ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
អំណានព្រះគម្ពីរពេលព្រឹក៖ ព្រះយេហូវ៉ាទ្រង់បានលេចមកឲ្យខ្ញុំឃើញកាលពីដើម ដោយព្រះបន្ទូលថា អើ អញបានស្រឡាញ់ឯង ដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កល្ប ហេតុនេះបានជាអញទាញនាំឯងមក ដោយសេចក្តីសប្បុរស។ យេរេមា៣១:៣
អំណានប្រចាំថ្ងៃ៖ មានផ្លូវនៃសេចក្តីសង្រ្គោះតែមួយគត់
ដំបូងឡើយ ទេវតាមិនមានភាពរីករាយឡើយព្រោះមេ (ព្រះយេស៊ូវ) របស់លោកមិនបានពិភាក្សាអ្វីជាមួយគេសោះ តែបានបើកបង្ហាញដល់លោកនូវផែនការនៃសេចក្តីសង្គ្រោះទៅវិញ។ ព្រះយេស៊ូវបានប្រាប់ដល់ពួកទេវតាថា ព្រះអង្គនឹងគង់នៅចន្លោះសេចក្តីក្រោធរបស់ព្រះវរបិតានិងមនុស្សដែលមានទោសដែលទ្រង់អាចទទួលការទុច្ចរិត និងការប្រមាថ ប៉ុន្តែ មានមនុស្សមួយចំនួនតូចនឹងទទួលទ្រង់ជាព្រះរាជបុត្រារបស់ព្រះ។ មនុស្សសឹងតែទាំងអស់នឹងស្អប់ទ្រង់ហើយបដិសេធទ្រង់។ ព្រះអង្គនឹងលះចោលសិរីល្អទាំងអស់របស់ទ្រង់នៅស្ថានសួគ៌យាងមកផែនដីដោយបន្ទាបអង្គទ្រង់ជាមនុស្ស ទទួលសេចក្តីល្បួងទាំងឡាយដែលនឹងវាយប្រហារទៅលើព្រះអង្គឥតឈប់ឈរដូចជាមនុស្សដែរ ដើម្បីឱ្យទ្រង់អាចជ្រាបនូវវិធីជួយដល់អ្នកដែលត្រូវល្បួង ហើយទីបំផុត បន្ទាប់ពីបេសកកម្មជាគ្រូរបស់ទ្រង់ត្រូវបានសម្រេចមកទ្រង់ត្រូវធ្លាក់ទៅក្នុងដៃមនុស្ស ហើយទទួលរងទ្រាំនូវអំពើឃោរឃៅ និងការឈឺចាប់យ៉ាងខ្លាំងដែលសាតាំងនិងទេវតារបស់វា បណ្តាលឱ្យមនុស្សកំណាចធ្វើទៅលើទ្រង់ឱ្យត្រូវសុគតយ៉ាងឃោរឃៅបំផុត គឺព្យួរនៅចន្លោះស្ថានសួគ៌និងផែនដី ដូចជាមនុស្សមានបាបដែលមានទោសដែរ ទ្រង់ត្រូវរងនូវការឈឺចាប់ដ៏គួរឱ្យភ័យខ្លាច ដែលសូម្បីតែទេវតាក៏មិនអាចសម្លឹងមើលឱ្យចំដែរ ហើយបែរជាបានងាកព្រះភ័ក្ត្រចេញពីទស្សនីយភាពនោះទៅវិញ។ ទ្រង់មិនមែនត្រូវរងទ្រាំត្រឹមតែការឈឺចាប់ខាងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែ គឺការឈឺចាប់ខាងផ្លូវចិត្តទៀតផងដែលមានទម្ងន់ធ្ងន់ជាងការឈឺចាប់ខាងរាងកាយ មិនអាចប្រៀបផ្ទឹមបានឡើយ។ ទម្ងន់នៃអំពើបាបលើលោកិយទាំងមូលស្ថិតនៅលើទ្រង់។ ទ្រង់បានប្រាប់ពួកគេថា ទ្រង់នឹងត្រូវសុគតហើយមានព្រះជន្មរស់ឡើងវិញនៅថ្ងៃទី៣ រួចទ្រង់នឹងឡើងទៅឯព្រះវរបិតា ដើម្បីទូលអង្វរនូវអំពើបាបរបស់មនុស្សមានទោសដែលមានះរឹងរូស។
ទេវតាបានក្រាបថ្វាយបង្គំនៅចំពោះទ្រង់។ ទេវតាទាំងនោះសុខចិត្តលះបង់ជីវិតរបស់លោក។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកទេវតាថា ទ្រង់ត្រូវតែសុគតដើម្បីសង្គ្រោះមនុស្សជាច្រើន ដ្បិតព្រះជន្មរបស់ទេវតាមិនអាចសងបំណុលនោះរួចទេ។ មានតែព្រះជន្មរបស់ព្រះអង្គមួយគត់ដែលព្រះវរបិតាទទួលជាថ្លៃលោះរបស់មនុស្ស។
អំណានព្រះគម្ពីរពេលល្ងាច៖ អេសាយ ជំពូក៥៣
ខចងចាំ៖ ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា។ រ៉ូម ៦:២៣