនោះ ខ្ញុំបានឃើញទ្រង់យាងចូលទៅជិតពន្លឺដ៏ភ្លឺក្រៃលែងដែលហ៊ុំព័ទ្ធព្រះវរបិតា។ ទេវតាដែលមកជា​មួយ​ខ្ញុំ​បាន​ប្រាប់​ថា ព្រះអង្គកំពុងតែមានបន្ទូលយ៉ាងជិតស្និទ្ធជាមួយព្រះវរបិតាទ្រង់។ ការថប់​​បារម្ភរបស់ពួកទេវតាទាំងឡាយ ហាក់បីដូចជាកើនខ្លាំងឡើងៗ នៅពេលដែលព្រះយេស៊ូវកំពុងតែទាក់ទង​ជា​មួយ​ព្រះវរបិតា។ ព្រះអង្គត្រូវបានបិទបាំងដោយសិរីល្អរបស់ព្រះវរបិតាបីដង ហើយលើកទីបី ព្រះអង្គ​បានចេញពី​ព្រះវរបិតាមកគេអាចមើលព្រះកាយរបស់ទ្រង់ឃើញ។ព្រះភ័ក្ត្ររបស់ព្រះអង្គស្ងប់ស្ងៀម​ដូចជារួចផុតពីភាពអល់ឯក និងបញ្ហាទាំងឡាយព្រម​ទាំង​មានចែងចាំង ដោយព្រះទ័យមេត្តានិងសេចក្តីស្រឡាញ់ដែលមិនអាចពណ៌នាបាន។

បន្ទាប់មក ទ្រង់បានប្រាប់ដល់ពពួកទេវតាឱ្យដឹងថា ផ្លូវនៃ​ការរំដោះ​ខ្លួនត្រូវបានបង្កើតឡើងសម្រាប់មនុស្សហើយ។ ព្រះអង្គបានប្រាប់ដល់​ពួក​ទេវតាថា ទ្រង់បានអង្វរករព្រះវរបិតា ហើយ​បានលះបង់ព្រះជន្ម​របស់​ទ្រង់​ជាថ្លៃលោះ ហើយទទួលទោសដល់ស្លាប់នោះមកដាក់លើអង្គទ្រង់ដែល​ដោយសារព្រះអង្គ មនុស្សអាចរកឃើញការអត់ឱនទោស។ គឺតាមរយៈ​តម្លៃ​នៃព្រះលោហិត និងការស្តាប់បង្គាប់តាមបញ្ញត្តិរបស់ព្រះ គេអាចមានការគាប់ព្រះហឫទ័យរបស់ព្រះ ហើយត្រូវបាននាំត្រឡប់មកកាន់សួនច្បារដ៏ល្អនិងបរិភោគផ្លែនៃដើមជីវិតវិញ។

អំណានព្រះគម្ពីរពេលល្ងាច៖​ រ៉ូម ៨៖២៦-៣៩

ខចងចាំ៖​​ ​ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ រ៉ូម ៦:២៣

Powered by CAM