ថ្ងៃពុធ ទី០៣​ ខែវិច្ឆិកា ឆ្នាំ២០២១

រឿងនៃការប្រោសលោះ ជំពូកទី០១-ត


អំណានព្រះគម្ពីរពេលព្រឹក៖ «ឯ​សេចក្តី​រឹងទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​ការ​មន្តវិជ្ជា​ដែរ ហើយ​សេចក្តី​ចចេស​សោត ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ»។សាំយូអែលទី១ ១៥:២៣

អំណានប្រចាំថ្ងៃ៖ ការបះបោរ​ និងការប្រឆាំង

មានការមិនចុះសម្រុងគ្នាក្នុងចំណោមទេវតាទាំងឡាយ។ លុយស៊ីហ្វ័រនិងពួកអ្នកគាំទ្រវាបានខិតខំយ៉ាងខ្លាំង ដើម្បីកែទម្រង់ការគ្រប់គ្រងរបស់ព្រះ។ ពួកវាមានចិត្តទោមនស្ស និងមិនសប្បាយឡើយ ព្រោះគេមិនអាចសម្លឹងមើលទៅឯព្រះតម្រិះដ៏ជ្រៅរបស់ព្រះ ក្នុងការលើកតម្កើងព្រះរាជបុត្រារបស់ទ្រង់ និងការថ្វាយដល់ទ្រង់នូវព្រះចេស្តានៃការគ្រប់គ្រងលើចក្រវាលនេះ។ ពួកវាក៏បានបះបោរប្រឆាំងទាស់នឹងអំណាចគ្រប់គ្រងរបស់ព្រះរាជបុត្រា។ ​​​​​​​​​​​​​ ទេវតាទាំងឡាយដែលមានភក្តីភាពនិងស្មោះត្រង់បានខំប្រឹងប្រែងផ្សះផ្សា​ទេវតាដែលមានអំណាចដ៏អស្ចារ្យនេះជាមួយនឹងព្រះអាទិករវិញ។ ពួកទេវតាទាំងនោះបានបង្ហាញពីហេតុផលដ៏ត្រឹមត្រូវស្តីពីការដែល​ព្រះ​បានប្រទានអំណាចទាំងស្រុងដល់ព្រះគ្រីស្ទ ព្រមទាំងបានបញ្ជាក់ហេតុផលច្បាស់លាស់ ដើម្បីទាញលុយស៊ីហ្វ័រឱ្យត្រឡប់មកវិញ ដោយពន្យល់ថា ឥឡូវនេះវាក៏មាន​ អំណាចមិនតិចជាងមុនពេលដែលព្រះវរបិតាបានប្រគល់ព្រះចេស្តា​ដល់ព្រះរាជបុត្រារបស់ទ្រង់នោះដែរ។ ពួកទេវតាបានប្រកាសឱ្យដឹងយ៉ាងច្បាស់ថាព្រះគ្រីស្ទជាព្រះរាជបុត្រារបស់ព្រះ ដែលទ្រង់គង់នៅតាំងពីមុនពួកទេវតាត្រូវបានបង្កើតទ្បើងមកម៉្លេះ ហើយទ្រង់គង់នៅ​ខាងស្តាំ​ព្រះវរបិតា ជារៀង​រហូតមក ហេតុដូច្នេះហើយបានជាមិនត្រូវសង្ស័យពីអំណាចគ្រប់គ្រងដ៏ស្លូតបូតគួរជាទីស្រឡាញ់របស់ទ្រង់ឡើយ ហើយថា ទ្រង់មិនបានប្រើអំណាចនោះដើម្បីត្រួតត្រាលើពួកទេវតាទេ ប៉ុន្តែ អំណាចទាំងនោះ គឺជាអំណរដ៏អស្ចារ្យសម្រាប់ពួកពលបរិវារ ដើម្បី​ប្រតិបត្តិតាម។ ពួកទេវតាបានបញ្ជាក់​បន្ថែមថា ការដែលព្រះគ្រីស្ទ​ទទួលការលើកតម្កើងជាពិសេសពីព្រះវរបិតា នៅចំពោះវត្តមានរបស់​ពួកទេវតា​នោះ មិនបានធ្វើឱ្យកិត្តិយសរបស់លុយស៊ីហ្វ័រ ដែលធ្លាប់មានពីមុនមក​នោះ​ថយចុះឡើយ។ ពួកទេវតាបានយំសោក។ ពួកលោកបានខំប្រឹងប្រែងដោយអន្ទះសាដើម្បីឱ្យវាបោះបង់គំនិតអាក្រ់របស់វា ហើយបែរមកចុះចូលជាមួយនឹងព្រះដែលជាអ្នកបង្កើតវាវិញ ដ្បិតពីមុន​មកអ្វីៗទាំងអស់ធ្លាប់តែមានសន្តិភាព​​ និងភាពសុខដុមរមនាយ៉ាងល្អ ហើយតើអ្វីទៅដែលបណ្តាលឱ្យមានសំឡេងនៃការខ្វែងគំនិតគ្នាដែលនាំឱ្យមានការប្រឆាំងបះបោរ​ដូច្នេះ?​

អំណានព្រះគម្ពីរពេលល្ងាច៖ ​ទំនុកតម្កើង ជំពូក​១

ខចងចាំ៖​​ ​ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង ។ ចោទិយកថា ៦:៥

Powered by CAM